របត់ថ្មីមួយសម្រាប់កម្ពុជាដែល MFI និងក្រុមហ៊ុនចំនួន១០ទទួលបានការអនុញ្ញាតលើសំណើពី គ.ម.ក
នៅក្នុងកិច្ចប្រជុំគណកម្មការមូលបត្រកម្ពុជា (គ.ម.ក)លើកទី៥៥ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមអធិបតីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា ដោយក្នុងនោះអង្គប្រជុំបានពិភាក្សាផ្លាស់ប្ដូរយោបល់ និងបានសម្រេចផ្ដល់ការអនុញ្ញាតដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងក្រុមហ៊ុនចំនួន១០តាមសំណើរដូចខាងក្រោម៖
របៀបវិរៈទី១៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ គ្រឹះស្ថានស្នើសុំបោះផ្សាយលក់មូលបត្របំណុលដែលជាប្រភេទ (១) សញ្ញាបណ្ណធម្មតាមានអាទិភាពខ្ពស់ គ្មានវត្ថុធានា និងគ្មានការការពារហានិភ័យ អត្រាប្តូរប្រាក់ (សញ្ញាបណ្ណធម្មតាប្រភេទ “ក”) ក្នុងអត្រាគូប៉ុងប្រចាំឆ្នាំចន្លោះពី ៨%-៩% និង (២) សញ្ញាបណ្ណធម្មតាមានអាទិភាពខ្ពស់ គ្មានវត្ថុធានា និងមានការការពារហានិភ័យអត្រាប្តូរប្រាក់ (សញ្ញាប័ណ្ណធម្មតាប្រភេទ “ខ”) ក្នុងអត្រាគូប៉ុងប្រចាំឆ្នាំចន្លោះពី ៧,៥%-៨% ក្នុងមួយឆ្នាំ។
គ្រឹះស្ថានគ្រោងបោះផ្សាយក្នុងទំហំប្រាក់សរុប ៨០ ប៊ីលានរៀល (ប្រហែល២០ លានដុល្លារ) មានតម្លៃចារឹកក្នុងមួយឯកតាមូលបត្របំណុល ១០០.០០០ រៀល។ គ្រឹះស្ថានត្រូវបន្តនីតិវិធីនៃការបោះផ្សាយលក់មូលបត្របំណុលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន មុនទទួលបានការអនុញ្ញាតជាផ្លូវការក្នុងការចុះបញ្ជីលើទីផ្សារមូលបត្រកម្ពុជា។
របៀបវិរៈទី២៖ អនុម័តជាគោលការណ៍លើសំណើសុំការអនុញ្ញាតបន្ថែមផលិតផលឧបករណ៍និស្សន្ទដែលត្រូវធ្វើការជួញដូររបស់ (១) ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ឯ.ក (Cambodian Derivatives Exchange Co., Ltd) និង (២) ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វាយនែនសល ខបភើរេសិន (Royal Financial Corporation)។
របៀបវារៈទី ៣៖ អនុម័តជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ (១)ក្រុមហ៊ុន វីយូនៀន អ៊ិនវេសម៉ិន ឯ.ក (Vunion Investment Co., Ltd) (២) ក្រុមហ៊ុន ជីខេអេហ្វអិកស៍ (ខេមបូឌា) ឯ.ក (GKFX (Cambodia) Co., Ltd) និង (៣) ក្រុមហ៊ុន ហ៊្វូល អឹសសេនសិន ប្រូកឃើរ ឯ.ក (Full Ascension Broker Co., Ltd)។
របៀបវារៈទី ៤៖ អនុម័តជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ (១) ក្រុមហ៊ុន ហ្គោល វេល ឯ.ក (Gold Whale Co., Ltd), (២) ក្រុមហ៊ុន ហ៊ុង តុង ហ្វ័រឈូន ហ្វាន់ អ៊ិនវេសម៉ិន ឯ.ក (Hung Tong Fortune Fund Investment Co., Ltd) (៣) ក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រក្លឹប អ៊ិនវេសម៉ិន ម.ក (CEO Master Club Investment Plc.) និងក្រុមហ៊ុន ខេមបូឌាន អ៊ីនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក. (Cambodian Investors Capital Partners Plc.)។
របៀបវារៈទី ៥៖ អនុម័តជាគោលការណ៍លើការស្នើសុំការទទួលស្គាល់ធ្វើជាក្រុមហ៊ុនផ្តល់សេវាសវនកម្មរបស់ក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក (Baker Tilly (Cambodia) Co., Ltd)។
របៀបវារៈទី ៦៖ អនុម័តលើសេចក្តីព្រាងវិសោធនកម្មប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានសមាជិកភាពរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕
ប្រភព៖ គណៈកម្មការមូលបត្រកម្ពុជា
ដោយ៖ ស្រីរ័ត្ន