ហេតុអ្វីបានជាអ្នកខ្លះជោគជ័យនៅក្នុងសាលា ប៉ុន្តែមិនជោគជ័យនៅក្នុងជីវិត?
កាលពីនៅក្មេង អ្នកប្រហែលជាធ្លាប់បានជួបដំបូន្មានឪពុកម្តាយ ឬគ្រូៗរបស់អ្នកថា អ្នកត្រូវតែខំរៀនឲ្យពូកែដើម្បីទទួលបានលទ្ធផលល្អ និងមានការងារល្អធ្វើនៅពេលអនាគត។ ហេតុដូច្នេះនិទ្ទេស "A” ប្រហែលជាគោលដៅតែមួយគត់ដែលអ្នកចង់បានដើម្បីជោគជ័យក្នុងជីវិត។ ក៏ប៉ុន្តែនៅ ក្នុងជីវិតជាក់ស្ដែង តើអ្នកអាចរាប់បានទេថា តើមានសិស្សនិទ្ទេស "A” ប៉ុន្មានអ្នកដែលធំឡើងរៀនចប់ទៅជោគជ័យនៅ ក្នុងជីវិត?
នៅក្នុងសាលា អ្នកនឹងសង្កេតឃើញ សិស្សពូកែស្រីប្រុស គោរពបាននូវវិន័យសាលាបានល្អណាស់។ ពួកគេធ្វើកិច្ចការសាលាចប់មុនពេលថ្ងៃផុតកំណត់ ហើយទទួលបានលទ្ធផលល្អនៅពេលប្រឡងទៀត។ នៅទីបំផុត សិស្សពូកែទាំងនេះនៅតែមិនសប្បាយចិត្តពេលចេញទៅធ្វើការ ហើយនៅតែមិនជោគជ័យ បើទោះបីជារកលុយបានច្រើនពីការងាររបស់ខ្លួនក៏ដោយ។ តើហេតុអ្វីបានជាបែបនេះ? ខាងក្រោមនេះនឹងបង្ហាញពី មូលហេតុនៅ ពីក្រោយបញ្ហានេះបាន។
អ្វីដែលអ្នកត្រូវការដើម្បីឲ្យជីវិតធ្វើដំណើរទៅយ៉ាងរលូន និងជោគជ័យ មិនមែនត្រឹមតែរៀននៅក្នុងសាលាតែមួយមុខប៉ុណ្ណោះទេ
និយាយបែបនេះមិនមែនជំរុញឲ្យ អ្នកបោះបង់សាលាចោល ហើយងាកមករៀនមេរៀនជីវិតផ្សេងទៀតតែមួយមុខប៉ុណ្ណោះទេ។ មុខវិជ្ជាសំខាន់ៗដូចជា រៀនភាសា គណិតវិទ្យា រូបវិទ្យា តន្ត្រី ជាដើមសុទ្ធតែមានតម្លៃសម្រាប់អ្នក។ ប៉ុន្តែអ្វីដែលប្រធានបទនេះលើកមកនិយាយនោះគឺថា សញ្ញាប័ត្រនៅក្នុងសាលាវាមិនល្អឥតខ្ចោះនោះទេ។ តាមពិតនៅក្នុងខ្សែ ជីវិតអ្វីៗ ដែលមានតម្លៃច្រើនណាស់ដែលសាលាមិនអាចបង្រៀនបាន ហើយក៏មានទម្លាប់មិនល្អជាច្រើនដែលប្រពន្ធអប់រំនៅក្នុងសាលាមានគឺ៖
នៅក្នុងថ្នាក់រៀន គ្រូចង់ឲ្យអ្នកលើកដៃនៅពេលគាត់សួរអ្នក ហើយអ្នកត្រូវរង់ចាំគាត់ជ្រើសរើសអ្នក ឬអ្នកផ្សេងឡើងឆ្លើយសំនួរ។ សាលាចង់ឲ្យអ្នកត្រូវដាក់លិខិតសុំច្បាប់ពេលអ្នកចង់ឈប់សម្រាក។ សាលាបង្រៀនអ្នកឲ្យផ្លាស់ប្ដូរគំនិតឡើងវិញ ជាជាងការបង្កើតគំនិតថ្មីៗឡើង។ សាលាបង្រៀនអ្នកថា អ្នកណាឆ្លាតជាង អ្នកនោះហើយដែលជាអ្នកពូកែ។ សាលាបង្រៀនអ្នកយកពិន្ទុឲ្យបានច្រើន រៀនឲ្យពូកែ ដើម្បីចេញមានការងារល្អ និងមានប្រាក់ខែច្រើន។ ភាពជោគជ័យរបស់អ្នកនៅក្នុងសាលាគឺកំណត់ដោយពិន្ទុ។
ជាទូទៅដើម្បីជោគជ័យក្នុងសាលា អ្នកត្រូវតែស្ដាប់បង្គាប់ ហើយបើទោះបីជាអ្នកជាសិស្សល្អ ឬអត់នោះគឺអាស្រ័យលើការគិតរបស់គ្រូរបស់អ្នក។ ជំនួសឲ្យការជួយឲ្យសិស្សស្វែងយល់ថា មូលហេតុអ្វីបានជាពួកគេត្រូវធ្វើអ្វីមួយដែលសាលាដាក់ឲ្យ គ្រូ ឬប្រព័ន្ធអប់រំនៅក្នុងសាលាបានបង្ខំអ្នកឲ្យគោរពតាមច្បាប់វិន័យ។ ប៉ុន្តែនៅក្នុងជីវិតជាក់ស្ដែង វាមិនដូច្នេះនោះទេ។ ដើម្បីជោគជ័យនៅក្នុងជីវិត អ្នកត្រូវតែគិតដើរចេញពីប្រអប់របស់អ្នកជាជាងធ្វើអ្វី មួយដែលជាការងាររបស់អ្នកផ្សេងទៀត។ ទន្ទឹមនឹងនេះ នៅខាងក្រៅសាលារៀន មានការងារផ្សេងទៀតច្រើនណាស់ដែលអ្នកត្រូវធ្វើ ដូចជាថា តើអ្នកត្រូវធ្វើអ្វីដើម្បីឲ្យសប្បាយចិត្ត? តើធ្វើម៉េចទើបឲ្យទំនាក់ទំនងស្នេហារបស់អ្នករឹងមាំ? តើត្រូវធ្វើការដោយឆ្លាតវៃយ៉ាងដូចម្ដេច? ឬក៏ថា ត្រូវធ្វើដូចម្ដេចទើបឲ្យជីវិតរបស់អ្នកមានតម្លៃ?
លទ្ធផលមិនល្អនៅក្នុងសាលាមិនធ្វើឲ្យអ្នកបរាជ័យក្នុងជីវិតឡើយ
ថ្វីត្បិតតែពិន្ទុល្អនៅក្នុងសាលាអាចផ្ដល់ឱកាសច្រើនក្នុងការចាប់យកការងារល្អៗ ឬតំណែងខ្ពស់ដល់អ្នក ក៏ប៉ុន្តែប្រសិនបើអ្នកទទួលបានលទ្ធផលមិនល្អនៅក្នុងសាលាវិញ ក៏មិនមែនមានន័យថា អ្នកបរាជ័យនៅក្នុងជីវិតនោះឡើយ។ មានបុគ្គលល្បីៗច្រើនណាស់ដូច ជា Stev Jobs លោក Richard Branson លោកស្រី Oprah Winfrey និងលោក Jim Carey ជាដើមដែលបុគ្គលទាំងនេះរៀនមិនសូវពូកែ ឬបោះបង់ការសិក្សាចោលតែម្តង។ នេះជាមេរៀនដ៏ល្អមួយបញ្ជាក់ថា មានកិច្ចការច្រើនរាប់ម៉ឺនជំពូកដែលអ្នកត្រូវធ្វើនៅក្នុងឆាកជីវិតរបស់អ្នក ហើយសាលារៀនគ្រាន់តែជាការងារផ្នែកមួយនៃជីវិតរបស់អ្នក។
មេរៀនជីវិតគឺជាមេរៀនវែងអន្លាយ រៀនមិនចេះអស់ ដូច្នេះភាពជោគជ័យរបស់បុគ្គលលើអ្វីមួយមិនមែនមានន័យថា ជីវិតបុគ្គលនោះជោគជ័យក្នុងជីវិតនោះឡើយ
ប្រសិនបើអ្នកបានរៀនចប់អស់ថ្នាក់នៅមហាវិទ្យាល័យហើយនោះ អ្នកត្រូវបន្តរៀនហើយរៀនទៀត ពីព្រោះថាមេរៀនដែលអ្នកបានរៀននៅសាលា មិនអាចគ្រប់គ្រាន់ជួយធ្វើឲ្យជីវិតរបស់អ្នកជោគជ័យនោះទេ។ ប្រសិនបើអ្នកកំពុងសិក្សានៅឡើយ បើទោះបីជាការសិក្សារបស់អ្នកខ្សោយ ឬ ពូកែប៉ុណ្ណាក៏ដោយ កុំយកលទ្ធផលនេះធ្វើជារឿងសំខាន់ទៅវាស់ស្ទង់កំណត់ពីភាពជោគជ័យក្នុងជីវិតរបស់អ្នក។ កុំជឿទៅនឹងសម្តីរបស់អ្នកដែលនិយាយថា ពិន្ទុល្អ គឺជាផ្លូវតែមួយគត់ដែលធ្វើឲ្យជីវិតរបស់អ្នកជោគជ័យ ឬក៏និយាយថា ធ្វើតាមអ្វីដែលសាលាបង្ហាត់បង្រៀនគឺជារឿងល្អបំផុតសម្រាប់អ្នក។
សរុបមកវិញ អ្វីដែលអ្នកគួរស្វែងយល់ក្នុងប្រធានបទនេះគឺថា ប្រសិនបើអ្នកជាឪពុកម្តាយ ឬជាគ្រូបង្រៀន សូមកុំផ្តោតតែទៅលើលទ្ធផលពិន្ទុពី សាលារបស់ពួកគេខ្លាំងពេក។ សូមព្យាយាមស្វែងរកអ្វីដែលជាទេពកោសល្យរបស់ពួកគេ និងលើកទឹកចិត្តឲ្យពួកគេបង្ហាញទេពកោសល្យនោះចេញមកដែលនេះហើយជាអ្វីដែលអាចបញ្ជាក់ពីរបៀបដែលពួកគេអាចកសាងជីវិតប្រកបដោយទំនុកចិត្ត និងអាចនាំឲ្យជីវិតរបស់ពួកគេជោគជ័យ៕
ប្រភព៖ Lifehack