ន័រវែសឈានមុខគេជាប្រទេសដែលប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីច្រើនជាងគេ​



យោងទៅតាមតួលេខលក់ថ្មីៗនេះបានបង្ហាញថា ប្រទេសន័រវែស ( Norway )  ជាប្រទេសដែលកំពុងមានការពេញនិយមខ្លាំងនូវរថយន្តប្រើប្រាស់ថាមពលអគ្គិសនី ដែលមានស្ទើរតែជាងពាក់កណ្ដាលនៃការលក់រថយន្តសរុបទាំងអស់ក្នុងឆ្នាំ ២០១៨ នេះ គឺជាប្រភេទរថយន្តដែលប្រើប្រាស់នូវថាមពលអគ្គិសនី ឬប្រភេទរថយន្តដែលអាចប្រើនូវថាមពលអគ្គិសនីផងនិងអាចប្រើប្រាស់ប្រេងឥន្ធនៈផង (hybrid vehicle)

តួលេខនេះបញ្ចាក់ថា ប្រទេសន័រវែស ( Norway )  ជាប្រទេសកំពុងមានការប្រើប្រាស់នូវឡានថាមពលអគ្គិសនីច្រើនជាងប្រទេសផ្សេងៗជុំវិញពិភពលោក ហើយប្រទេសអ៊ីស្លង់ ( Iceland )  ជាប្រទេសទីពីរដែលមានការប្រើប្រាស់នូវឡានថាមពលអគ្គិសនីមានចំនួន ១៩ ភាគរយ  និងប្រទេសស៊ុយអែតជាប្រទេសទីបីដែលមានចំនួន ៨ ភាគរយ ។

អ្នកបើកបរក្នុងទីក្រុង Oslo  ប្រទេសន័រវែស (Norway)  បច្ចុប្បន្នត្រូវប្រឈមនឹងការកក់ស្ទះចរាចរ ការបង់ថ្លៃធ្វើដំណើរតាមដងផ្លូវ និងមានកន្លែងចតយានយន្តតិចតួចបំផុត ខណៈពេលដែលរដ្ធាភិបាលក្នុងទីក្រុងនេះកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការសាងសងផ្លូវសម្រាប់ទោចក្រយាន និងមានបំណងចង់ធ្វើឲ្យទីក្រុងនេះក្លាយជាទីក្រុងដែលគ្មានឧស័្មនឥន្ធនៈយានយន្តក្នុងឆ្នាំ ២០២៤ ។

ការប្រើប្រាស់នូវយានយន្តថាមពលអគ្គិសនីនេះគឺដើម្បីជួយការពារបរិស្ថាន ប៉ុន្តែការទិញ និងការបើកបរយានយន្តក្នុងប្រទេសន័រវែសមិនមានជារឿងងាយស្រួលនោះទេ ដោយសារបច្ចុប្បន្នមានការបូកបន្ថែមនូវថ្លៃពន្ធឡាន និងថ្លៃធានារ៉ាប់រង់ដែលត្រូវបានគណនាតាមទំងន់ និងកំរិតនៃការបញ្ចេញឧស័្មនរបស់យានយន្ត ព្រមទាំងមានការបូកថ្លៃផ្សេងៗទៀតដែលមានចន្លោះពី ២៩ ភាគរយ ទៅដល់ ១០០ ភាគរយ បន្ថែមពីលើនៃតំលៃរថយន្ត ។

សម្រាប់រថយន្តដែលប្រើថាមពលអគ្គិសនីវិញ គឺពុំមានការបង់ពន្ធច្រើនដូចរថយន្តប្រើប្រេងឥន្ធនៈខាងលើនោះទេ ដូចនេះទើបមានការប្រើប្រាស់នូវថយន្តថាមពលអគ្គិសនីច្រើនក្នុងប្រទេសន័រវែស (Norway)  

ប្រទេសន័រវែស (Norway)  មានប្រជាជនត្រឹមតែ ៥.៣ លាននាក់ តែប៉ុណ្ណោះ និងអាចមានការប្រើប្រាស់នូវរថយន្តថាមពលអគ្គិសនីក្នុងទីក្រុងកាន់តែច្រើនឡើងថែមទៀតជាងកន្លែងផ្សេងៗទៀត ប៉ុន្តែប្រទេសន័រវែសនៅជាទីផ្សារដ៏តូចមួយតែប៉ុននោះដែលប្រើនូវថយន្តថាមពលអគ្គិសនីក្នុងទីផ្សារពិភពលោក៕

 

ដោយ៖ វឌ្ឍនា

X
5s