គ្រប់​សហគ្រិន​ទាំងអស់​គួរ​បង្កើត​ដំណើរ​កម្សាន្ត ៣ ​ប្រភេទ​នេះ​



ដោយសារតែ​សហគ្រិន​ទូទៅ​មិនសូវ​មាន​ពេលទំនេរ ​ជាប់​រវល់​នឹង​ការងារ​ស្ទើរ​រក​ថ្ងៃ​សម្រាក​មិន​បាន ដូច្នេះ​ការ​ចំណាយ​ពេល​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​មុខ​ជំនួញ​របស់​ខ្លួន ហាក់​ដូច​ជា​មាន​ការ​លំបាក​បន្តិច។ ពួកគេ​នឹង​មាន​អារម្មណ៍​ថា ហាក់បីដូច​ជា​មាន​កំហុស​ឆ្គង​ដែល​​ទៅ​ចំណាយ​ពេល​ដើរ​កម្សាន្ត​យ៉ាង​រំភើយ ​ស្រប​ពេល​ដែល​ខ្លួន​កំពុង​មមាញឹក​ទៅ​នឹង​​កិច្ចការ​ជំនួញ​នៅ​ក្នុង​ដៃ​។

យ៉ាងណាក៏ដោយ ប្រសិន​បើ​អ្នក​ជា​សហគ្រិន អ្នក​​គួរ​ស្វែង​យល់​បន្តិច​ថា សុខភាព​គឺ​ជា​រឿង​សំខាន់​ជាង​អ្វីៗ​ទាំងអស់។ មិន​ថា​​ជំនួញ​របស់​អ្នក​អាច​រក​លុយ​បាន​រាប់​លាន​ដុល្លារ​យ៉ាងណាក៏ដោយ ការ​ដែល​មាន​សុខភាព​ល្អ គឺ​មាន​តម្លៃ​ជាង​នេះ​ឆ្ងាយណាស់។ ហេតុដូច្នេះ​ហើយ​អ្នក​គួរ​តែ​ធ្វើ​អ្វី​ម្យ៉ាង​​ដូច​ជា​រៀបចំ​ដំណើរ​កម្សាន្ត​​ប្រភេទ​ផ្សេងៗ​ខាង​ក្រោ​ម​នេះ​ដើម្បី​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នក​នៅ​ពេល​អ្នក​មាន​​អារម្មណ៍​ស្មុគស្មាញ​នឹង​ការងារ។ ​​

១. ដំណើរ​កម្សាន្ត​សម្រាប់​ខ្លួន​ឯង​
ការ​​មាន​គម្រោង​ដើរ​កម្សាន្ត​​សម្រាប់​ខ្លួន​ គឺ​ជា​រឿង​សំខាន់​មួយ​នៅ​ក្នុង​ជីវិត​​ជា​សហគ្រិន​។ អ្នក​មិន​ចាំបាច់​ទៅ​ខ្វាយខ្វល់​ច្រើន​ទៅ​នឹង​​អ្នក​ផ្សេង​​ដូចជា​នាំ​មិត្តភក្ដិ ​បងប្អូន ឬ​គ្រួសារ​​ថា តើ​ពួកគេ​ត្រូវ​ការ​កន្លែង​កម្សាន្ត​របៀបណា? ទៅ​នៅ​ពេល​ណា? ឬ​ត្រូវ​ផ្គាប់ផ្គន់​ពួកគេ​ដោយ​របៀប​ណា​នោះ​ទេ?  អ្វី ដែល​សំខាន់​អ្នក​ត្រូវ​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​​ប្រភេទ​នេះ​ស្រប​តាម​អ្វី​ដែល​អ្នក​ចង់​បាន ទីកន្លែង​ដែល​អ្នក​ចង់​ទៅ។ មិន​ថា ដើរកម្សាន្ត​ជា​មួយ​មិត្តភក្ដិ ឬ​តែម្នាក់​ឯង អ្នក​ត្រូវ​រក​ឲ្យ​បាន​គុណតម្លៃ​ពី​ដំណើរ​កម្សាន្ត​នេះ​សម្រាប់​ខ្លួន​ឯង​​ឲ្យ​បាន​ច្រើន​​បំផុត។

២. ដំណើរ​កម្សាន្ត​​ជាមួយ​គូស្នេហ៍​របស់​អ្នក
នៅ​ក្នុង​ទំនាក់ទំនង​ដ៏​​ផ្អែមល្ហែម​មួយ ការ​បង្កើត​បទពិសោធន៍ ឬ អនុស្សាវរីយ៍​ល្អ​ជាមួយ​គ្នា​គឺ​​បាន​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​រួច​ទៅ​ហើយ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​រឹងមាំ​គងវង់​បន្ត​ទៅ​ទៀត។ ដូច្នេះ ការ​រៀបចំ​គម្រោង​ដំណើរ​កម្សាន្ត​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ទៅ​កាន់​កន្លែង​ណា​មួយ​ដែល​អ្នក​ទាំងពីរ​ចង់ ទៅ នឹង​ជំរុញ​ឲ្យ​សុខភាព​ស្នេហា និង​ការងារ​របស់​អ្នក​ដើរ​ទៅ​មុខ​យ៉ាង​រលូន​ផង​ដែរ។ សហគ្រិន​ដែល​​ទើប​មាន​ស្នេហា​ថ្មីថ្មោង ឬ​ទើប​ចាប់​ផ្តើម​កសាង​គ្រួសារ គួរ​​បង្កើត​ដំណើរ​កម្សាន្ត​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មីៗ ហើយ​អ្នក​ទាំងពីរ​អាច​​ចាប់​ផ្តើម​រៀន​ស្គាល់​តម្លៃ​គ្នា តម្រូវការ ចំណង់ចំណូលចិត្ត និង​យក​ពេល​នេះ មក​ពិភាក្សា​​ជជែក​ពី​ផែនការ​គ្រួសារ​ ឬ​​អាជីវកម្ម​ជា​ដើម។

៣. ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ
ក្រៅ​ពី​ដំណើរ​​កម្សាន្ត​​សម្រាប់​ខ្លួន​​ឯង និង​ជា​មួយ​ដៃគូ​របស់​អ្នក ​ការ​​មាន​​ធ្វើដំណើរ​​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ក៏​ជា​រឿង​សំខាន់​ផង​ដែរ។ អ្នក​មិន​ចាំបាច់​ធ្វើ​អ្វី​ដ​ដែល​ប្លែក​​ច្រើន​ពេក​នោះ​ទេ  ពោល​គឺ​ការ​ផ្លាស់ប្ដូរ​បរិយាកាស​​​តាម​រយៈ​​ការ​ជួបជុំ​​​​​​គ្រួសារ​​​នឹង​​ផ្តល់​ឱកាស​ឲ្យ​អ្នក​​បង្កើត​ការ​ចងចាំ​អស់​មួយ​ជីវិត​ជា​មួយ​មនុស្ស​ដែល​សំខាន់​បំផុត​​នៅ​ក្នុង​ជីវិត​របស់​អ្នក និង​បារម្ភ​ពី​អ្នក​បំផុត​។ ​​ថ្វីត្បិត​តែ​​សមាជិក​គ្រួសារ​ពេល​ខ្លះ​មិនមែន​ជា​ដៃគូ​ជំនួញ​ធំ​នៅ​ក្នុង​ការងារ​របស់​អ្នក ក៏ប៉ុន្តែ​ពួកគេ​គឺ​ជា​មនុស្ស​​ជា​អ្នក​ចាំ​ជួយ​លើកទឹកចិត្ត​អ្នក​នៅ ពេល​អ្នក​បរាជ័យ។ ជា​មនុស្ស​ដែល​ស្គាល់​សុខទុក្ខ​របស់​អ្នក យល់​ពី​ជម្រៅ​ចិត្ត​របស់​អ្នក។ ដូច្នេះ​អ្នក​គួរ​រៀបចំ​ដំណើរ​កម្សាន្ត​បែប​នេះ​សម្រាប់​ធ្វើ ជា​កាដូ​ជូន​ពួកគេ៕ 

ប្រភព៖ Entrepreneur   

X
5s