លោកWarren Buffett៖ រស់​នៅ​​ឲ្យ​សាមញ្ញ និង​វិនិយោគ​លើ​ខ្លួន​ឯង​



មហាសេដ្ឋី​អាមេរិក Warren Buffett ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា ជា​​កំពូល​អ្នក​វិនិយោគ​ដ៏​​ជោគជ័យ​បំផុត​នៅ​​លើ​ពិភពលោក​​បាន​ផ្តល់​ដំបូន្មាន​ដល់​មនុស្ស​ទូទៅ​ថា អ្នក​គួរ​រៀន​រស់​នៅ​ឲ្យ​សាមញ្ញ និង​វិនិយោគ​លើ​ខ្លួន​​ឯង​ឲ្យ​បាន​ច្រើន​បំផុត​។

ដោយ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជិត ៨៣ ពាន់​លាន​ដុល្លារ ​មហាសេដ្ឋី​វ័យ ៨៨ ឆ្នាំ​រូប​នេះ​​បាន​លើកឡើង​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​ពី​របៀប​​ដែល​លោក​រស់​​នៅ​​ក្នុង​ជីវិត​​ដ៏​​សាមញ្ញ​បើ​ទោះ​បី​ជា​លោក​ជា​មហាសេដ្ឋី​ក៏ដោយ។ មក​ដល់​ពេល​នេះ លោក​នៅ​តែ​រស់នៅ​ក្នុង​ផ្ទះ​​តម្លៃ ៣១ ៥០០ ដុល្លារ​មួយ​ដែល​លោក​ធ្លាប់​បាន​ទិញ​តាំង​ពី​ឆ្នាំ ១៩៧៥ ហើយ​​​លោក​កម្រ​ទិញ​រថយន្ត​ថ្មីៗ​ណាស់។ លោក​ទទួល​ទាន​អាហារ​ពេល​ព្រឹក​​ដែល​មាន​លក់​នៅ​​ហាង McDonald នៅ​​តាម​​ផ្លូវ​លោក​ទៅ​ធ្វើ​ការ។

យ៉ាងណាមិញ នៅ​ក្នុង​បទសម្ភាសន៍​មួយ​​ទៅ​កាន់​ទស្សនាវដ្ដី​ Forbes លោក​​បាន​លើក​យក​ពី​ដំបូន្មាន​​មួយ​ទៀត​ដែល​លោក​ចាត់​ទុក​ថា ជា​ការ​វិនិយោគ​យ៉ាង​មាន​តម្លៃ​បំផុត​នោះ គឺ​ការ​ "វិនិយោគ​​លើ​ខ្លួន​ឯង”។ លោក​បាន​​បន្ត​​ថា បើ​អ្នក​ខ្សោយ​ខាង​អ្វី អ្នក​ត្រូវ​​​កែលំអ​ចំណុច​ខ្សោយ​នោះ​ឲ្យ​បាន ហើយ​សម្រាប់​រូប​លោក​ផ្ទាល់ លោក​យល់​ថា ការ​និយាយ​ជា​សាធារណៈ​គឺជា​ចំណុច​ខ្សោយ​បំផុត​មួយ​ដែល​លោក​ធ្លាប់​ជួប ហើយ​ទីបំផុត​លោក​​បាន​ធ្វើ​ឲ្យ​វា​ប្រសើរ​ឡើង​។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖« ​គ្មាន​នរណា​ម្នាក់​អាច​យក​អ្វី​ដែល​មាន​នៅ​ក្នុង​ខ្លួន​អ្នក​​ឡើយ ហើយ​មនុស្ស​ម្នាក់ៗ ​សុទ្ធតែ​មាន​សក្ដានុពល​ដែល​មិនទាន់​​បាន​ប្រើប្រាស់។ ប្រសិន​បើ​អ្នក​អាច​បង្កើន​សក្ដានុពល​របស់​អ្នក​  ១០% ២០% ឬ ៣០% សមត្ថភាព​របស់​អ្នក​កាន់តែ​ខ្លាំង ហើយ​រដ្ឋ​​ក៏​​មិន​អាច​យក​ពន្ធ​ពី​ទេពកោសល្យ​របស់​អ្នក​បាន​ដែរ។ កំណើន​អតិផរណា​ក៏​មិន​អាច​ធ្វើ​អី​អ្នក​បាន​ដែរ។  វា​នៅ​​តោង​​ខ្លួន​អ្នក​ពេញ​មួយ​ជីវិត» 

មហាសេដ្ឋី​រូប​នេះ​ក៏​បាន​បង្ហាញ​ពី​របៀប​ធ្វើ​ឲ្យ​ជីវិត​​របស់​លោក​មាន​តម្លៃ​តាម​រយៈ​ការ​ចែករំលែក​នូវ​ក្តី​ស្រលាញ់​ឲ្យ​បាន​ច្រើន​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​របស់​លោក និង​មិត្តភ័ក្ដិ​ជា​ដើម​។ ប៉ុន្តែ​លោក​មិន​បាន​យក​​ទ្រព្យសម្បត្តិ​របស់​លោក​ទៅ​ធ្វើ​ជា​នុយ​ដើម្បី​ទាក់ទាញ​ក្តី​ស្រលាញ់​ពី​មនុស្ស​ទាំង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​​​យក​ក្តី​ស្រលាញ់​ប្រកប​ដោយ​ភាព​ស្មោះត្រង់​របស់​លោក​​ទៅ​កាន់​មនុស្ស​ទាំង​នោះ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​គោរព និង​ការ​ស្រលាញ់​រាប់អាន​មក​វិញ៕

ប្រភព៖ Entrepreneur ​​​​​​​​​

 

 

X
5s