ផ្នត់គំនិតអវិជ្ជមានទាំង ៣ ចំណុចដែលអ្នកត្រូវធ្វើការផ្លាស់ប្ដូរជាបន្ទាន់ ដើម្បីកែខៃជីវិតអ្នក
ជីវិតមនុស្សមិនដូចគ្នានោះទេ! ជារៀងរាល់ថ្ងៃមានអ្នកខ្លះជោគជ័យ ហើយក៏មានអ្នកខ្លះទៀតក៏បរាជ័យទៅ។ អ្នកខ្លះចូលចិត្តប្រើខ្សែជីវិតដែលពឹងលើព្រេងវាសនា ខណៈអ្នកខ្លះទៀតខិតខំតស៊ូប្រឹងប្រែងប្រកួតប្រជែងនឹងជីវិត។ ប៉ុន្តែសូមចាំថា បើអ្នកធ្វើអ្វី អ្នកនឹងទទួលបានលទ្ធផលនោះ។ វាជាច្បាប់ហេតុផលដែលគ្មានអ្នកណាអាចប្រកែកបានឡើយ។
យ៉ាងណាមិញ នៅក្នុងជីវិតរបស់អ្នក បើអ្នកចង់ផ្លាស់ប្ដូរ អ្នកក៏ត្រូវធ្វើអ្វីម្យ៉ាងចេញពីខ្លួនអ្នកផងដែរ។ អ្នកចង់បានលទ្ធផលមួយដែលជីវិតរបស់អ្នកនៅថ្ងៃអនាគតល្អជាងថ្ងៃនេះ ខណៈដែលការពិតវាគ្រាន់តែជាក្តីសុបិនដែលគ្មានថ្ងៃក្លាយជាការពិតបាន។ វាដល់ពេលដែលអ្នកត្រូវរៀនអង្កេតដោយខ្លួនឯងហើយថា តើអ្នកមានផ្នត់គំនិតខាងក្រោមនេះដែរឬទេ? ប្រសិនបើផ្នត់គំនិតទាំងនេះនៅតែមានវត្តមានជាមួយអ្នករហូតហើយនោះ វាដល់ពេលដែលអ្នកត្រូវផ្លាស់ប្ដូរហើយ។
១. “ខ្ញុំចាស់ហើយ មិនអាចចាប់ផ្តើមជីវិតថ្មីបានទេ”
នេះជាផ្នត់គំនិតដ៏ពេញនិយមមួយសម្រាប់មនុស្សដែលមិនចង់ផ្លាស់ប្ដូរ។ ពួកគេយល់ថា វាហួសពេលហើយ មិនអាចចាប់ផ្តើមបានទេដោយសារតែអាយុកាន់តែចាស់។ ក៏ប៉ុន្តែចំណុចដែលគួរឲ្យយកមកពិចារណានោះគឺថា អាយុគ្រាន់តែជាទូរលេខតែប៉ុណ្ណោះ។ អ្នកត្រូវគិតថា ភាពជោគជ័យរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។ អ្នកខ្លះបរាជ័យរហូតដល់ស្លាប់ទៅវិញក៏មាន។ អ្នកខ្លះទៀតជោគជ័យតាំងពីអាយុ ២០ ឆ្នាំ ហើយខ្លះទៀតជិតស្លាប់ទៅ វិញទើបជោគជ័យ។ សូមចាំថា ពេញមួយជីវិតរបស់មនុស្សម្នាក់ៗមិនថា អាយុ ២០ ឆ្នាំ ៣០ ឆ្នាំ ៤០ឆ្នាំ ឬ ៧០ ឆ្នាំទៅហើយក្តី គឺអ្នកមានផ្លូវដើរផ្សេងៗគ្នា និងគោលដៅជីវិតផ្សេងៗគ្នាដែរ។ យ៉ាងណាក៏ដោយ អ្នកត្រូវសម្រេចចិត្តដើរលើមាគ៌ាជីវិតរបស់អ្នក មិនមែនជាស្រមោលរបស់អ្នកដទៃនោះឡើយ។
២. “ខ្ញុំមិនមានលុយគ្រប់គ្រាន់ទេ”
តើជារឿយៗអ្នកនិយាយថា “ខ្ញុំមិនមានលុយគ្រប់គ្រាន់” ប៉ុន្មានដង? ពាក្យមួយឃ្លានេះគេសង្កេតឃើញថា វាបានកើតមានជាទូទៅនៅ ក្នុងប្រធានបទពិភាក្សាជាច្រើនរបស់មនុស្សភាគច្រើន។ ក៏ប៉ុន្តែ វាជារឿងមួយគួរឲ្យសោកស្តាយដោយសារថា មនុស្សមិនច្រើនទេដែលអាចរើបម្រាស់ខ្លួនចេញពីទស្សនៈមួយនេះ។ ទីបំផុតទៅ ឃ្លានេះ បានក្លាយជាទម្លាប់របស់ពួកគេ។ ជំនួសឲ្យការគិតបែបនេះ អ្នកគួរជំរុញខ្លួនឯងឲ្យគិតការស្វែងរកលុយគឺ ជារឿងអាទិភាពបំផុតមួយដែលធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរ។ ជំនួសឲ្យគំនិតអវិជ្ជមានដែលតែងតែគិតថា អ្នកនៅខ្វះអ្វី អ្នកគួរសួរខ្លួនឯងថា អ្នកមានអ្វីខ្លះនៅពេលនេះ? តើចំណុចណាខ្លះដែលអ្នកចង់ផ្លាស់ប្ដូរ? បើជីវិតរបស់អ្នកមិនអាចផ្លាស់ប្ដូរបានដោយសារតែគ្មានលុយ អ្នកត្រូវសាកល្បងរកលុយបន្ថែម ឆ្លៀតធ្វើការងារក្រៅម៉ោង រៀនរកស៊ីនេះរកស៊ីនោះ ជាពិសេសវិនិយោគលើអាជីពការងាររបស់អ្នកឲ្យកាន់តែខ្លាំងឡើង អ្នកនឹងសង្កេតឃើញថា ស្ថានភាពរបស់អ្នកនឹងប្រសើរជាងមុន។
៣. “ខ្ញុំនឹងចាប់ផ្តើមធ្វើវានៅថ្ងៃស្អែក”
ពាក្យនេះគឺជាពាក្យយកលេសដ៏ពេញនិយមបំផុតរបស់មនុស្សភាគច្រើនដែលចូលចិត្តរស់នៅក្នុងជីវិតមួយដែលគ្មានការប្រកួតប្រជែង ឬគ្មានការផ្លាស់ប្ដូរ។ នៅពេលអ្នកយកផ្នត់គំនិតនេះមកដាក់ពីមុខហើយនោះ មានន័យថា ពេលវេលាឥឡូវនេះវាមិនសំខាន់នោះឡើយសម្រាប់អ្នក។ សូមចាំថា គោលដៅជីវិតរបស់អ្នកគឺមានតម្លៃខ្លាំងណាស់។ ដូច្នេះហើយដំបូងទី អ្នកត្រូវរៀនអង្កេតមើលដោយខ្លួនឯងថា ទង្វើបែបនេះវាជាទម្លាប់ ឬក៏យូរៗមានម្តង។ បើវាជាទម្លាប់ អ្នកត្រូវតែបញ្ឈប់វានៅពេលនេះ ហើយចាប់ផ្តើមឲ្យតម្លៃលើពេលវេលារបស់អ្នក ហើយប្រើប្រាស់វាឲ្យចំគោលដៅដែលអ្នកចង់បាន៕
ប្រភព៖ Lifehack