តិកនិក​​ ៣​យ៉ាង​ជួយ​នារីៗ​ឲ្យ​​​អស់​កង្វល់​ខ្លាច​​ខូច​រាង​​ពេល​មាន​បុត្រ​​​



បើ​នារីៗមិន​សូវមាន​ការ​ថែ​រក្សា​ខ្លួនឲ្យ​បាន​ហ្មត់ចត់កំឡុង​ពេល​មាន​​ផ្ទៃ​ពោះ​នោះ​ទេ​។ តែអ្នកត្រូវដឹងថា អ្នក​នឹង​បាត់បង់​រូប​រាង​កាយ​ដ៏​ស្រស់​ស្អាត និង​​រាង​ស្លីម​របស់អ្នក​មួយ​ប៉ប្រិច​ភ្នែក​នឹក​ស្មាន​មិន​ដល់​តែ​ម្ដង​។  ហើយ​បើ​សិន​អ្នក​ខូច​រាង​ហើយ​នោះ  វា​ក៏​ពិបាក​នឹង​ការ​វិល​ត្រលប់​មក​រក​រូបរាង​ចាស់​វិញ​ដែរ​។  ហើយ​អ្វី​ដែល​​អ្នកមាន​គឺ​ត្រឹម​ពាក្យ​ថា​ស្ដាយ​ក្រោយ​តែ​ប៉ុណ្ណឹង។​ តែ​បើ​អ្នក​មាន​វិធីសាស្ត្រ​ល្អ ក្នុង​ការ​ថែរក្សា​វិញ​នោះ អ្នក​នឹង​ទទួល​បា​ន​រាង​ដូច​ពេល​អ្នក​នៅ​ក្រមុំ​វិញ​មិន​ខាន។ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង៖​

១)  ត្រូវ​ពិសា​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​មាន​ផ្ទៃ​ពោះ៖ ទោះ​បី​អ្នក​មាន​ផ្ទៃ​ពោះ​ក្ដី  តែ​អ្នក​ក៏​មិន​ត្រូវ​បណ្ដោយ​ខ្លួន ឲ្យ​ចេះ​តែ​ហូប​ចំណី​អាហារ ២៤​ម៉ោង​នោះ​ដែរ។   តាម​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​៖ «​ នារី​ៗអាច​នឹង​កើន​ឡើង​ទម្ងន់​ពី​៦​ទៅ​១៥​គីឡូក្រាម​នៅ​ពេល​ដែល​ពួក​គេ​សម្រាល​បុត្រ​ហើយ។»   ដូច​នេះ​នារីៗ​ទាំង​ឡាយ​គួរ​តែ​កាត់​បន្ថយ​ការ​ពិសាអាហារ​ដែល​ធ្វើ​ឲ្យ​ធាត់ ឬបង្អែម​ជា​ដើម ហើយ​គួរ​ងាក​មក​ពិសាបន្លែឬ​ក៏​ផ្លែ​ឈើ​វិញ​ទើប​ប្រសើរ។​

២) ត្រូវ​បំបៅ​ដោះ​កូន៖ ការ​បំបៅ​ដោះ​អាច​ជួយ​កាត់​បន្ថយ​គីឡូ​ដែល​អ្នក​មាន​ផង​ដែរ  ហើយកូន​ដែល​ទទួល​បាន​ការ​បំបៅ​ទឹក​ដោះ​ច្រើនក៏​មាន​សុខភាព​ល្អ ខ្លាំង​ផង​ដែរ។ ការ​បំបៅ​ដោះនឹង​ជួយ​បន្ថយ​កាឡូរី​ក្នុង​ខ្លួន​របស់​អ្នក​ ពី​៣០០​ទៅ​៥០០​ក្នុង​មួយ​ថ្ងៃ។ 

៣) សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់៖  ការ​សម្រាក​មិន​បាន​គ្រប់គ្រាន់​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ  ហើយ​វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​​ការ​សម្រក​រាង​របស់​អ្នក​កាន់​តែ​ពិបាក​ទ្វេ​ដង។ ដូច​នេះ​អ្នក​ត្រូវ​ព្យាយាម​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់  អាច​ថាកូន​របស់​អ្នក​អាច​ភ្ញាក់ និង​មិន​សូវ​បាន​គេង​ទៀង​ពេល  តែ​អ្នក​គួរ​តែ​មើល​ថែ​សុខភាព​ខ្លួន​ឯងផង​ដែរ៕

ដោយ​៖​ព្រំ សុវណ្ណកណ្ណិកា

​​​​​

X
5s