ស្ពានមិត្តភាពកម្ពុជា-ថៃ តម្លៃជាង២៦លានដុល្លារគ្រោងសម្ពោធឲ្យដំណើរការនៅថ្ងៃទី ២២ មេសានេះ
ស្ពានឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀង ឬហៅថា ស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀង) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃ ក្នុងទំហំទឹកប្រាក់ចំនួន ៩២៨ ១១០ ៦៨១ បាត ស្មើនឹងប្រមាណ ២៦.៤២លានដុល្លារអាមេរិក គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
ស្ពានមិត្តភាពកម្ពុជា-ថៃ នេះមានបណ្ដោយសរុបប្រវែង៦០៥ម៉ែត្រនិងទទឹង១៧ម៉ែត្រ ត្រូវបានអនុវត្តការសាងសង់ដោយកងវិស្វកម្មថៃ។ ច្រកព្រំដែនថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍របស់រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។
ថ្លែងនៅក្នុងការអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំសម្ពោធដាក់ឱ្យប្រើស្ពានមិត្តភាពកម្ពុជា-ថៃ កាលពីថ្ងៃទី០៨ ខែមេសាកន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានគូសបញ្ជាក់ថាសារៈសំខាន់នៃការតភ្ជាប់ផ្លូវដែករបស់ព្រះរាជាណាចក្រកម្ពុជាជាមួយព្រះរាជាណាចក្រថៃនាពេលឆាប់ៗ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ក៏ដូចជាសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ និងការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ផ្លូវដែករវាងកម្ពុជានិងថៃ បន្ទាប់ពីពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានជានិមិត្តរូបនៃការបញ្ចប់ការសាងសង់ និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក រួមជាមួយនឹងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) នេះគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍៕
ប្រភព៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន
ដោយ៖ ជួប ស្រីរ័ត្ន