តើថៃគួរចាប់ចិនឬអាមរិកក្នុងជម្លោះពាណិជ្ជកម្មរបស់មហាអំណាចទាំងពីរនេះ?​



វិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃក៍ដូចជាវិស័យសេដ្ឋកិច្ចរបស់ប្រទេសដទៃផងដែរគឺទទួលរងការប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាមពាណិជ្ជកម្មរវាងមហាសេដ្ឋកិច្ចទាំងពីរគឺប្រទេសចិននិងសហរដ្ឋអាមេរិក។ ដោយសារតែប្រទេសថៃមានទំនាក់ទំនងជិតដិតជាមួយប្រទេសចិនហើយក៍មានសម្ព័ន្ធមិត្តជិតស្និទ្ធចាក់ទឹកមិនលេចជាមួយអាមេរិក ដូចនេះប្រទេសថៃត្រូវតែមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តលើការគាំទ្រភាគីណាមួយរវាងប្រទេសមហាសេដ្ឋកិច្ចទាំងពីរនេះ។

ទោះបីជាបច្ចុប្បន្នសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងតែឈានទៅរកសភាពស្ងប់ស្ងាត់ពិតមែនក៍ដោយ ប៉ុន្តែបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃដែលរងសម្ពាធពីគំនាបសង្គ្រាមមួយនេះនៅតែមិនទាន់រកដំណោះស្រាយបានរួមទាំងបញ្ហាវិធានការបរទេសផងដែរ។

តួរយ៉ាង សង្គ្រាមតម្លើងពន្ធដាររវាងប្រទេសចិននិងសហរដ្ឋអាមេរិកបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការនាំចេញរបស់ប្រទេសថៃ។ តាមរបាយការណ៍របស់ Eurostat ដែលជាការិយាល័យទន្និន័យរបស់សហព័ន្ធអ៊ឺរ៉ុបបានឲ្យដឹងថាផលិតផលគ្រឿងយាន្តយន្តរបស់ចិនដែលនាំចេញទៅក្នុងតំបន់អ៊ឺរ៉ុបមានការកើនឡើងជាង ១០.៨ ភាគរយក្នុងឆ្នាំ ២០១៨ ប៉ុន្តែការនាំចេញរបស់ថៃនៃផលិតផលដូចគ្នានេះដែរមានការធ្លាក់ចុះជាខ្លាំងរហូតដល់ទៅ ១០.២ ភាគរយឯនោះ។

ជាមួយនឹងគំនាបសង្គ្រាមពាណិជ្ជកម្មនិងការប្រែប្រួលនៃបរិយាកាសនយោបាយ ពាណិជ្ជកម្មពិភពលោកមានការរងផលប៉ះពាល់ជាខ្លាំង។ ក្រៅពីមានការផលប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃ សង្គ្រាមពាណិជ្ជកម្មនេះក៍បានធ្វើឲ្យប្រទេសមហាសេដ្ឋកិច្ចទាំងពីរបានបាត់បង់ទ្រនំទីផ្សារពាណិជ្ជកម្មចាស់ៗមួយភាគធំដែលជំរុញឲ្យពួកគេត្រូវស្វះស្វែងរកទីផ្សារថ្មីដូចជាក្នុងតំបន់អ៊ឺរុបជាដើមដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ចរបស់ខ្លួនអោយបន្តដំណើរការទៅមុខហើយពួកគេក៍ត្រូវតែធ្វើការកំណត់នូវតម្លៃទីផ្សារថ្មីដើម្បីទាក់ទាញដៃគូរពាណិជ្ជកម្មទាំងនោះដែលកត្តានេះធ្វើអោយពួកគេស្ថិតនៅក្នុងការប្រកួតប្រជែងយ៉ាងខ្លាំងលើសមរភូមិពាណិជ្ជកម្មមួយនេះ។

 

មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនចិនមួយចំនួនធំបានរត់ចោលប្រទំចាស់របស់ខ្លួនហើយបានមើលឃើញពីឱកាសថ្មីដែលខ្លួនអាចឈោងចាប់បានក្នុងបណ្ដាប្រទេសផ្សេងទៀតដូចជាក្នុងប្រទេសថៃជាដើម។ ដំណាក់កាលដំបូងរបស់ក្រុមហ៊ុនចិន គឺក្រុមហ៊ុនទាំងនេះគ្រោងវាយលុកក្ដោបក្ដាប់តំបន់អាស៊ីអាគ្នេយ៍ដែលអាចអោយក្រុមហ៊ុនទាំងនេះប្រមូលផ្ដុំអតិថិជនបានជាង ៦៤០ លាននាក់។ ដំណាក់កាលទីពីរគឺក្រុមហ៊ុនទាំងនេះអាចនឹងទទួលបានអំណោយផលក្នុងប្រព័ន្ធ Generalized System of Preferences (GSP) របស់អាមេរិកលើមុខផលិតផលខ្លះៗដោយក្នុងប្រព័ន្ធនេះ អាមេរិកបានអនុញ្ញាតិឲ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍមួយចំនួនអាចនាំចូលផលិតផលមួយចំនួនដោយមិនគិតពន្ធដារ។ ដូចនេះក្រុមហ៊ុនចិនអាចទាញផលប្រយោជន៍ពីប្រព័ន្ធនេះបានដោយធ្វើការពង្រីកមុខជំនួញផលិតិផលទាំងនោះក្នុងប្រទេសថៃនិងសមាជិកប្រទេសផ្សេងទៀតក្នុងប្រព័ន្ធនេះដោយប្រើប្រាស់ធនធានក្នុងបណ្ដាប្រទេសទាំងនោះហើយនាំចេញផលិតផលទាំងនោះទៅលក់នៅអាមេរិក។

ទោះជាយ៉ាងណាក្ដី ការដែលក្រុមហ៊ុនចិនសម្រុកចូលក្នុងប្រទេសថៃដើម្បីវិនិយោគគឺមិនមែនជារឿងអ្វីប្លែកនោះទេដោយសារតែប្រទេសថៃនិងប្រទេសចិនបានមានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរយារណាស់មកហើយដូចជាទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ចនិងយោធាជាដើម។ ប៉ុន្តែប្រទេសថៃក៍មានសម្ព័ន្ធមិត្តស្អិតដូចទឹកឃ្មុំជាមួយប្រទេសអាមេរិកផងដែរហើយថ្មីៗកាលពីឆ្នាំមុនប្រទេសទាំងពីរបានធ្វើពីធីអបអរសាទររំលឹកដល់ទំនាក់ទំនងល្អនៃការទូតរបស់ពួកគេដែលមានក្នុងកំឡុង ២០០ ឆ្នាំមកនេះ។

ហេតុនេះហើយ បញ្ហាដែលប្រទេសថៃកំពុងជួបប្រទះក្នុងពេលនេះគឺកំពុងតែមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឈរនៅខាងណារវាងប្រទេសចិននិងអាមេរិកដែលកំពុងតែមានជម្លោះពាណិជ្ជកម្មជាមួយគ្នា។ អ្វីដែលប្រទេសថៃអាចដោះស្រាយបានក្នុងស្ថានភាពបែបនេះគឺគួរតែឈរនៅកណ្ដាលរវាងភាគីទាំងពីរដើម្បីជៀសវាងការប៉ះពាល់ដល់ចំណងមិត្តភាពរបស់គេជាមួយប្រទេសចិននិងប្រទេសអាមេរិក។ ទោះបីជាប្រទេសថៃសង្កេតឃើញថាប្រទេសចិនកំពុងតែវាយលុកពិភពលោកជាមួយនឹងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ខ្លួនក៍ដោយហើយខ្លួនក៍ជាប្រទេសមួយដែលចិនប្រាថ្នាឲ្យចូលរួមសហការក្នុងគម្រោងនេះក៍ដោយ ប្រទេសថៃត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងការសម្រេចចិត្តលើគម្រោងវិនិយោគទាំងឡាយដែលចិនព្យាយាមស្នើរអោយចូលរួមដើម្បីអនាគតរបស់ប្រទេសខ្លួនក្នុងពេលខាងមុខ។ ជាពិសេសនោះប្រទេសថៃគួរតែទ្រាំឈរនៅកណ្ដាលរវាងភាគីទាំងពីររហូតបញ្ហាជម្លោះពាណិជ្ជកម្មរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនឈានដល់ដំណោះស្រាយច្បាស់លាស់៕

ដោយ៖ នឿន វណ្ណៈ

X
5s