ឆាប់ៗនេះ! ក្រុងចំនួន ៣របស់កម្ពុជានឹងក្លាយជាទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូ
ក្រុងបាត់ដំបង ក្រុងកំពត និងក្រុងក្រចេះ និងក្លាយទៅជាទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូ បន្ទាប់ពីឯកឧត្តម សាដា អ៊ូម៉ា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានប្តេជ្ញាខិតខំធ្វើការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ដើម្បីពន្លឿនការងារចុះបញ្ជីក្រុងទាំង៣ខាងលើឲ្យក្លាយទៅជាទីក្រុងបិតិកភណ្ឌរបស់អង្គការយូណេស្កូ ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
នៅក្នុងជំនួបជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សាដា អ៊ូម៉ា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជានារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានគាំទ្រ នឹងអគុណចំពោះការប្តេជ្ញារបស់តំណាងអង្គការយូណេស្កូ ដែលជួយក្នុងការចុះបញ្ជីទីក្រុងបាត់ដំបង ក្រចេះ និងទីក្រុងកំពតទៅជាទីក្រុងបេតិកភណ្ឌអង្គការយូណេស្កូនេះ ព្រោះថា ការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យរីកចម្រើនត្រូវតែមានការផ្សារភ្ជាប់ជាមួយផ្នែកវប្បធម៌បេតិកភណ្ឌ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានស្នើដល់តំណាងអង្គការយូណេស្កូធ្វើយ៉ាងណាជួយបន្តកិច្ចសហការជាមួយកម្ពុជាឲ្យកាន់តែល្អបន្ថែមទៀត លើការងារការអភិវឌ្ឍន៍វិស័យទេសរណ៍នៅខេត្តសៀមរាប និងជំរុញឲ្យការផ្សារភ្ជាប់ពីតំបន់ទេសចរណ៍វប្បធម៌ទៅនឹងតំបន់ទេសចរណ៍ធម្មជាតិនានាផងដែរ។
ជាការឆ្លើយតប ឯកឧត្តម តំណាងអង្គការយូណេស្កូបានទទួលយកសំណើរនេះ ហើយនឹងបន្តសហការរៀបចំ វគ្គបណ្តុះបណ្តាលដល់មន្ត្រីទេសចរណ៍កម្ពុជាលើការងារអភិវឌ្ឍន៍ និងការអភិរក្សវប្បធម៌ ដើម្បី ថែរក្សាសម្បត្តិវប្បធម៌ឲ្យបានគង់វង្ស និងអាចទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនថែមទៀត៕
ដោយ៖ ជួប ស្រីរ័ត្ន