ខ្ជិលធ្វើការមែនទេ? តែបើជៀសមិនរួចទេ អ្នកគួរសាកល្បងវិធីសាស្ត្រទាំងនេះ
ពេលខ្លះអារម្មណ៍ខ្ជិលច្រអូសតែងតែកើតមានមកយូរៗម្ដង ឬជានិច្ចកាលចំពោះមនុស្សរាល់គ្នា។ ប៉ុន្តែអ្នកត្រូវដឹងថាការងារគឺជាការងារ ហើយអ្នកមិនអាចគេចវេះបានទេដោយសារអ្នកត្រូវតែមានទំនួលខុសត្រូវចំពោះវា។ តើមានវិធីសាស្ត្រអ្វីខ្លះ ដើម្បីឲ្យអ្នកកុំពន្យារការធ្វើកិច្ចការការងារដោយសារការខ្ជិលច្រអូសនោះតទៅទៀត?
១) គួរឲ្យរង្វាន់ខ្លួនឯងមុនពេលធ្វើការ៖ ការផ្ដល់ជារង្វាន់នេះប្រៀបបាននឹងការជំរុញទឹកចិត្តឲ្យអ្នក ធ្វើអ្វីមួយ។ ពេលខ្លះអ្នក អាចនឹងអស់កម្លាំង ហើយអស់អារម្មណ៍ចង់ធ្វើអ្វីទាំងអស់ ប៉ុន្តែបើអ្នករំពឹងចង់បានអ្វីមួយ អ្នកនឹងមានះចង់បញ្ចប់ការងារឲ្យអស់ដើម្បីទទួលបានអ្វីដែលអ្នកចង់បាន។
២) រៀបចំកន្លែងធ្វើការឲ្យមានរបៀប៖ ពេលខ្លះអ្នកត្រូវតែប្រាកដថាកន្លែងធ្វើការរបស់អ្នកគឺមានរបៀបរៀបរយមុននឹងចាប់ផ្ដើមធ្វើការ។ កាលណាកន្លែងធ្វើការរាល់ថ្ងៃរបស់អ្នកមិនមានរៀបរយ របស់របរនៅពាសវាលពាសកាល វានឹងកាន់តែធ្វើឲ្យអារម្មណ៍អ្នកស្មុគស្មាញនឹងមិនចង់ធ្វើការងារតទៅទៀតទេ។
៣) ស្ដាប់តន្ត្រី៖ អ្នកគួររៀនធ្វើឲ្យអារម្មណ៍កុំតានតឹងខ្លាំងពេក ទោះបីអ្នកខ្ជិលមែនតែអ្នកត្រូវគិតថា ការងារគឺចិញ្ចឹមក្រពះរបស់អ្នក។ បើអ្នកមិនធ្វើ តើអ្នកអាចរកប្រាកចំណូលបានមកពីណា? ដូច្នេះហើយ ការស្ដាប់តន្ត្រីនេះទៀតសោត អាចមកបណ្ដុះកម្លាំងចិត្តសម្រាប់អ្នក ឲ្យមានអារម្មណ៍ផ្ដោតលើការងារវិញបានមួយរយៈដែរ។
៤) គ្រាន់តែធ្វើវាទៅ៖ ដូចពាក្យស្លោករបស់ ក្រុមហ៊ុនNike «គ្រាន់តែធ្វើទៅ Just do it » អ្នកនឹងអស់អារម្មណ៍ខ្ជិលហើយ។ អ្នកគ្រាន់តែធ្វើអ្វីដែលអ្នកធ្វើទៅ ហើយមិនបាច់ខ្វល់ពីអារម្មណ៍តានតឹងឬខ្ជិលទាំងនោះទេ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា