បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក ស្រីលង្ហាចេញច្បាប់ថ្មីមិនឲ្យបិទបាំងផ្ទៃមុខក្នុងទីសាធារណៈ
បន្ទាប់ពីមានការដាក់គ្រាប់បែកបំផ្ទុះកាលពីសប្តាហ៍មុន រដ្ឋាភិបាលប្រទេសស្រីលង្កាបានធ្វើការហាមឃាត់ចំពោះស្រ្តីមិនឲ្យពួកគេប្រើប្រាស់ស្បៃបិទបាំងផ្ទៃមុខទេនៅទីសាធារណៈនោះទេ។ ការផ្លាស់ប្តូរនេះត្រូវបានដាក់ចេញដោយលោកប្រធានាធិបតី Maithripala Sirisena។
ការហាមឃាត់ប្រើប្រាស់ស្បៃគ្របមុខ នេះសម្រាប់តែការគ្របបិទបាំងពេញទាំងផ្ទៃមុខដែលហៅថា niqab ប៉ុណ្ណោះ ទៅលើស្រ្តីក្នុងតំបន់ និងអ្នកដំណើរ អ្នកទេសចរស្រី្តក្នុងប្រទេសស្រីលង្កា។ ប្រជាជនស្រីលង្កាជាច្រើនរួមទាំងប្រជាជនមកពីសហគមន៍ស៊ីហ្កាលីស (Sinhalese) តាមីល (Tamil) និងមូស្លីមបានស្វាគមន៍ការសម្រេចចិត្តរបស់រដ្ឋាភិបាលបន្ទាប់ពីមនុស្ស ២៦៨នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ៤០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះលើព្រះវិហារនិងសណ្ឋាគារនៅកូឡុមបូកាលពីសប្តាហ៍មុន។
ស្រ្តីដែលជាអ្នកកាន់សាសនាមូស្លីមក៏បានយល់ស្របនូវការដាក់ចេញច្បាប់ថ្មីរបស់រដ្ឋាភិបាលដូចគ្នា ហើយពួកគេក៏បានលើកឡើងដែរថា នៅពេលដែលប្រទេសជាតិមានគ្រាអាសន្នស្រ្តីគួរតែចូលរួមចំណែកក្នុងការរក្សាច្បាប់និងសណ្តាប់ធ្នាប់សង្គម។ Rozmin Farhard បានឲ្យដឹងថា អាចនឹងមានស្រ្តីមួយចំនួនតូចក្នុងប្រទេសដែលនឹងរងផលប៉ះពាល់ដោយសារច្បាប់ថ្មីនេះ ដោយសារពួកគេជាអ្នកប្រកាន់ខ្ជាប់នូវប្រពៃណីមួយនេះ សម្រាប់ការបើកស្បៃមុខលើផ្ទៃមុខរបស់គេនៅទីសាធារណៈ។
ដើម្បីរក្សាសន្តិសុខក្នុងប្រទេស សូម្បីការបើកបរម៉ូតូក៏មិនអនុញ្ញាតឲ្យប្រើមួកសុវត្ថិភាព ដែលបិទមុខជិតដែរ។ រដ្ឋាភិបាលបានបញ្ជាក់ថា “យើងដឹងថាច្បាប់នេះប្រាកដជាមានការប៉ះពាល់មួយចំនួន តែនេះវាគ្មានជម្រើសណាប្រសើរជាងនេះឡើយ ដើម្បីលុបបំបាត់ភាពជ្រុលនិយមនិងអំពើភេរវកម្មពីប្រទេសស្រីលង្កាឲ្យបាន។ ប្រធានក្រុមប្រឹក្សាឥស្លាមលោក N. M. Amin បានមានប្រសាសន៍ថា ក្នុងនាមសហគមន៍ម៉ូស្លីមត្រូវតែទទួលយកការសម្រេចចិត្តរបស់ប្រធានាធិបតីដើម្បីជាប្រយោជន៍នៃការរួបរួមជាតិនិងសន្តិសុខ៕
ដោយ៖ យ៉ាយ៉ា