ស្រុក២៩ ក្នុងខេត្ត២១នឹងត្រូវបង្កើតជាច្រកចេញចូលតែមួយដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ
តាមរយៈសេចក្ដីសម្រេចដែលចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ក្រសួងមាហាផ្ទៃបានជ្រើសរើសយកស្រុក២៩នៃខេត្តចំនួន២១របស់កម្ពុជា ធ្វើជាគោលដៅក្នុងការបង្កើតជាច្រកចេញចូលតែមួយ ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលលើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយផងដែរ ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ស្រុកចំនួន២៩នោះរួមមាន ស្រុកកណ្ដាលស្ទឹង ស្រុកកោះធំ ស្រុកពញាឭ និងស្រុកមុខកំពូល ក្នុងខេត្តកណ្តាល។ ស្រុកព្រៃឈរ ស្រុកបាធាយ និងស្រុកចំការលើ ក្នុងខេត្តកំពង់ចាម។ ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ក្នុងខេត្តកំពត។ ស្រុកប្រាសាទ បាគង និងស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។ ស្រុកថ្មពួក និងស្រុកម៉ាឡៃ ក្នុងខេត្ត បន្ទាយមានជ័យ។ សម្រាប់ស្រុក ក្នុងខេត្តដទៃទៀតនោះរួមមាន៖ ស្រុកកំពង់សិលា ក្នុងខេត្ត ព្រះសីហនុ។
ស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង។ ស្រុកគិរីវង់ ក្នុងខេត្តតាកែវ។ ស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ។ ស្រុកបរិបូរណ៍ ក្នុងខេត្តកំពង់ឆ្នាំង។ ស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់។ ស្រុក មេមត់ ក្នុងខេត្តត្បូងឃ្មុំ។ ស្រុកសន្ទុក ក្នុងខេត្តកំពង់ធំ។ ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ។ ស្រុកកោះញែក ក្នុងខេត្តមណ្ឌលគិរី។ ស្រុកឆ្លូង ក្នុងខេត្តក្រចេះ។ ស្រុកកំពង់ត្របែក ក្នុងខេត្តព្រៃវែង។ ស្រុកមណ្ឌលសីមា ក្នុងខេត្តកោះកុង។ ស្រុកថាឡាបរីវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង។ ស្រុកកូនមុំ ក្នុងខេត្តរតនគិរី និងស្រុករមាសហែក ក្នុងខេត្តស្វាយរៀង។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានណែនាំឱ្យស្រុកគោលដៅក្នុងខេត្តខាងលើនេះត្រូវរៀបចំការិយាល័យច្រកចេញចូលតែមួយឱ្យបានសមស្របតាមប្រកាសរបស់ក្រសួង ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការិយាល័យច្រកចេញចូលតែមួយនៅក្នុងក្រុង ស្រុក ខណ្ឌគោលដៅ៕
ប្រភពរូបភាព៖ Khmerhome
ដោយ៖ ជួប ស្រីរ័ត្ន