CDC អនុម័ត​គម្រោង​រោងចក្រ​៣​បន្ថែម​ទៀត​នឹង​អាច​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ជាង​៦ពាន់​កន្លែង​



គម្រោង​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​និង​រោង​ចក្រ​ផលិត​កាបូប​ចំនួន​៣​ ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​បន្ទាប់​ពី​ទទួល​បាន​សំណើរ​សុំវិនិយោគ​ពី​ក្រុមហ៊ុន គម្រោង​រោងចក្រ​ទាំង​៣​នេះ​នឹង​ចំណាយ​ទុនវិនិយោគ​ប្រមាណ​២៣,១លាន​ដុល្លារ​អាមេរិក និង​អាច​ផ្ដល់​ការងារ​ដល់​ប្រជាជន​បាន​ចំនួន ៦,៥០៧​កន្លែង។

ទី​មួយ​ក្រុមហ៊ុន “GUO TAI SHENG XING (CAMBODIA) GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ១១​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៣២៤​កន្លែង។

ទីពីរ​ក្រុមហ៊ុន “CINLON INTERNATIONAL (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុន វិនិយោគ​ប្រមាណ ៧,៥លាន​ដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បានចំនួន ៣.២០៨កន្លែង។

ទីបី​ក្រុមហ៊ុន “T & L (CAMBODIA) HANDBAGS INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​តាមភេម សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤,៦​លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៩៧៥កន្លែង៕

 

X
5s