ចម្លើយ​ដ៏​ឆ្លាត​វៃ​ ទុក​ការពារ​ខ្លួន​ពេល​សម្ភាសន៍​ការងារ​លើក​ដំបូង​​



ការ​សម្ភាសន៍​ការងារ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដូច​ដែល​អ្នក​បាន​គិត​ទេ​  ជាពិសេស​គឺ​សម្រាប់​អ្នក​ដែល​​ជួប​វា​ជា​លើក​ទី​១​។ ដើម្បី​ដឹង​ថា​អ្នក​ជា​បុគ្គល​សក្ដិសម​​នឹង​ទទួល​បាន​ការងារ​ឬ​​ក៏​អត់​​នោះ ពួក​គេ​នឹង​សួរ​សំណួរ​ពិបាក​ៗ​ជា​ច្រើន​ដើម្បី​ចង់​ដឹង​ពី​ភាព​វៃ​ឆ្លាត​និង​ការ​បត់បែន​តាម​កាលៈទេសៈ​របស់​អ្នក​។ ដូច្នេះ​ហើយ​​អ្នក​គួរ​តែ​ចេះ​​រៀប​ចំ​ខ្លួន​ដើម្បី​ឆ្លើយ​សំណួរ​​ឲ្យ​បាន​ល្អ​មុន​នឹង​ទៅ​ធ្វើ​ការ​សម្ភាសន៍​នោះ​។ នេះ​ជា​សំណួរ​​​ដែល​អ្នក​ត្រូវ​​តែ​ត្រៀម​​ជានិច្ច​៖ 

១)  ចូរ​ពណ៌នា​​អំពី​ខ្លួន​​ឯង​​៖  សំណួរ​នេះ​គឺ​​មិន​ដែល​ចោល​ឡើយ​   ហើយ​ភាគ​ច្រើន​គេ​សួរ​វា​មុន​គេ​បង្អស់​តែ​​ម្ដង​។  បើ​អ្នក​អាច​ឆ្លើយ​វា​បាន​  នោះ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​។ តែ​​បើ​អ្នក​ប្រហែស   ថ្ងៃ​នេះ​អ្នក​នឹង​មួម៉ៅ​ពេញ​មួយ​ថ្ងៃ​ហើយ​។ កាល​ណា​ពួក​គេ​សួរ​សំណួរ​នេះ​មក​កាន់​អ្នក​ ចម្លើយ​ដ៏​ល្អ​គឺ​អ្នក​គួរ​តែ​បង្ហាញ​ពី​ភាព​ខ្លាំង​ និង​សក្ដានុពល​ដែល​អ្នក​មាន​ក្នុង​ការ​ជួយ​ទៅ​ដល់​ក្រុមហ៊ុន​គេ។ អ្នក​គួរ​ប្រើ​ប្រាស់​ពេល​មួយ​នាទី​និយាយ​អំពី​​ស្នាដៃ​ដែល​អ្នក​ទទួល​បាន​ពី​មុន​ ហើយ​អ្នក​នឹង​ជួយ​ជ្រោមជ្រែង​អ្វី​ខ្លះ​ដល់​ពួក​គេ​វិញ​?  

២)  តើ​អ្នក​ធ្លាប់​បរាជ័យ​ដោយ​សារ​អ្វី​ខ្លះ​ហើយ​អ្នក​មាន​ភាព​អាម៉ាស់​នឹង​វា​ទេ?៖  វា​ក៏​ជា​សំណួរ​មួយ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​អ្នក​ផង​ដែរ។ បើ​អ្នក​ចង់​ឆ្លើយ​សំណួរ​នេះ​ឲ្យ​បាន​ល្អ អ្នក​ត្រូវ​តែ​បង្វែង​ភាព​បរាជ័យ​នោះ​ឲ្យ​ទៅ​ជា​ភាព​ជោគជ័យ​វិញ។ អ្នក​គួរ​ផ្ដល់​ជា​ឧទាហរណ៍​ទៅ​កាន់​ពួក​គេ ដូច​ជា​កាល​ពី​មុន​អ្នក​ធ្លាប់​មាន​កំហុស​ឆ្គង​ជាមួយ​អ្នក​រួម​ការងារ ប៉ុន្តែ​អ្នក​ក៏​បាន​ទទួល​ស្គាល់​នូវ​កំហុស​រួច​ហើយ​ក៏​សម្រុះ​សម្រួល​គ្នា​សារ​ជាថ្មី​​ ហើយ​ដោយ​សារ​កំហុស​នោះ សព្វថ្ងៃ​អ្នក​​បាន​កែប្រែ​អ្វី​ខ្លះ​ហើយ​?  

៣)  តើ​អ្វី​ទៅ​ជា​ចំណុច​ខ្សោយ​ធំ​បំផុត​របស់​អ្នក?៖ នេះ​គឺ​ជា​សំណួរ​ដែល​ពិបាក​មួយ ប៉ុន្តែ​អ្នក​មិន​អាច​ជៀស​ផុត​ឡើយ​ពី​ការ​ឆ្លើយ​សំណួរ​​នេះ។ អ្វី​ដែល​​អ្នក​គួរ​ឆ្លើយ​​​នោះ​គួរ​តែ​  ៖ «​ចំណុច​ខ្សោយ​របស់​ខ្ញុំ​គឺ​​ចូល​ចិត្ត​ធ្វើ​ការងារ​ច្រើន​ហួស​ហេតុ​ពេក។ » ចម្លើយ​នេះ​វា​បង្ហាញ​ពី​ចំណុច​ខ្សោយ​អ្នក​មែន​ ប៉ុន្តែ​ការ​ខិត​ខំ​ធ្វើ​ការ​ងារ​ខ្លាំង​នេះ   ​វា​មិន​មែន​ជា​រឿង​អាក្រក់​ដល់​ថ្នាក់​មិន​អាច​ទទួល​អ្នក​មក​ធ្វើ​ជា​បុគ្គលិក​បាន​នោះ​ទេ។ 

៤)  តើ​អ្នក​ធ្លាប់​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការងារ​ទេ?៖  ពួក​គេ​អាច​នឹង​ចង់​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​ចាក​ចេញ​ពី​ការងារ​ចាស់​នោះ។ អ្នក​អាច​ប្រាប់​ពួក​គេ​ថា ដោយ​សារ​តែ​អ្នក​មិន​សូវ​យល់​ច្បាស់​ពី​ការ​គិត​របស់​ថៅកែ​អ្នក ​ហេតុនេះ​ហើយ​ទើប​អ្នក​ជ្រើស​រើស​ផ្លូវ​ចាកចេញ​។​ 

៥) តើ​អ្នក​ដោះ​ស្រាយ​យ៉ាង​ណា​ពេល​ជួប​អ្នក​រួម​ការងារ​ដែល​ពិបាក​ចុះ​សម្រុង?៖ អ្នក​ត្រូវ​ប្រាកដ​​​ឲ្យ​ពួក​គេ​ដឹង​ថា​​ អ្នក​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​និយាយ​សម្រុះ​សម្រួល​ជាមួយ​ពួក​គេ​ដោយ​សន្តិវិធី​ជា​ទី​បំផុត៕

 

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

 

X
5s