ពេល​មាន​ចម្ងល់​​​ចង់​សួរ​អ្នក​សម្ភាសន៍​វិញ ត្រូវ​ជៀសវាង​សួរ​សំនួរ​ទាំង​នេះ​ដាច់ខាត!​



នៅ​ចុង​បញ្ចប់​​សម្ភាសន៍​ការងារ​​អ្វី​ដែល​គេ​សង្កេត​ឃើញ​ជា​ទូទៅ​នោះ​គឺ​អ្នក​សម្ភាសន៍​នឹង​ស្នើ​ឲ្យ​អ្នក​សាកសួរ​ទៅ​អ្នក​សម្ភាសន៍​វិញ​ប្រសិន​បើ​អ្នក​មាន​ចម្ងល់។ ប៉ុន្តែ​វា​ជា​រឿង​មួយ​​គួរឲ្យ​សោកស្ដាយ​​​ដោយសារតែ​មាន​បេក្ខជន​ខ្លះ​មិន​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ត្រៀម​​ជ្រើសរើស​សំនួរ​សមរម្យ​​ណាមួយ​ជាមុន​ដើម្បី​សាកសួរ​ទៅ​​អ្នក​សម្ភាសន៍​វិញ។ 

ខាងក្រោម​នេះ អ្នក​អាច​ស្វែង​យល់​ពី​សំនួរ​មួយ​ចំនួន​ដែល​អ្នក​គួរ​ជៀសវាង​​​សាកសួរ​ទៅ​អ្នក​សម្ភាសន៍​វិញ៖

១.តើ​ខ្ញុំ​អាច​ធ្វើ​ការ​ពី​ផ្ទះ​បាន​ដែរ​ឬទេ
នៅ​ពេល​អ្នក​សួរ​សំនួរ​នេះ​ទៅ​កាន់អ្នក​សម្ភាសន៍​វិញ វា​បាន​បង្ហាញ​ថា អ្នក​មិន​មាន​បំណង​ចង់​ធ្វើ​ការ​ជា​ក្រុម​ជា​មួយ​ក្រុម​ការងារ​នោះ​ឡើយ។ មិន​តែប៉ុណ្ណោះ​​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ក៏​មិន​ចូលចិត្ត​ធ្វើ​ការងារ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​អ្នកគ្រប់គ្រង​របស់​អ្នក​នៅ​ឡើយ។

២.តើ​ក្រុមហ៊ុន​របស់​អ្នក​រក​ស៊ី​អ្វី?
សំនួរ​​នេះ​គឺ​ហាម​ដាច់ខាត​អ្នក​មិន​ត្រូវ​សួរ​ទៅ​កាន់​អ្នក​សម្ភាសន៍​​ឡើយ។ ការដែល​អ្នក​សួរ​សំនួរ​នេះ​ឡើង​នឹង​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​ដឹង​ថា អ្នក​ជា​បុគ្គលិក​ខ្ជីខ្ជា ខ្វះ​ការ​ស្រាវជ្រាវ និង​មិន​ចាប់​​អារម្មណ៍​​មុខ​តំណែង​នៅ​ក្នុង​ក្រុមហ៊ុន​​នេះ​តែម្តង។

៣.តើ​​ពេលណា​ខ្ញុំ​មាន​ពេល​ឈប់សម្រាក​សម្រាប់​ដើរ​លំហែ​? 
នៅ​មុន​ពេល​អ្នក​មិន​​ទាន់​ដឹង​ថា អ្នក​ត្រូវ​បាន​​សម្ភាសន៍​ជាប់​ឬ​​ធ្លាក់ អ្នក​មិន​ត្រូវ​លើក​សំនួរ​នេះ​ឡើយ។ មូលហេតុ​សំខាន់​នោះ​គឺ​ថា អ្នក​មិន​បាន​​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការ​បាន​ច្រើន​ប៉ុន្មាន​នោះ​ឡើយ ពោល​គឺ​អ្នក​ផ្តោត​លើ​ការ​ឈប់សម្រាក​ជា​រឿង​សំខាន់​ទៅ​វិញ។

៤.តើ​ខ្ញុំ​​ទទួល​បាន​ការងារ​នេះ​ឬ​ទេ?
សំនួរ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​ភ្ញាក់ផ្អើល​ជា​មិន​ខាន និង​យល់​ថា អ្នក​ជា​​បុគ្គលិក​គ្មាន​​ភាព​អត់ធ្មត់។

៥.តើ​​អ្នក​ឲ្យ​ប្រាក់ខែ​ប៉ុន្មាន​សម្រាប់​ដំណែង​នេះ?
ជា​ការ​ល្អ​ដែល​អ្នក​គួរ​បញ្ជាក់​ពី​ប្រាក់ខែ​របស់​អ្នក​នៅ​ក្នុង​ CV ជាជាង​ចោទ​សួរ​ទៅ​ផ្ទាល់​អ្នក​សម្ភាសន៍​នៅ​ពេល​សម្ភាសន៍​ការងារ។ អ្នក​​គួរ​ពិភាក្សា​ពី​រឿង​ប្រាក់ខែ​​នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​ផ្តល់​ការងារ បើ​មិន​ដូច្នេះ​ទេ អ្នក​សម្ភាសន៍​​នឹង​យល់​ថា អ្នក​ធ្វើ​ការ​ដើម្បី​ប្រាក់ខែ​ជា​សំខាន់មិនមែន​ការងារ​ឡើយ។
 

៦.តើ​ខ្ញុំ​អាច​រំពឹង​ទុក​បាន​ទេ​ថា តើ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង​នៅ​ក្នុង​មួយ​សប្ដាហ៍? តើ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​នៅ​​ថ្ងៃ​ចុង​សប្ដាហ៍​ដែរ​ទេ?
ការ​សាកសួរ​ពី​​ចំណុច​នេះ​ទៅ​កាន់​អ្នក​សម្ភាសន៍ ​អាច​បង្ហាញ​ថាអ្នក​​អាច​ត្រូវ​បាន​​រំពឹង​ទុក​ក្នុង​ការ​ធ្វើ​ការងារ​​បាន​ត្រឹមតែ​បន្តិចបន្តួច​តែប៉ុណ្ណោះ។ ជំនួស​ឲ្យ​ការ​សួរ​សំនួរ​​នេះ អ្នក​គួរ​សួរ​ថា តើ​ថ្ងៃ​ធ្វើ​ការ​​​មាន​លក្ខណៈ​ដូចម្ដេច?

៧.តើ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​យូរ​ប៉ុណ្ណា​ទើប​អាច​ឡើង​តំណែង​បាន?
ការ​​លើកឡើង​​សំនួរ​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​ថា អ្នក​មិន​សូវ​ចាប់អារម្មណ៍​នូវ​មុខ​តំណែង​ដែល​អ្នក​កំពុង​ដាក់​នេះ​ឡើយ និង​បង្ហាញ​ថា អ្នក​​មក​ទី​នេះ​ដើម្បី​ត្រៀម​ខ្លួន​ដើម្បី​រក​តំណែង​​ល្អ​ដែល​ខ្ពស់​ជាង​នេះ​តែប៉ុណ្ណោះ។ អ្នក​គួរ​សួរ​ថា តើ​ខ្ញុំ​ទទួល​បាន​ឱកាស​អ្វី​ខ្លះ​ពី​មុខ​តំណែង​​នេះ​ដើម្បី​ជួយ​ឲ្យ​​ក្រុមហ៊ុន​រីកចម្រើន?

៨.តើ​ខ្ញុំ​ទទួល​បាន​​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​ការងារ​នេះ?
នៅពេល​អ្នក​ដាក់ពាក្យ​មក​ធ្វើ​ការ គឺ​អ្នក​ត្រូវ​បង្ហាញ​សក្ដានុពល​របស់​អ្នក​ដើម្បី​ជួយ​​ឲ្យ​ក្រុមហ៊ុន​រីកចម្រើន។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​លើក​សំនួរ​នេះ​សួរ​ទៅ​កាន់​អ្នក​សម្ភាសន៍មានន័យ​ថា អ្នក​កំពុង​​រំពឹង​ទុក​ចង់​បាន​ប្រយោជន៍​ជា​ច្រើន​ពី​ក្រុមហ៊ុន​វិញ។

ខាងក្រោម​នេះ​គឺ​ជា​សំនួរ​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​អ្នក​មិន​គួរ​សួរ​​ទៅ​អ្នក​សម្ភាសន៍
-តើ​ខ្ញុំ​អាច​សុំ​មើល​បន្ទប់​សម្រាក​នៅ​ក្នុង​ក្រុមហ៊ុន​​បាន​ដែរ​ឬទេ?
-
តើ​ខ្ញុំ​អាច​មក​ធ្វើ​ការ​យឺត​​បាន​យូរ​ប៉ុណ្ណា​ទើប​មិន​ត្រូវ​បាន​​បណ្ដេញ​ចេញ​ពី​ការងារ?
-
តើ​ខ្ញុំ​មាន​ពេល​​សម្រាក​យូរ​ប៉ុណ្ណា​សម្រាប់​ទទួលទាន​អាហារ​​ថ្ងៃ​ត្រង់?
-
តើ​ខ្ញុំ​អាច​យក​​សម្ភារៈ​កម្សាន្ត​​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​​មក​ក្រុមហ៊ុន​បាន​ដែរ​ឬទេ?
-តើ​ខ្ញុំ​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ធ្វើ​តេស្ត​​ពិនិត្យ​រក​​សារធាតុ​ញៀន​ដែរ​ឬទេ​នៅ​មុន​ពេល​មក​ធ្វើ​ការ?
-តើ​ក្រុមហ៊ុន​នេះ​តាមដាន​ការ​ប្រើប្រាស់​អ៊ីនធឺណេត​ជា​សម្ងាត់​ទៅលើ​​បុគ្គលិក​ដែរ​ឬទេ?
-
តើ​​ក្រុមហ៊ុន​ចេញ​លិខិត​ព្រមាន​ប៉ុន្មាន​ដង​ទើប​ខ្ញុំ​អាច​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​បាន?

ប្រភព៖ Thebalancecareers

X
5s