នាយកគ្រប់គ្រង ParkCaf’e៖ បើកអាជីវកម្មថ្មីថ្មោងត្រូវសិក្សាពីភាពលេចធ្លោនិងខុសប្លែកពីគេនៅលើទីផ្សារ​



នាយកគ្រប់គ្រងអាជីវកម្មយីហោក្នុងស្រុកមួយ  បានលើកឡើងថា ដើម្បីដំណើរការអាជីវកម្ម១ ឲ្យទទួលបានជោគជ័យ ម្ចាស់អាជីវកម្ម គួរសិក្សាពីភាពលេចធ្លោ ខុសប្លែកពីគេដែលមិនទាន់មានច្រើនហូរហៀរខ្លាំងពេកនៅលើទីផ្សារ ដែលនាំអោយអាជីវកម្មថ្មីថ្មោង ងាយនឹងទទួលបានជោគជ័យច្រើន។

លោក ហេង សេងលី នាយកគ្រប់គ្រងភោជនីយដា្ឋនParkCaf’e បានបញ្ជាក់ថា អាជីវកម្មក្នុងស្រុក ដែលប្រើប្រាស់យីហោផ្ទាល់ខ្លូន ដោយមិនទិញសិទ្ធិធ្វើអាជីវកម្ម ឬFranchise(ហ្វ្រេនឆាយ) ពីក្រៅប្រទេសនោះ មុនបើកដំណើរការ ម្ចាស់អាជីវកម្មត្រូវសិក្សាអោយបានស៊ីជម្រៅពីភាពលេចធ្លោ ខុសប្លែកពីគេលើផលិតផលខ្លួននៅលើទីផ្សារ និងត្រូវពិភាក្សាជាមួយនឹងអ្នកជំនាញឲ្យបានច្បាស់លាស់ទៅលើវិស័យដែលខ្លួនចង់ធ្វើ ហើយចំណុចសំខាន់គឺត្រូវមានការតាំងចិត្តខ្ពស់លើការងារនេះ។

បើនិយាយពីផាកកាហ្វេវិញ ដើម្បីឈរជើងបានរឹងមាំ នៅក្នុងទីផ្សារកម្ពុជានោះ គឺភោជនីយដ្ឋានមួយនេះ តែងតែផ្តោតសំខាន់ទៅលើគុណភាពអាហារ សេវាកម្ម និងអនាម័យទូទៅនៅក្នុងហាង ជាពិសេសគឺអាហារមិនប្រើប្រាស់នូវប៊ីចេង ដែលមិនមានអាហារដ្ឋានផ្សេងធ្លាប់មាន។

លោកថា ផាកកាហ្វេ បានបើកសាខាដំបូងនៅឆ្នាំ២០០៤ ហើយមកដល់បច្ចុប្បន្ននេះ ផាកកាហ្វេមានបទពិសោធន៍ក្នុងវិស័យម្ហូបអាហារជាពិសេស គុយទាវភំពេញ និងកាហ្វេបែបបុរាណ ជាង១៣ឆ្នាំ និងមានសាខាជាង១០កន្លែងក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ៤០០នាក់ និងបង្កើនការងារប្រមាណ១០០កន្លែងទៀតនៅតាមបណ្ដាលខេត្តដែលយើងគ្រោងមានវត្តមាននៅឆ្នាំក្រោយៗនេះ។ 

ដោយសារតែមើលឃើញនូវសក្តានុពលតាមបណ្តាខេត្តមួយចំនួន ផាកកាហ្វេនឹងពង្រីកខ្លួនទៅខេត្តកំពង់ចាម សៀមរាប បន្ទាយមានជ័យ និង ខេត្តបាត់ដំបងផងដែរ ដោយជាគោលដៅយើងនឹងពង្រីកអោយបាន ៣១ទីតាំងនៅឆ្នាំ២០២០។

គួរបញ្ជាក់ថា ជារៀងរាល់ថ្ងៃនៅតាមសាខានីមួយៗរបស់ Park Café មានអតិថិជនចេញចូលចន្លោះពី ១៥០០នាក់ ទៅ ១៨០០នាក់ ដែលអតិថិជនភាគច្រើន គឺជាពាណិជ្ជករ មន្ត្រីរាជការ មន្ត្រីសង្គមស៊ីវិល អ្នកស្រាវជ្រាវ និងសិស្ស-និស្សិត ដោយពួកគាត់មិនត្រឹមតែមកទីនេះដើម្បីទទួលទានអាហារ និងភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីពិភាក្សាគ្នានៅក្នុងកិច្ចការងារមុខរបរប្រចាំថ្ងៃ ការសិក្សាស្រាវជ្រាវ និងការសម្រាកលំហែកម្សាន្ត ជាដើម៕

ដោយ៖​ ស្រីពេជ្រ

X
5s