មេរៀនជីវិតទាំង ១២ ដែលអ្នកត្រូវប្រកាន់ខ្ជាប់ ចាំទុកក្នុងជីវិត​



ក្នុងជីវិតមានរឿងរ៉ាវជាច្រើនដែលអ្នកត្រូវរៀនសូត្រ និងត្រូវការការបង្រៀន ការណែនាំ ការចង្អុលបង្ហាញពីអ្នកដទៃ។ មនុស្សម្នាក់ៗមានពេលវេលាកំណត់មួយនៅលើផែនដីនេះ ដូចនេះបើទោះបីជាមានបញ្ហា ឧបសគ្គ រឿងពិបាក អ្នកត្រូវតស៊ូដោយខ្លួនអ្នក។ រឿងរ៉ាវទាំងឡាយដែលកើតឡើងចំពោះអ្នកធ្វើឲ្យអ្នកកាន់តែខ្លាំងក្លា កាន់តែក្លាហាន កាន់តែមុះមុត។ ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង ១២ ដែលលោកអ្នកគួរតែសិក្សារៀនសូត្រ៖

១) កុំប្រញាប់ចង់ជោគជ័យលឿនពេក

មនុស្សជាច្រើនចង់ជោគជ័យលឿន ចង់សម្រចកិច្ចការ ឬចង់បានអ្វីដែលលឿន ជាជាងការរង់ចាំ។ អ្នកត្រូវចងចាំថាជីវិតមានរយៈពេលយូរ ប៉ុន្តែបើទោះបីជាអ្នកមានអារម្មណ៍ថាពេលវេលាដើរលឿនក៏ដោយ វាសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវចងចាំថាអ្នកមានផ្លូវវែងអន្លាយដែលត្រូវដើរទៅទៀត។ កុំខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់អ្នកខ្វាយខ្វល់ ថាត្រូវទៅទីណាក្នុងរយៈពេលប៉ុណ្ណា។ មិនយូរមិនឆាប់អ្នកនឹងទៅដល់ជាមិនខាន។ ដូចពាក្យចាស់បុរាណខ្មែរពោលថា តក់ៗពេញបំពង់។ ដូចនេះ កុំចង់ជោគជ័យលឿនពេក អ្វីដែលអ្នកត្រូវធ្វើគឺខិតខំធ្វើកិច្ចការដែលអ្នកចង់សម្រេចរៀងរាល់ថ្ងៃ ហើយចេះត្រូវចេះរង់ចាំ។

២) សុខភាពជាអាទិភាព

ខ្លួនប្រាណរបស់អ្នកមានសុខភាពល្អអាស្រ័យលើរបៀបរស់នៅប្រចាំថ្ងៃរបស់អ្នក សុខភាពខួរក្បាលរបស់អ្នកក៏អ៊ីចឹងដែរ។ អ្នកត្រូវរក្សារបៀបក្នុងការរស់នៅរបស់អ្នកឲ្យល្អប្រសើរ។​ ពេលខ្លះអ្នកត្រូវការពេលវេលាសម្រាក លំហែកាយ លំហែខួរក្បាលខ្លះ។ អ្នកត្រូវថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តឲ្យល្អ។ សុខភាពល្អគឹជាផ្នែកមួយដែលញ៉ាំងអ្នកទទួលជោគជ័យ។ ព្រះសម្មាសម្ពុទ្ធមានពុដ្ឋីការថា «សុខភាពគឺជាកាដូដ៏អស្ចារ្យ ការពេញចិត្តគឺជាទ្រព្យដ៏មហាសាល សេចក្ដីស្មោះត្រង់គឺជាទំនាក់ទំនងដ៏ស្អិតល្មួត»។

៣) ដឹងថាអ្នកចង់ធ្វើអ្វី

លើដងវិថីជីវិត ដើម្បីស្វែងរកទិសដៅរបស់អ្នក អ្នកត្រូវបង្កើតគោលដៅសិន។ វាដូចជាការធ្វើដំណើរអ៉ីចឹង អ្នកត្រូវរកទីដៅដែលអ្នកចង់ទៅសិន បន្ទាប់មកអ្នកត្រូវសម្រេចថាតើត្រូវធ្វើដំណើរដោយវិធីណាទើបទៅដល់ទីនោះ។ ដំណើរជីវិត អ្នកត្រូវមានគោលដៅសិន បន្ទាប់មកព្យាយាមស្វះស្វែងរកវិធី យុទ្ធសាស្ត្រ ដើម្បីទៅដល់គោលដៅនោះតាមក្រោយ។

៤) កុំភ្លេចពេលអ្នកនៅក្មេង

ពេលអ្នកនៅក្មេង ជាពេលដែលអ្នកចង់ចេះចង់ដឹង ជាពេលរៀនសូត្ររាប់ចាប់តាំងពី ការស្លៀកពាក់ របៀបញ៊ាំជាដើម។ អ្នកត្រូវធ្វើខ្លួនដូចជាក្មេងអ៉ីចឹង ពីព្រោះក្មេងចូលចិត្តចង់ដឹង និងចេះអ្វីដែលថ្មីនៅលើលោកនេះ។ ការចង់ចេះចង់ដឹងធ្វើឲ្យអ្នកក្លាយជាមនុស្សបើកចិត្ត បើកគំនិតទទួលយកអ្វីដែលថ្មី និងរៀនសូត្រអ្វីដែលកំពុងតែវិវឌ្ឍទៅមុខ។

៥) ដើរតាមចំណង់របស់អ្នក

មានមនុស្សជាច្រើនបណ្ដោយឲ្យជីវិតរសាត់អណ្ដែត ដោយមិនដឹងអំពីចំណង់ចំណូលចិត្តពិតរបស់ខ្លួនពិតប្រាកដ។ អ្វីដែលអ្នកត្រូវធ្វើគឺធ្វើអ្វីដែលអ្នកចង់ ចូលចិត្ត នោះអ្នកនឹងមិនងាយបោះបង់នោះឡើយ។ លោកហុងដា ស៊ូជីរ៉ូ បានមានប្រសាសន៍ថា៖ អ្វីដែលខ្ញុំស្រលាញ់ បោះទោះបីទៅដល់ណាក៏ខ្ញុំទៅដល់។

៦) ងើបពីព្រលឹម

មនុស្សជាច្រើនចូលចិត្តខ្ចះខ្ចាយពេលវេលាទៅលើការដេក។ ប៉ុន្តែអ្នកត្រូវចាំថាបើអ្នកងើបពីព្រលឹម នោះអ្នកនឹងមានពេលវេលាច្រើនធ្វើរឿងជាច្រើនមុនអ្នកដទៃដែលចំណាយពេលលើការដេក។ ដូចសម្ដីមួយឃ្លាពោលថា សត្វចាបដែលងើបមុនគេចាប់បានចំណីមុនគេ។ ដូចគ្នានេះ ដែរមនុស្សដែលស្វះស្វែងមុនគេ មានឱកាសជោគជ័យមុនគេ។

៧) ស្គាល់មនុស្សឲ្យច្រើន

ជីវិតគឺជាដំណើរដ៏វែងឆ្លាយ ដូចនេះអ្នកត្រូវស្គាល់មនុស្សឲ្យច្រើន។ ការស្គាល់មនុស្សច្រើនធ្វើឲ្យអ្នកមិនក្លាយជាមនុស្សឯកោ អាចរៀនសូត្រពីអ្នកទាំងនោះ ពីព្រោះអ្នកដឹងហើយថាមនុស្សម្នាក់ៗមានភាពល្អរៀងៗខ្លួន មានមេរៀនជីវិតល្អរៀងៗខ្លួនដែលអ្នកត្រូវរៀនសូត្រ ក្រេមយកមកបំប៉នជីវិតរបស់អ្នក។ រៀនរាប់អានអ្នកដទៃ រៀនបង្កើតទំនាក់ទំនងឲ្យច្រើន។ អ្នកមិនអាចមើលធ្លុះអំពីអនាគតរបស់មនុស្សម្នាក់ៗបានទេ។

៨) ប្រព្រឹត្តឲ្យស្មើភាពគ្នា

ធ្វើជាមនុស្សត្រូវមានគុណធម៌ សីលធម៌ យុត្តិធម៌។ មនុស្សម្នាក់ៗមិនថាក្រ មាន ទាម ខ្ពស់ ខ្មៅ​ ស នោះទេគឺមានតម្លៃជាមនុស្សដូចគ្នា។ ដូចនេះកុំអាងខ្លួនមានទ្រព្យសម្បត្តិ អំណាចបុណ្យសក្ដិ មើលងាយអ្នកដទៃ។ អ្នកត្រូវចាំថា អ្នកដទៃក៏ជាមនុស្ស មានចិត្ត មានបេះដូង មានខួរក្បាលដូចអ្នកដែរ។ មនុស្សរស់ក្នុងសង្គមមនុស្សដោយក្ដីថ្លៃថ្នូរ ចេះជួយគ្នា យកអាសាគ្នា អត់ឱន អធ្យាស្រ័យឲ្យគ្នា។

៩) ក្លាយជាអ្នកជំនាញក្នុងអាជីពរបស់អ្នក

អ្នកត្រូវធ្វើអ្វីដែលអ្នកស្រលាញ់ឲ្យបានល្អបំផុត។ ព្យាយាមប្រែក្លាយខ្លួនរបស់អ្នកឲ្យក្លាយជាអ្នកជំនាញ។ ដូចនេះនៅពេលអ្នកធ្វើអ្វីមួយ ត្រូវធ្វើវាឲ្យបានល្អបំផុត បើទោះអ្នកមិនអាចធ្វើវាឲ្យល្អឥតខ្ចោះក៏ដោយ។ ការធ្វើអ្វីដែលអ្នកស្រលាញ់បានល្អនោះវាជាការត្រួសត្រាយផ្លូវឲ្យអ្នកទទួលជោគជ័យជាមិនខាន។

១០) មើលអ្វីគ្រប់យ៉ាងក្នុងផ្លូវវិជ្ជមាន

ជីវិតរបស់អ្នកគឺជាវិធីដែលមើលទៅលើរឿងគ្រប់យ៉ាង។ បើអ្នកមើលឃើញវិជ្ជមាន នោះជីវិតអ្នកនឹងពោរពេញទៅដោយថាមពលវិជ្ជមានរុញអ្នកទៅមុខយ៉ាងលឿន។ ប៉ុន្តែ បើអ្នកមើលទៅលើរឿងគ្រប់យ៉ាងសុទ្ធតែអាក្រក់ អវិជ្ជមានច្បាស់ណាស់ថាជីវិតរបស់អ្នកនឹងអាប់អួរ ស្មុគស្មាញទៅតាមនឹងដែរជាមិនខាន។ អ្នកត្រូវតែរក្សាគំនិតរបស់អ្នកឲ្យនៅបន្ទាត់វិជ្ជមានជាដរាប។

១១) ផ្ដល់អត្ថន័យទៅលើភាពជោគជ័យរបស់អ្នក

មនុស្សម្នាក់ៗផ្តល់អត្ថន័យផ្សេងៗគ្នាទៅលើពាក្យថា ជោគជ័យ។ អ្នកខ្លួះគិតថាភាពជោគជ័យគឺការមានលុយកាក់ ឡាន ម៉ូតូ មានសម្លៀកបំពាក់ថ្លៃៗជាដើម។ ប៉ុន្តែអ្នកខ្លះគិតថាភាពជោគជ័យគឺជាទំនាក់ទំនងជាមួយអ្នកដទៃ ការរស់នៅក្នុងគ្រួសារកក់ក្ដៅមួយ ការមានពេលវេលាជាមួយមនុស្សជាទីស្រលាញ់ទៅវិញ។ ដូចនេះ អ្នកត្រូវផ្ដល់អត្ថន័យទៅលើភាពជោគជ័យរបស់អ្នកផ្ទាល់ខ្លន ការផ្ដល់អត្ថន័យបែបនេះអាចធ្វើឲ្យអ្នកសម្រេចថាត្រូវធ្វើបែបណាក្នុងជីវិត។

១២) ជឿជាក់លើខ្លួនអ្នក

អ្នកត្រូវមានជំនឿចិត្តលើអ្វីដែលអ្នកគិតថាត្រឹមត្រូវ ធ្វើអ្វីដែលអ្នកគិតថាល្អសម្រាប់អ្នក សម្រាប់គ្រួសារ សម្រាប់សង្គមជាតិ។ មនុស្សជាច្រើនចូលចិត្តផ្ដល់ដំបូន្មានឲ្យអ្នកធ្វើតាម ប៉ុន្តែអ្នកត្រូវចាំថាជីវិតរបស់អ្នកគឺជាផ្លូវដែលអ្នកត្រូវដើរខ្លួនអ្នក ជានាវាដែលអ្នកត្រូវកាច់ចង្កូត គ្មាននរណាម្នាក់ជាអ្នកកំណត់ឲ្យអ្នកឡើយ។ ដូចលោក ស្ទីវ ចប បាននិយាយ៖ កុំចំណាយពេលវេលារបស់អ្នករស់នៅក្នុងជីវិតអ្នកដទៃ៕

ដោយ៖ លង់ វណ្ណៈ

 

 

 

X
5s