ដែន ឡក់៖ កុំទាន់ចាប់ផ្តើមអាជីវកម្ម ប្រសិនបើមិនទាន់មានចំណុចទាំង​ ៥ នេះ​




ចង់​ចាប់​ផ្តើម​អាជីវកម្ម​មួយ​សម្រាប់​ខ្លួន​ឯង​មែនទេ? មាន​ដឹង​ទេ​ថា​ចាប់​ផ្តើមអាជីម្ម​ថ្មី​មួយអ្នក​ត្រូវ​មាន​ត្រៀម​អ្វីខ្លះ? កុំ​ភ្លេច​ថាចាប់​បើក​អាជីវកម្ម​មួយ​ វាហាក់​ដូចជា​អ្នក​ត្រូវ​រៀប​ចំ​រឿង​រ៉ាវមួយ​ពាន់​ជំពូក​ឲ្យ​រួច​រាល់​ដំណាលគ្នា​អ៊ីចឹងណា។ ចុះ​អ្នក​មាន​ ដែល​គេ​រក​ស៊ី​រាប់​សិបមុខរហូត​ក្លាយ​ជា​មហាសេដ្ឋ​តើ​គេ​ធ្វើ​ដូចម្តេច​ខ្លះ​បាន​គេ​អាច​ទទួល​​ជោគ​ជ័យ​លើ​ជំនួញ​គេបាន?

ថ្ងៃ​នេះ​យើង​នឹង​នាំ​យក​ការ​ចែក​រំលែក​គំនិត​អាជីវកម្ម​ពីលោក ដែន​ ឡក់ ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ថា តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះមុន​ចាប់​ផ្តើមអាជីវកម្ម​មួយ? ដែន ឡក់​ បាន​ដាក់​បំរាម​មួយ​ចំនួន​មុខ​ពេលអ្នក​ចង់​បើក​អាជីវកម្ម​៖

១) កុំ​ទាន់​អាល​ចាប់​ផ្តើម​រក​ស៊ីបើ​អ្នក​គ្មាន​លុយ៖ គំនិត​ជា​ច្រើនដែលនិយាយ​ថា លុយ​មិនសំខាន់​សម្រាប់​ការ​ចាប់​ផ្តើមអាជីវកម្ម​ទេ តែ​ត្រូវ​ចាំ​ថាបើ​អ្នកគ្មាន​លុយ​តើ​អ្នក​ធ្វើ​អ្វី​កើត? អ្នក​ត្រូវ​ការ​លុយ​សម្រាប់​អាជីវកម្ម​ ដូច​ជាអ្នក​ត្រូវការ​ឈាម ត្រូវ​ការ​អុក​ស៊ី​សែន​ដើម្បី​ទ្រទ្រង់​រាង​កាយ​អ្នក​ដូច្នោះ​ដែរ។ ពាក្យ​ដែល​ថាមិន​ត្រូវការលុយ​ទេឲ្យ​តែ​មានគំនិត​ទៅអាច​រក​ស៊ីបាន​ហើយ តែ​កុំភ្លេច​ថាអ្នក​ត្រូវ​ការ​ញ៉ាំ ត្រូវ​ការ​ចំណាយ​សព្វគ្រប់​បែប​យ៉ាង​មិន​ត្រឹម​តែ​រាល់​ថ្ងៃទេ តែរាល់ម៉ោង​គឺអ្នកសុទ្ធ​តែត្រូវការ​ចំណាយ​លើជីវភាពរស់​​នៅ​ប្រចាំ​ថ្ងៃ។ រំឮក​ឡើង​វិញ​ បើ​មិន​ទាន់​មានលុយ​កុំ​ទាន់​ចាប់​ផ្តើម​អាជីវកម្ម​។

២) កុំ​ចាប់​ផ្តើម​រក​ស៊ីបើអ្នក​មិនទាន់​ស្គាល់​ពី​វិស័យ​ដែល​អ្នក​នឹង​ឈាន​ជើង​ចូល​ទៅ​ផង​នោះ៖ ដែន​ ឡក់​ ថា បើ​មិនស្គាល់​ពី​ industry ដែល​អ្នក​ចង់​រកស៊ី​ទេ ១០០% អ្នក​នឹង​បរាជ័យ។ វា​គ្មា​នអ្វី​ចម្លែក​ទេចង់​រក​ស៊ី​ខាង​ណា​ទាល់​តែស្គាល់​ ទាល់​តែ​ជំនាញ ទាល់​តែ​ស្រលាញ់ ទាល់​តែ​ប្រសប់​ខាង​ហ្នឹង​បាន​ទៅ​រួច។ ឧទាហរណ៍​ ចង់​បើក​ហាង​កាហ្វេទាល់​តែអ្នក​ចេះយ៉ាង​ហោចចេះ​ឆុ​ងកាហ្វេ ឬបើ​អ្នក​មិនទាន់​ដឹង​ពី​របៀប​នៃ​ការ​គ្រប់​គ្រង​ភោ​ជនីយ​ដ្ឋាន​ទេ តែអ្នក​ស្រលាញ់​ចង់​បើក​ភោជនីយ​ដ្ឋាន ដូច្នេះ​ជម្រើស​ល្អ​គឺអ្នក​ត្រូវ​តែ​ទៅធ្វើ​ការ​នៅ​ភោជនីយ​ដ្ឋាន ឬកន្លែង​លក់​អាហារដើម្បី​រៀន និង​ទទួល​បាន​បទ​ពិសោធន៍​មក​បើក​អាជីវកម្ម​ខ្លួន​ឯង។

៣) កុំ​ទាន់​ចង់​បើ​អាជីវកម្ម​​បើ​អ្នក​មិនទាន់​មានកម្លាំង​ទប់​ទល់​នឹង​ការ​ឈឺ​ចាប់៖ អ្វី​ទៅ​ជា​គុណ​វឌ្ឍសំខាន់​សម្រាប់​ភាព​ជោគជ័យ? មាន​សមត្ថភាព មាន​គំនិត​ល្អៗ មាន​ក្រុម​ការងារ​ល្អ មាន​អ្នក​ប្រឹក្សា​ល្អ​? តែធាតុ​ពិត​ ការ​ស៊ូ​ទ្រាំ​នឹងភាព​ឈឺ​ចាប់​ជា​ហេតុ​ផល​ ជា​គុណ​វឌ្ឍ ជាកត្តា​ដឹក​ដៃអ្នក​ទៅ​រក​ភាព​ជោគ​ជ័យ​ពិសេស​សម្រាប់​សហគ្រិន​។ សាក​គិត​មើល​ថា​មុន​នឹង​បុគ្គល​មួយ​រូប​អាច​ជោគ​ជ័យ​បាន​គាត់​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ ការ​ឈឺ​ចាប់​អ្វីខ្លះ? មាន​ប៉ុន្មាន​ដង​ដែលគាត់​ចង់​បោះ​បង់​វាចោល? ហើយ​ការ​ឈឺ​ចាប់​វា​បាន​បំ​ផ្លាញ​គាត់​ដូចម្តេច​ខ្លះ? សួរ​ថា​បើ​គាត់​សម្រេច​ថា​បោះ​បង់​វា​ពិត​មែន តើ​គាត់​អាច​មាន​ភាព​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ​ទេ? ដូច្នេះ ការ​ស៊ូទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ជា​កត្តា​ជំរុញ​ឲ្យ​គាត់​មាន​ថ្ងៃ​នេះ។

៤) បើ​គិត​ថា​ចង់​មាន​ពេល​សម្រាក​ទើប​ចាប់​ផ្តើម​អាជីវកម្ម​ អ្នកគិត​ខុស​ហើយ៖ អ្នក​រក​ស៊ីជោគជ័យ​​គ្មា​ន​ពេល​សម្រាក​ទេ​​ គ្រប់​កាយ​វិការ​ គ្រប់​វិនាទី​របស់​អ្នក​រកស៊ីគឺ​សុទ្ធ​តែ​ផ្តោត​ទៅ​លើ​ជំនួញ។ គាត់គិត​ណាស់​ថា​ធ្វើ​យ៉ាង​ណា​អាច​បំពេញ​ចិត្តអតិថិជន​ឲ្យ​បាន​ល្អ? អ្វី​ទៅ​ជា​តម្រូវ​ការ​ធំ​របស់​អតិថិជន? វា​ខុស​ពី​អ្នក​ធ្វើ​ការ​ ពេល​សម្រាក​ពី​ការ​ងារអ្នក​អាច​មាន​ពេល​ទំនេរ​លំហែរ​បាន​ អ្នក​អាច​មាន​ថ្ងៃ​សម្រក​ចុង​សប្តាហ៍ សម្រាក​ថ្ងៃ​បុណ្យ​ឬ​ពេល​ពិសេសណាមួយ។ តែ​ចង់​ក្លាយ​ជាអ្នក​ជំនួញ​ត្រូវ​តាំងចិត្ត​លះ​បង់​ការ​សម្រាក​ចេញ​ទើប​អាច​សម្រេច​បំណង។

៥) ចេះ​បង្កើន​ភាព​ជិត​ស្និត​ជាមួយ​មនុសុ្សជុំ​វិញ​ខ្លួន​ឬ​នៅ៖ បើអ្នក​ខ្វះ​សមត្ថ​ភាព​ផ្នែក​ទំនាក់​ទំនង​នោះ​គំនិត​ចង់​បង្កើត​អាជីវកម្ម​របស់អ្នក​នោះ​បានត្រឹម​ជា​ក្តីស្រមៃ​ប៉ុណ្ណោះ។ រៀន​បង្កើន​ភាព​ជិត​ស្និត​ជាមួយ​មជ្ឍ​ដ្ឋានជុំ​វិញ​ខ្លួន​ជាមុន​សិន​ទៅ ឆ្ងល់​ណាស់​មែន​ទេ គ្រាន់​តែ​ចង់​រក​ស៊ី​ខ្លួន​ឯង​សោះ​ចាំ​បាច់អី​ទៅបង្កើន​ភាព​ស្និត​ស្នាល​ជាមួយមនុស្សជុំវិញ​ខ្លួន? តែសួរ​វិញ​ថា បើក​រក​ស៊ីគឺ​ដើម្បី​លក់​ទំនិញ លក់​សេវាកម្ម​ សួរ​ថា​បើអ្នក​ជា​មនុសុ្សមិនរាប់​អ្នក​ដទៃ បើ​អ្នក​លក់​ទំនិញ​ឲ្យនរណា? បើ​អ្នក​មិនមើលមុខអ្នក​ជិត​ខាង​ផង​ តើ​អ្នក​ណា​មួយ​ជួយ​គាំ​ទ្រអាជីវកម្ម​ គាំ​ទ្រ​ការលក់​របស់​អ្នកទៅ?

សង្ឃឹម​ថា ៥ ចំនុច​ខាង​លើ​នេះជា​គន្លឹះ​មួយ​ចំនួនបង្ហាញ​ផ្លូវ​ដល់​អ្នក​ដែល​ចង់​បើក​អាជីវកម្ម បានដឹង​បានត្រៀម​ពី​អ្វី​ដែល​អ្នក​គួរ​មាន​ ចៀសវាងការ​ខាតបង់។​​

ដោយ៖ យ៉ាយ៉ា

 

X
5s