ខួរក្បាលអន់ថយ
ជាមនុស្សមិនមែនសត្វ មានខួរក្បាលគិតពិចារណារកខុសត្រូវ មានសមត្ថភាព ពោរពេញដោយសក្តានុពលនឹកស្មានមិនដល់។ ការចម្លងយកស្នាដៃរបស់អ្នកដទៃក្នុងសម័យនេះប្រៀបដូចជាជំងឺមហារីក ប្រៀបដូចជាថ្នាំញៀនដែលអ្នកកាន់តែសេព កាន់តែធ្វើឲ្យអ្នកវង្វែង បាត់បង់ស្មារតី ការគិតត្រិះរិះពិចារណា។
ការចម្លងវាស្រួលជាងគិតហើយធ្វើ គិតហើយសរសេរ ដូច្នេះហើយទើបធ្វើឲ្យមនុស្សចូលចិត្តលួចចម្លងយកស្នាដៃរបស់អ្នកដទៃ បើទោះបីជាពេលខ្លះដឹងដែរថាមិនល្អ ដឹងថាខុសក៏ដោយ ក៏នៅតែក្បត់ឧត្តមគតិ ក្បត់បេះដូង ដើម្បីបំពេញខួរក្បាលឥតបានការរបស់ខ្លួន។ រវល់តែចម្លង នោះអ្នកគ្មានពេលគិត បញ្ចេញគំនិត ដឹកនាំគំនិតរបស់អ្នកនោះទេ ដូចនេះចំណេះដឹង បទពិសោធន៍របស់អ្នកតឿ គ្មានថ្ងៃរីកលូតលាស់ រីកចម្រើនឡើយ។ ទង្វើបែបនេះហើយដែលហៅថាមនុស្សខួរក្បាលអន់ថយ ដែលខុសឆ្ងាយពីខួរក្បាលរីកចម្រើន។ មិនខុសពីលោក Ralph Waldo Emerson បានមានប្រសាសន៍ថា៖ «ការធ្វើតាមគេឬចម្លងគេ គឺជាការធ្វើអត្តឃាតខ្លួនឯង»៕
ដោយ៖ លង់ វណ្ណៈ