អត្តចរិតយ៉ាប់យ៉ឺនមួយចំនួនរបស់អ្នករួមការងារ ដែលលោកអ្នកគួរកត់សម្គាល់ទុកឲ្យហើយ
ពេលខ្លះការងារនឹងកាន់តែធុញថប់ឡើងៗ សម្រាប់មនុស្សមួយចំនួន ទោះបីវាជាថ្ងៃល្អមួយសម្រាប់ពួកគេយ៉ាងណាក៏ដោយ។ នេះដោយសារតែឥទ្ធិពលនៃមិត្តរួមការងារយ៉ាប់ៗ នៅជុំវិញអ្នកនោះឯង។ ប្រាកដណាស់ដែលអ្នកជិតខាងរបស់អ្នកគឺពិតជាចូលរួមរំខានដល់សតិអារម្មណ៍ធ្វើការរបស់អ្នក។ ដូច្នេះហើយអ្នកគួរតែកត់សម្គាល់ឲ្យចាំនូវ អត្តចរិតអ្នកធ្វើការយ៉ាប់ៗនេះទុក ដើម្បីកុំឲ្យខ្លួនឯងកាន់តែទទួលអារម្មណ៍ប៉ះពាល់ពីពួកគេតទៅទៀត៖
១) តែងតែរំលឹកគុណអាស្រ័យ៖ វាពិតជាគួរឲ្យធុញទ្រាន់ណាស់ ដែលមានអ្នករួមការងារប្រភេទនេះ។ គេហាក់ដូចជាខិតខំធ្វើការណាស់ តែតាមពិតគឺចង់ឲ្យគេសរសើរ នឹងលើកតម្កើងយកមុខមាត់តែប៉ុណ្ណោះ។ ទោះបីគេមិនបានដឹង ក៏មនុស្សបែបនេះ ដើរទៅប្រាប់គេឲ្យដឹងថា តើគេបានធ្វើប្រយោជន៍អ្វីខ្លះដែរ?
២) ទុកការងារចោល៖ មិត្តរួមការងារប្រភេទនេះ វានាំផលលំបាកមិនត្រឹមតែចំពោះអ្នកប៉ុណ្ណោះទេ ថែមទាំង បំផ្លាញដល់ក្រុមហ៊ុនថែមទៀតផង។ ពួកគេភាគច្រើនតែងតែទុកការងារសំខាន់ចោល ហើយ ពេលជិតដល់ម៉ោងទើបធ្វើការបន្ត។ នេះដោយសារតែ ពួកគេបានចំណាយពេលសឹងតែមួយថ្ងៃទៅហើយ ក្នុងការនិយាយរឿងឥតប្រយោជន៍ជាមួយអ្នកដទៃនោះ។
៣) និយាយដើមគេ៖ វាជាម៉ោងការងារប៉ុន្តែ ម្នាក់ៗទៅជាចំណាយពេលនិយាយដើមគេអត់ប្រយោជន៍ទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះបែរជា នាំអ្នកដទៃ បំផ្លាញការងារ ដើម្បីមកនិយាយដើមជាមួយគេទៀត។ នេះជាអត្តចរិតដែលអ្នកមានការងារទាំងអស់គួរតែជម្រុះចោលឲ្យអស់ ព្រោះវានាំតែផលប៉ះពាល់ច្រើនណាស់ សម្រាប់ខ្លួនឯងនិងការងារទៀតផង៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា