រឿង៤យ៉ាងដែលអ្នកមិនដែលដឹងពី«មនុស្សដែលចូលចិត្តនៅម្នាក់ឯង»
មនុស្សដែលចូលចិត្តនៅម្នាក់ឯង ឬភាសាអង់គ្លេសគេហៅថា «Introvert» នោះ តែងតែមានអត្តចរិតចម្លែកៗបន្ដិចហើយ។ សម្រាប់អ្នកដែលមិនចូលចិត្តការស្ងៀមស្ងាត់ប្រហែលជាមើលទៅពួកគេ ថាមិនល្អត្រង់ចំណុចណាមួយហើយ។ តែបើសិនមនុស្សដែលមានចរិតស្ងៀមស្ងាត់វិញ ពួកគេនឹងមើលទៅថាវាជាចំណុចអំណោយផលល្អពីធម្មជាតិទៅវិញទេ។ តោះសាកទៅមើលពីចំណុចខ្លះៗដែលអ្នកមិនទាន់ដឹងពីមនុស្សប្រភេទស្ងប់ស្ងាត់សិន៖
១) ពួកគេធ្វើឲ្យខ្លួនឯងសើច៖ ពួកគេចូលចិត្តធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ ពួកគេជាមនុស្សចូលចិត្តគំនិតខ្លួនឯង ចូលចិត្តស្រមើស្រមៃ ចូលចិត្តបង្កើតថ្មី ចូលចិត្តសម្រាក ហើយធ្វើឲ្យខ្លួនឯងសើចគ្រប់តែពេលហ្នឹង។
២) ភាពស្មោះត្រង់គឺសំខាន់បំផុតសម្រាប់ពួកគេ៖ កាលណាបើប្រភេទមនុស្សបែបនេះសុខចិត្តចំណាយពេលមកស្គាល់អ្នកហើយ។ នោះបានន័យថាអ្នកពិតជាមានន័យណាស់សម្រាប់ជីវិតគេ។ ម្ល៉ោះហើយបានជាគេចង់បានភាពស្មោះត្រង់មកវិញ ពីមនុស្សដែលគេបានដាក់ចិត្តចង់ស្គាល់នោះ។
៣) ពួកគេមិនចូលចិត្តវាយតម្លៃអ្នកដទៃច្រើនទេ៖ មនុស្ស Introvert គឺជាប្រភេទមនុស្សស្ងប់ស្ងាត់បំផុត ចាំសង្កេតមើលគេ ហើយគិតច្រើនបំផុតមុននឹងធ្វើអ្វីមួយ។ ម្ល៉ោះហើយ មនុស្សប្រភេទនេះគឺមិនងាយទៅចំណាយពេលចោលអត់ប្រយោជន៍អង្គុយ វាយតម្លៃអ្នកដទៃទេ។
៤) ទឹកមុខអាចនឹងស្រងូតស្រងាត់តែមិនពិបាកចិត្តទេ៖ ពេលខ្លះអ្នកអាចឃើញទឹកមុខរបស់ពួកគេរៀងស្រងូតស្រងាត់ ដូចជាពិបាកចិត្តនឹងរឿងអ្វីមួយអីចឹង។ ប៉ុន្តែអ្នកមិនបានដឹងថាគេកំពុងតែគិតអ្វីឡើយ។ ភាគច្រើន ពួកគេប្រើប្រាស់ខួរក្បាលខ្លាំងណាស់ ហើយគិតគ្រប់តែពេល អស់ពីរឿងមួយចូលរឿងថ្មី។ ដូចនេះបើសិនឃើញទឹកមុខពួកគេដូចជាមិនសូវស្រួល នោះ មិនបាច់បារម្ភអ្វីច្រើនពេកទេ។ នេះមកពីពួកគេកំពុងតាំងអារម្មណ៍គិតពីរឿងរ៉ាវដែលគេកំពុងតែគិតនោះឯង៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា