ច្បាប់ជោគជ័យទិព្វទាំង ១០ របស់លោក ជេក ម៉ា មហាសេដ្ឋីចិន
យើងគ្រប់គ្នាតែងចង់ឲ្យខ្លួនទទួលបានជោគជ័យ មិនថាការសិក្សា ការងារ ស្នេហា ជីវិតរស់នៅឬ អ្វីៗនោះទេ។ តែទោះជាយ៉ាងណា គ្រប់សព្វបែបយ៉ាងវាមិនអាចដំណើរការរលូនតាមចិត្តយើង ១០០% នោះទេ បរាជ័យតែងកើតមាន កំហុសតែងលេចឡើងដោយចៀសពុំរួចឡើយ។
ក្រឡែកទៅមើលបុគ្គលល្បីៗ ជោគជ័យក្នុងលោកជាច្រើនដូចជា Steve Job, Mark Zuckerberg ជាដើម ទម្រាំពួកគេមានថ្ងៃនេះ បរាជ័យនិងឧបសគ្គដែលពួកគេជួបក៏មិនតិចដែរ។ ជាក់ស្តែងដូចលោក ជេក ម៉ា តើលោកបរាជ័យប៉ុន្មានដងហើយមុនពេលលោកមានថ្ងៃនេះ? ធ្វើយ៉ាងណាទើបលោកអាចជោគជ័យបាន? តោះទៅមើលច្បាប់ជោគជ័យទាំង ១០ ណែនាំដោយមហាសេដ្ឋីចិនរូបនេះ៖
១) រៀនពីកំហុសអ្នកដទៃ៖ ចង់ជោគជ័យកុំមើលចំនុចជោគជ័យគេ កុំយកចំនុចជោគជ័យរបស់មហាសេដ្ឋីមករៀនតាម តែអ្នកគួររៀនពីចំនុចបរាជ័យរបស់គេ។ ត្រូវចាំពាក្យមួយឃ្លាថា "កំហុសជាគ្រូដ៏ល្អបំផុតសម្រាប់យើង ដែលសាលាណាក៏គ្មានបង្រៀនដែរ”។ ពេលខ្លះយើងមិនទាន់ចាប់ផ្តើមការងារណាមួយ ដូចនេះយើងមិនទាន់ជួបរឿងបរាជ័យទេ តែយើងអាចយកកំហុសអ្នកដទៃ ភាពបរាជ័យរបស់អ្នកដទៃ មកធ្វើជាបទពិសោធន៍បង្រៀនខ្លួនឯងបាន។
២) គិតពីគុណភាពជាជាងបរិមាណ៖ គុណភាពជាអ្វីដែលគួរយកចិត្តទុកដាក់សង្កត់ធ្ងន់ ដើម្បីអភិវឌ្ឍខ្លួន។ ពិតណាស់បរិមាណច្រើនគឺល្អបើនិយាយពីការផលិត តែទន្ទឹមនោះការផលិតបានបរិមាណច្រើនត្រូវភ្ជាប់ដោយគុណភាពទៀតទើបជាការល្អ។ មានក្រុមហ៊ុនខ្លះមានទំហំ តូច តែចំនូលនៃការលក់ក្នុងមួយខែៗអាចច្រើនជាងក្រុមហ៊ុនធំៗមួយចំនួនក៏ថាបាន។ ការសិក្សាក៏ដូចគ្នាមិនអាចរៀនខ្ពស់តែថ្នាក់តែគ្មានចំណេះក្នុងខ្លួននោះទេ។
៣) កុំចង់ក្លាយជាអ្នកដែលឥតខ្ចោះ តែត្រូវធ្វើជាមនុស្សទី១ ក្នុងការចាប់ផ្តើម៖ ធ្វើជាមនុស្សទី១ ក្នុងការចាប់ផ្តើម មនុស្សទី១ ក្នុងការផ្លាស់ប្តូរ មនុស្សទី១ ក្នុងការប្រកួតប្រជែង មនុស្សទី១ ដែលយកឈ្នះឧបសគ្គចំពោះមុខ។ បើអ្នកចង់ក្លាយជាមនុស្សអស្ចារ្យឥតខ្ចោះ ព្រោះអ្នកដឹងថាខ្លួនមានចំណេះ ខ្លួនមានសមត្ថភាព តែមិនប្រាកដថាសំណាងនៅខាងអ្នករហូតទេ បើអ្នកឈានជើងចូលក្រោយគេអ្នកចាញ់គេហើយ ដើយក្រោយគេហើយ។
៤) រៀបចំផែនការសម្រាប់អនាគត៖ ផែនការសម្រាប់អនាគតគឺសំខាន់ណាស់ ដំណើរជីវិតមនុស្សដែលបានរៀបចំផែនការទុកមុន តែងបានល្អប្រសើរជាងទោះជួបព្យុះភ្លៀងបន្តិចមែន តែវាក៏ល្អជាងអ្នកដែលបណ្តោយជីវិតឲ្យតែលតោល ដូចចកកណ្ដាលទន្លស គ្មានគោលដៅ គ្មានទិសដៅត្រូវទៅ។
៥) គោរពគូរប្រជែងរបស់អ្នក៖ មិនថាតែគោលការណ៍សម្រាប់អ្នករកស៊ីទេ ក្នុងសង្គមជីវិតរស់នៅក៏ដូចគ្នា ការសិក្សាក៏ដូចគ្នា ការគោរពគ្នាទៅវិញទៅមក ការគោរពគូប្រកួតប្រជែងសំខាន់ណាស់ ព្រោះវាជាសីលធម៌ ជាសុជីវធម៌។ អ្នកនឹងជោគជ័យពេលណាដែលអ្នកប្រកាន់ខ្ជាប់ការគោរពក្នុងខ្លួន។ កុំស្អប់គូប្រជែង ព្រោះគាត់ជាអ្នកជួយឲ្យអ្នកអភិវឌ្ឍខ្លួនឯងរីកចម្រើន គេជាគ្រូដែលបង្រៀនអ្នក។
៦) ការប្រកួតប្រជែងជាឱកាស៖ ក្នុងពិភពលោកសព្វថ្ងៃវាពោរពេញទៅដោយការប្រកួតប្រជែង តែអ្នកត្រូវចាំថាឱកាសវានៅក្នុងការប្រជែងនេះក៏មិនតិចដែរសម្រាប់អ្នកឈោងចាប់វា។ ឱកាសមិនដែលរត់មករកអ្នកដោយស្រួលៗទេ បើគ្មានការប្រកួតប្រជែង ឧបសគ្គក៏គ្មាន ឱកាសក៏មិនកើតឡើងមកដែរ ហើយឧបសគ្គជាអ្នកជួយឲ្យអ្នករឹងម៉ាំ។
៧) ជឿជាក់លើខ្លួនឯង៖ ចង់ជោគជ័យត្រូវខំប្រឹង គ្មាននរណាល្អគ្រប់ដប់ទេ ការងារអ្វីក៏តែងលំបាកដែរ អ្វីដែលយើងត្រូវធ្វើគឺលើកទឹកចិត្ត។ មិនមែនចាំទាល់តែនរណាមកលើទឹកចិត្តទេ តែអ្នកដែលជាកម្លាំងចិត្តធំជាងគេគឺខ្លួនឯង។ ជឿជាក់លើខ្លួនឯង ជឿថាយើងអាចយកឈ្នះបញ្ហាគ្រប់បែបយ៉ាងទើបយើងមានកម្លាំងធ្វើវាឲ្យសម្រេច។
៨) ជុំវិញខ្លួនអ្នកពោរពេញទៅដោយភាពអស្ចារ្យ៖ មានរឿងអស្ចារ្យច្រើនណាស់ដែលនៅជុំវិញអ្នក ទាំងមនុស្ស ទាំងធម្មជាតិសុទ្ធតែមានភាពអស្ចារ្យរៀងៗខ្លួន ហើយចំនុចខ្លះជារបស់មនុស្សម្នាក់ៗ ឬធម្មជាតិមួយជាភាពខ្លាំងគ្មាននរណាអាចប្រៀបធៀបឬយកតម្រាប់តាមបានឡើយ។
៩) រស់នៅប្រកបដោយផាសុកភាព៖ សុខភាពជារឿងមួយសំខាន់ណាស់ មានសុខភាពល្អអ្នកអាចមានអ្វីដែលអ្នកចង់បាន មានសុខភាពល្អអ្នកមានក្តីសុខ មានភាពសប្បាយរីករាយក្នុងជីវិត ដូចពាក្យមួយឃ្លាបានពោលថា "មានមាសប៉ុនដូងទុំមិនស្មើនឹងមានសុខភាពល្អអាចរស់នៅបានដោយសុខស្រួលទេ”។ ពេលអ្នកថែសុខភាពបានល្អ ជីវិតអ្នកហាក់មានសេរីភាពណាស់ ទោះមិនបានធ្វើអ្វីច្រើនសម្រាប់ខ្លួន តែអ្នកក៏គប្បីនឹងខ្លួនឯងដែលអាចថែសុខភាពខ្លួនឯងបានល្អ។ សុខភាពផ្លូវកាយនិងផ្លូវចិត្តសំខាន់ខ្លាំងណាស់សម្រាប់ភាពជោគជ័យខាងមុខ។
១០) ស្វែងរកភាពរីករាយដាក់ខ្លួន៖ ខំរៀន ខំធ្វើការ ខំរកស៊ី ខំសព្វគ្រប់បែបយ៉ាងដើម្បីភាពជោគជ័យ តែកុំភ្លេចខំប្រឹងឲ្យខ្លួនឯងបានសប្បាយរីករាយខ្លះផង។ ឆ្លៀតពេលលំហែខ្លះ យកពេលនៅជាមួយគ្រួសារបង្កើនភាពកក់ក្តៅខ្លះទើបជីវិតមានន័យ។ បើស្ត្រេសខ្លាំងស្តាប់ចំរៀង មើលឃ្លីបកំប្លែងៗខ្លះ មើលតុក្កតាខ្លះក៏វាមិនខុសដែរ ហើយកុំគិតថាអាយុច្រើនហើយមើលតុក្កតាដូចក្មេងមិនល្អតែចាំណាថាការផ្លាស់ប្តូរបរិយាកាសឲ្យខួរក្បាលទទួលយកអ្វីថ្មីៗ វាជួយឲ្យខួរក្បាលស្រលះល្អ៕
ដោយ៖ យ៉ាយ៉ា