សមាគម ហ្វូជានកម្ពុជា ចាត់ទុកគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយបានជំរុញកំណើនវិនិយោគចិននៅកម្ពុជា​



ប្រធានសមាគមមិត្តភាពសភាពាណិជ្ជកម្មចិន ហ្វូជានកម្ពុជា ចាត់ទុកគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ថាបានជំរុញឲ្យមានការវិនិយោគពីវិនិយោគិនចិនមកកម្ពុជាមានការកើនឡើងខ្លាំងជាមួយនឹងការផ្សារភ្ជាប់នូវគម្រោងខ្នាតធំជាច្រើន។

លើកឡើងនៅក្នុងវេទិការផ្លូវសូត្រសមុទ្រ ខ្សែក្រវ៉ាត់១ ផ្លូវ១ នៅទីក្រុងភ្នំពេញ ដែលត្រូវបានរៀបចំឡើងដោយសមាគមសភាពាណិជ្ជកម្មចិន ហ្វូជានកម្ពុជា និងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុប នៅថ្ងៃទី២៥ ខែមេសានេះ លោក ឈីវ គួរ ស៊ីញ ប្រធានសមាគមនេះ បានបញ្ជាក់ថា ជាការពិតណាស់ វត្តមាន របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលនេះ គឺកើតចេញពីគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិនដែលបានបើកឱកាសនិងលើកទឹកចិត្តឲ្យមានការវិនិយោគជាច្រើនពីវិនិយោគិនចិនមកកាន់ប្រទេសកម្ពុជា។

លោកបញ្ជាក់ថា ការរសម្រេច បោះទុនវិនិយោគលើគម្រោងអចលនទ្រព្យក្នុងប្រទេសកម្ពុជានេះ គឺដោយសារក្រុមហ៊ុនបានមើលឃើញពីការរីកចម្រើនយ៉ាងលឿននៃកំណើតសេដ្ឋកិច្ចរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់ដោយក្នុងនោះវិស័យសំណង់បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិហើយវិស័យនេះក៏កំពុងទាមទារអោយមានការបំពេញបន្ថែម អោយបានច្រើនផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។

លោកបន្តថា រយៈពេលបួនឆ្នាំនៃវត្តមានរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានបោះទុនវិនិយោគសរុបប្រមាណជាង ១២០០លានដុល្លារអាមេរិកទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយក្នុងនោះគម្រោងធំៗចំនួនបីបាននឹងកំពុងលេចជារូបរាងបណ្ដើរៗហើយក្នុង រាជធានីភ្នំពេញ និងបីគម្រោងធំៗទៀត ក៏បាននឹងកំពុងវិនិយោគនៅខេត្តព្រះសីហនុផង ដែរ។

លោកបញ្ជាក់ថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងរយៈពេល១០ឆ្នាំបន្ទាប់ ក្រុមហ៊ុន នឹងបង្កើនទុនវិនិយោគ អោយបាន ២០ពាន់លានដុល្លារបន្ថែមទៀតក្នុងឧស្សាហកម្មសំណង់ នៅកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុន បានប្រមូលទិញដីទុក សម្រាប់ធ្វើការវិនិយោគទាំងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ជាច្រើនទីតាំងផងដែរ។

លោក Ung Kim នាយកប្រតិបត្តិសមាគមមិត្តភាពចិនហ្វូជាននៅកម្ពុជាថា សមាគម ក៏នឹងបន្តគៀងគរ អ្នកវិនិយោគ ពីចិនមកបន្ថែមផងដែរ ដើម្បីមកវិនិយោគលើវិស័យផ្សេងៗក្នុងទីផ្សារកម្ពុជា ខណៈដែលកម្ពុជាបច្ចប្បន្ន កំពុងមាន ឱកាសល្អច្រើន សម្រាប់ការវិនិយោគ ក្រោយទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កំពុងមានភាពល្អប្រសើរ ក្រោមគោលនយោយបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន ដែលកំពុងផ្សារភ្ជាប់ទំនាក់ទំនងចិន និងប្រទេសអាស៊ានទាំងមូល ដោយក្នុងនោះកម្ពុជាកំពុងស្រូបបាននូវកំណើនវិនិយោគិនចិនយ៉ាងច្រើនផងដែរ។

គួរបញ្ជាក់ថា  ជាលទ្ធផលគោលនយោ បាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយនេះ បាននាំអោយ មានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ ពី ខេត្ត ព្រះសីហនុ មកកាន់ក្រុងភ្នំពេញ ខណៈការវិនិយោគនៅ ក្នុងវិស័យ អចលនទ្រព្យនៅ ក្នុង ខេត្ត ព្រះ សីហនុ កាន់តែមានកំណើនច្រើនឡើងៗ៕

ដោយ៖ ស្រីពេជ្រ

X
5s