លោក អាញស្ដាញ៖ «ជីវិតប្រៀបដូចជាការជិះកង់អ៊ីចឹង ប្រសិនបើអ្នកចង់បន្តទៅមុខ អ្នកត្រូវខំប្រឹងធាក់បន្តទៀត។»​



នៅលើផែនដីមួយនេះ មនុស្សមានឈ្មោះជាមនុស្សដូចគ្នា ប៉ុន្តែមានខ្សែជីវិត មានវាសនា មានភាពលំបាក មានភាពសំណុកសុកស្រួល មិនដូចគ្នានោះទេ។ ខ្សែជីវិតរបស់មនុស្សមួយចំនួនប្រៀបដូចជាខ្សែលួសបន្លា ដែលក្នុងមួយជីវិតស្ទើរកសុខ រកស្រណុកមិនឃើញ ប៉ុន្តែខ្សែជីវិតរបស់មនុស្សមួយចំនួនវិញប្រៀបដូចផ្លូវក្រាលសូត្រ។ នេះសបញ្ជាក់ឲ្យឃើញថាខ្សែជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ។ តែទោះជាយ៉ាងណាក៏ដោយជីវិតរបស់អ្នកមិនអាចបណ្ដែតបណ្ដោយតាមព្រេងវាសនា ទេវតាចារទុកឲ្យបាននោះឡើយ។ ដូចលោក អាល់ប៊ឺត អាញស្ដាញ បានមានប្រសាសន៍ថា៖ «ជីវិតប្រៀបដូចជាការជិះកង់អ៊ីចឹង បើអ្នកចង់បន្តទៅមុខ អ្នកត្រូវខំប្រឹងធាក់បន្តទៀត។»

អ្នកមិនអាចអង្គុយរង់ចាំព្រេងសំណាងធ្លាក់ពីលើមេឃបាននោះទេ ប្រសិនបើអ្នកចង់រីកចម្រើន ចង់ជោគជ័យ ចង់ចេះចង់ដឹង ចង់មានចង់បាន អ្នកត្រូវប្រឹងបន្តទៀត ទោះឱបសគ្គប៉ុនភ្នំយ៉ាងណាក៏ដោយ។ ប៉ុន្តែ បើមិនប្រឹងធាក់កង់ជីវិតរបស់អ្នកនោះទេ អ្នកនឹងមិនអាចក្លាយជាមនុស្សដែលរីកចម្រើន មានចំណេះដឹង មានបទពិសោធន៍បាននោះទេ។ ដោយឡែកវិញ អ្នកនឹងក្លាយជាមនុស្សអស់សង្ឃឹម មិនលូតលាស់ មិនជោគជ័យឡើយ បើកង់ជីវិតរបស់អ្នកឈប់វិលរំកិលទៅមុខ។

អ្នកត្រូវចាំថា មិនថាខ្សែជីវិតរបស់អ្នកលំបាក ត្រដាបត្រដួសយ៉ាងណាក៏ដោយ អ្នកត្រូវតែប្រឹងប្រែង កុំចុះចាញ់ កុំបោះបង់ កុំឈប់ឲ្យសោះ។ អ្នកឈប់បានលុះត្រាតែអ្នកអស់ដង្ហើម ប៉ុន្តែប្រសិនបើអ្នកនៅសល់ដង្ហើម ភាពភ័យខ្លាច ឱបសគ្គ បរាជ័យ ទាំងនោះសុទ្ធតែជាថ្នាំប៉ូវ និងជាស្ពានចម្លងអ្នកទៅរកភាពជោគជ័យប៉ុណ្ណោះ។ អ្នកត្រូវចាំថា មិនដែលមាននរណាម្នាក់ដែលប្រឹងតស៊ូមួយជីវិតហើយ រកមិនឃើញពន្លឺជោគជ័យសោះ ឬជួបតែបរាជ័យរហូតនោះទេ។

កង់ជីវិតរបស់អ្នកនឹងបន្តដំណើរទៅមុខឥតឈប់ បើទោះបីពេលខ្លះទៅយឺតឬទៅលឿនក៏ដោយ ប្រសិនបើអ្នកប្រឹងជំនះ តស៊ូ មោះមុត មិនរុញរា មិនបោះបង់ ហើយប្រឹងធាក់ ប្រាកដណាស់ថាថ្ងៃណាមួយអ្នកនឹងអាចជិះវាទៅដល់គោលដៅជាមិនខាន។ លើលោកនេះគ្មានថ្នាំទិព្វជោគជ័យនោះទេ គឺមានតែថ្នាំប្រឹងប្រែង​ ថ្នាំតស៊ូ ថ្នាំអត់ធ្មត់ ថ្នាំក្លាហាន ថ្នាំប្រឹងរៀនសូត្រតែប៉ុណ្ណោះ៕

ដោយ​​៖ លង់ វណ្ណៈ

X
5s