ចិននឹងជួយសិក្សារៀបចំផែនការអភិវឌ្ឍន៍ប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា
ប្រទេសចិនបានឯកភាពជួយសិក្សារៀបចំនូវផែនការអភិវឌ្ឍន៍ប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
រូបតំណាង
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Zhou Keqin អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ បក្សនយោបាយប្រជាជនចិន នៃគណៈកម្មាធិការ ក្រុង Chongqing កាលពីថ្ងៃទី ២៥ ខែមីនា ម្សិលមិញនេះ បានស្នើរឱ្យមានកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា និងក្រុង Chongqing ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ជាពិសេសលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា និងការជួយពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។
ក្នុងជុំនួបពិភាក្សានេះផងដែរ ឯកឧត្តម ស៊ុនចាន់ថុល ក៏បានពិភាក្សាពីការតភ្ជាប់ច្រករបៀងប៉ែកខាងត្បូង រវាងប្រទេសចិន ក្រុង Chongqing ប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ រវាង កម្ពុជា-ចិន និងប្រទេសក្នុងតំបន់។
លោក Zhou បានយល់ព្រមលើសំណើរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកិច្ចសហប្រតិបត្តិការ រវាងក្រុង Chongqing និងក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងការសិក្សារៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងសិក្សាលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងឡូជីស្ទីករវាងប្រទេសទាំងពីរ ដោយលោក Zhou បានសន្យាថានឹងរៀបចំក្រុមការងារគណៈប្រតិភូ នៃការិយាល័យដឹកជញ្ជូនក្រុង Chongqing (Chongqing Municipal Transport Bureau) និងក្រុមការងារឡូជីស្ទីក ទៅបំពេញទស្សនកិច្ចសិក្សា នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រភព៖ CPP.org