តើក្រុមហ៊ុនដឹកជញ្ជូន Ninja Van របស់សិង្ហបុរីរីកចម្រើនយ៉ាងណាខ្លះ?
Ninja Van ជា startup ផ្នែកដឹកជញ្ជូនមួយរបស់ប្រទេសសិង្ហបុរី បានប្រកាសថាដើមទុនរបស់ខ្លួនបានកើនឡើងដល់ ៨៥ លានដុល្លារ នេះបើតាមសារព័ត៌មាន Reuters។
ចាប់ដំណើរការអាជីវកម្មនៅឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ Ninja Van បានឲ្យដឹងថាមានបុគ្គិលិកច្រើនជាង ១ ពាន់នាក់ ដោយធ្វើការដឹកជញ្ជូនចំនួនលានកញ្ចប់នៃទំនិញក្នុងមួយខែ និងប្រតិបត្តិការនៅប្រទេសចំនួន ៦ ក្នុងតំបន់អាស៊ានគឺមានដូចជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងវៀតណាម។ Ninja Van នឹងប្រើប្រាស់ដើមទុនថ្មីដើម្បីវិនិយោគលើបច្ចេកវិទ្យានិងប្រតិបត្តិការរបស់ខ្លួន ដោយគិតថាខ្លួនច្បាស់ជាអាចទាញយកប្រយោជន៍ពីប្រជាជនប្រមាណ ៦០០លាននាក់ ហើយក្នុងនោះ ៧០ លាននាក់ជាអ្នកសកម្មក្នុងការប្រើប្រាស់អ៊ីនធឺណេត ដែលស្មើនឹងប្រមាណ ៥១% នៃប្រជាជនក្នុងតំបន់សរុប។ កំណើនអ្នកប្រើប្រាស់អ៊ីនធឺណេតត្រូវបានគេរំពឹងថា នឹងជំរុញទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់អាស៊ីអាគ្នេយ៍ឱ្យឈានដល់ជាង ៨៨ ប៊ីលានដុល្លារសម្រាប់ការលក់ប្រចាំឆ្នាំនៅឆ្នាំ ២០២៥ ចំនួននេះមានការកើនឡើងជាងកាលពីឆ្នាំមុន (១០ ប៊ីលានដុល្លារ)។
ការពង្រីកខ្លួនរបស់ Ninja Van
ក្នុងឆ្នាំ ២០១៦ Ninja Van បានពង្រីកអាជីវកម្មខ្លួនទៅកាន់ប្រទេសចំនួន ៣ នោះគឺ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។
ប្រទេសឥណ្ឌូនេស៊ី
ក្នុងខែ កញ្ញា ២០១៦ ក្រុមហ៊ុនបំរើសេវាផ្នែកភស្តុភារកម្ម Ninja Van មួយនេះបានប្រកាសថាការពង្រីកទីផ្សាររបស់ខ្លួនទៅប្រទេសឥណ្ឌូនេស៊ី ដោយដាក់ឈ្មោះថា Ninja Xpress។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ មានគោលបំណងផ្តល់ឱ្យអ្នកលក់រាយក្នុងប្រទេសឥណ្ឌូនេស៊ី គ្រប់ទំហំទាំងអស់ក្នុងការទទួលបានប្រព័ន្ធដឹកជញ្ចូនដ៏ទូលំទូលាយរបស់ខ្លួន។ អ្នកលក់រាយអាចជ្រើសរើសជម្រើសដឹកជញ្ជូនមួយចំនួនដែលមានដូចជា Ninja REG Ninja FAST និង Ninja SUPER។
ប្រទេសម៉ាឡេស៊ី
ចូលទៅទីផ្សារប្រទេសម៉ាឡេស៊ីនៅចុងឆ្នាំ ២០១៦ បច្ចុប្បន្ន Ninja Van បានធ្វើការដឹកជញ្ជូនប្រមាណ ៥,០០០ ជើងក្នុងមួយថ្ងៃក្នុងប្រទេសនេះ។ ដោយសារប្រទេសនេះមានការលក់ដូរច្រើន អ្នកលក់រាយច្រើនត្រូវការដឹកជញ្ជូនក៏ច្រើន នេះជាឱកាសល្អមួយសម្រាប់អាជីវកម្មនេះ។
ប្រទេសវៀតណាម
មិនមែនជាការលេងសើចទេ ការឈានចូលជើង លូកដៃចូលក្នុងទីផ្សារប្រទេសវៀតណាមគឺ Ninja Van សម្លឹងឃើញឱកាសធំមួយគឺសក្តានុពលនៃការប្រើប្រាស់អ៊ីនធឺណេតក្នុងប្រទេសនេះ។ យោងតាមការស្រាវជ្រាវរបស់ eShopWorld បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ e-commerce មានជាង ៣៥ លាននាក់នៅក្នុងប្រទេសវៀតណាម ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤២ លាននាក់នៅត្រឹមឆ្នាំ ២០២១ ។ បច្ចុប្បន្ន Ninja Van បានធ្វើការដឹកជញ្ជូនប្រមាណ ៥,០០០ ជើងក្នុងមួយខែក្នុងប្រទេសនេះ៕
ដោយ៖ យ៉ាយ៉ា