ធ្វើយ៉ាងណាទើបដឹងថា Startup ជាអាជីវកម្មស័ក្តិសមនឹងអ្នក?
ក្រលេកមើលទៅក្នុងសង្គមសព្វថ្ងៃមានអាជីវកម្មច្រើនណាស់ដែលកំពុងលូតលាស់ ធំធាត់។ មានមនុស្សមិនតិចដែរដែលស្រមៃ មានបំណងចង់បើកអាជីវកម្ម។ អ្នកប្រាកដជាធ្លាប់បានដឹងបានឮពី Startup មកហើយ ហើយក៏ធ្លាប់គិតថាចង់មានអាជីវកម្មបែប Startupនេះនឹងគេដែរ តែធ្វើម៉េចទៅទើបដឹងថាអាជីវកម្មបែបនេះសាកសមជាមួយអ្នក? ថ្ងៃនេះ BizKhmerនឹងបង្ហាញគន្លឹះមួយចំនួនឲ្យអ្នកដែលចង់ដឹងថាអាជីវកម្មStartup ស័ក្តិសមសម្រាប់ខ្លួនអ្នកឬអត់៖
១) អ្នកជាមនុស្សចូលចិត្តខំប្រឹងប្រែងក្នុងការលំបាក ហើយនៅតែបន្តជំនះវាឬទេ?
ពាក្យថាសហគ្រិនស្តាប់ទៅធម្មតាណាស់ តែធាតុពិតនៃការអនុវត្តមិនធម្មតាទេណា។ បើអ្នកជាមនុស្សដែលចិត្តក្តៅម្នាក់ចង់បានផ្លែផ្កាឆាប់ៗពីការងារអ្វីមួយ ខ្ញុំគិតថា Startup ជាវិធីសាស្រ្តមួយល្អសម្រាប់អ្នក នេះមានន័យថាអ្នកត្រូវការថាមពលនិងសមត្ថភាពក្នុងការធ្វើការងាររបស់អ្នក។ Startup ជាប្រភេទជាអាជីវកម្មថ្មី ចាប់ផ្តើមដំណើរការពីប្រតិបត្តិការ និងហិរញ្ញវត្ថុតូច វាក៏ងាយរងហានិភ័យដែរ ដូច្នេះអ្នកគួរគិតវាឡើងវិញពីរទៅបីដងសិនមុនសម្រេចចិត្តចាប់ផ្តើមអាជីវកម្មប្រភេទនេះ។
២) ផលិតផល ឬសេវាកម្មរបស់អ្នកមានទីផ្សារធំ
ដោយសារមានការរីកចម្រើនលឿននូវអាជីវកម្មប្រភេទនេះ អ្នកក៏ត្រូវគិតវាឲ្យបានធំដែរក្នុងការផលិតផលិតផលរបស់អ្នកដើម្បីលក់នៅក្នុងទីផ្សារឲ្យបានច្រើន។ នេះជាហេតុផលដែលនាំឲ្យ Tech Startup មានប្រជាប្រិយភាព អាចរកចំណូលបានរហូតដល់រាប់លានដុល្លារក្នុងរយៈពេលខ្លី។
៣) អ្នកប្រហែលជាត្រូវស្វែងរកការណែនាំពីអ្នកជំនាញ
ដូចដែលខ្ញុំបានលើកឡើងពីខាងដើម វាជាពន្លកនិងបង្កើនល្បឿនគឺល្អសម្រាប់អ្នកដែលមិនធ្លាប់បានចាប់ផ្តើមអាជីវកម្មពីមុនមក។ បើអ្នកប្រថុយទាំងខ្ចី ទាំងមិនដឹងស្គាល់អ្វីទាំងអស់ អ្នកនឹងដើរលើផ្លូវខុសដូចកប់ខ្លួនឯងទាំងរស់ ព្រោះវាខាតបង់ច្រើនណាស់។ ការប្រឹក្សាជាមួយអ្នកជំនាញជាពន្លឺមួយក្នុងការជួយបំភ្លឺផ្លូវដើររបស់អ្នក ព្រោះអ្នកនឹងទទួលបទពិសោធន៍ដែលអ្នកនឹកស្មានមិនដល់ពីពួកគាត់ក៏ថាបាន។
៤) អ្នកជាមនុស្សមានការច្នៃខ្ពស់ទេ
ក្នុងពិភពលោកនៃអាជីវកម្ម Startup គំនិតគឺជាលុយអ្នកត្រូវមានគំនិតថ្មីៗរហូតមានការកែច្នៃខ្ពស់ដើម្បីទាក់ទាញអតិថិជន។ ជឿទេថាមានក្រុមហ៊ុនមួយចំនួនបានផ្អាកការច្នៃប្រឌិតរចនានានាលើផ្នែកខាងក្នុងហើយ ដោយជំនួសមកវិញនូវការចំនាយប្រាក់រាប់រយលានដុល្លារក្នុងការបង្កើតគំនិត Startup ហើយពួកគេបន្តអភិវឌ្ឍអ្វីថ្មីៗលើ Startup របស់គេឥតឈប់ឈរ។
បើអ្នកជាមនុស្សដែលចូលចិត្តច្នៃប្រឌិត បង្កើតគំនិតថ្មីៗនោះ Startup វាសាកសមនឹងអ្នកហើយ៕
ដោយ៖ យ៉ាយ៉ា