ស្ពានមិត្តភាពកម្ពុជា-ជប៉ុននឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី០៣ មេសា ស្អែកនេះ
ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរ ពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ១៥ និង១៦ មេសា ខាងមុខនេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វារ នឹងបើកសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការស្តារទ្បើងវិញស្ពានជ្រោយចង្រវាចាស់ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។ មន្ត្រីរដ្ឋបាលរាជធានី បានបញ្ជាក់ថា គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣.៣៤៣ (បីពាន់បីរយសែសិបបី) លានយ៉េន ប្រមាណជា ៣៣ (សាមសិបបី) លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ការជួសជុលស្តារទ្បើងវិញនៃស្ពាននេះបានប្រើរយៈពេលប្រមាណ២១ខែ ប៉ុន្តែជាក់ស្ដែងការសាងសង់ត្រឹមតែ១៩ខែប៉ុណ្តោះត្រូវបានរួចរាល់ជាស្ថាពរ។ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងបានបញ្ចប់១០០ភាគរយ គ្រោងនឹងបើកឱ្យដំណើរកានៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីរខ្មែរខាងមុខនេះ៕
ប្រភព៖ Phnom Penh Reporter
ដោយ៖ ជួប ស្រីរ័ត្ន