រឿងរ៉ាវ ៤ចំណុចដែលអ្នកគួរដឹងមុនដាច់ចិត្តរៀបអាពាហ៍ពិពាហ៍ កុំឲ្យស្ដាយក្រោយ
អ្នកអាចនឹងមានអារម្មណ៍ថាស្មុគស្មាញខ្លាំង នៅពេលគិតដល់ថ្ងៃដែលត្រូវរៀបអាពាហ៍ពិពាហ៍ម្ដងៗ ព្រោះថាអ្នកមិនទាន់បានរៀបចំខ្លួនរួចជាស្រេចនៅឡើយទេ។ ហេតុនេះហើយទើបអ្នកគួរត្រិះរិះពីគំនិតខ្លះៗ មុននឹងសម្រេចចិត្តថាខ្លួនគួរតែរៀបការ ព្រោះថាមួយជីវិតមានតែម្ដង បើអ្នកមិនមើលឲ្យច្បាស់សិន អ្នកអាចនឹងមានវិប្បដិសារីនៅថ្ងៃក្រោយជាមិនខាន។ ចំណុច ៤យ៉ាងនេះហើយដែលអ្នកគួរគិតជាមុនសិន មិនរៀបការ៖
១) អ្នកមិនត្រូវពឹងតែការងាររបស់ស្វាមីឬភរិយាតែម្ខាងទេ៖ ពេលដែលអ្នករៀបការហើយអ្នកមិនអាចរស់នៅដោយរំពឹងតែការងារតែម្ខាងនោះឡើយ។ ក្នុងនាមជាប្ដីឬប្រពន្ធ អ្នកគប្បីប្រើប្រាស់ការចេះដឹងដែលខ្លួនបានរៀនសូត្រ និងពេលវេលារបស់ខ្លួនក្នុងការប្រកបការងារ។ កាលណាចំណូលការងារបានច្រើន ជីវភាពគ្រួសារក៏កាន់តែប្រសើរទៅតាមហ្នឹងដែរ។ ពេលនោះអ្នកមិនត្រឹមតែទទួលប្រាក់ចំណូលបានកាន់តែច្រើននោះទេ ថែមទាំងបង្ហាញពីសមត្ថភាពរៀងៗខ្លួនសម្រាប់គ្រួសារទៀតផង។
២) ធ្វើអ្វីដែលបំពេញសេចក្ដីត្រូវការរបស់អ្នក៖ គឺមានតែអ្នកប៉ុណ្ណោះដែលអាចដឹងថាខ្លួនឯងត្រូវការអ្វីនិងរំពឹងពីអ្វី? ដូច្នេះអ្នកត្រូវតែព្យាយាមធ្វើអ្វីក៏ដោយ ដែលវាសក្ដិសមនឹងអ្វីដែលអ្នកចង់បាន។ ការធ្វើអ្វីដែលខ្លួនឯងស្អប់និងមិនចង់បាន គឺវានឹងធ្វើឲ្យអ្នកធុញទ្រាន់នឹងជីវិត ហើយមានអារម្មណ៍បាក់ទឹកចិត្តទៀត។
៣) អ្នកអាចសម្របខ្លួនទៅនឹងបញ្ហាប្រចាំថ្ងៃបាន៖ ពេលអ្នករៀបអាពាហ៍ពិពាហ៍រួច អ្នកនឹងមានគ្រួសារ ហើយកាតព្វកិច្ចជាច្រើនក៏ចេះតែកើនមានឡើងជាលំដាប់។ អ្នកអាចងាយនឹងទទួលរងការលំបាក ប្រសិនបើអ្នកមិនបានត្រៀមខ្លួនរួចរាល់ក្នុងការដោះស្រាយបញ្ហាក្នុងក្រុមគ្រួសារនោះ។
៤) អ្នកពិតជាប្រាកដថាដៃគូរបស់អ្នកសក្ដិសមនឹងអ្នក៖ អ្នកត្រូវតែគិតថា គ្មានមនុស្សណាដែលល្អជាងដៃគូរបស់អ្នកទៀតទេ។ មានតែគេម្នាក់នោះហើយ ដែលជាមនុស្សគួរឲ្យគោរពនិងឲ្យតម្លៃជាទីបំផុត។ ពេលដែលអ្នកមានអារម្មណ៍បែបនេះ នោះការសម្រេចចិត្តរៀបការរបស់អ្នកនឹងមិនក្លាយជាកំហុសនោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា