បណ្ដាប្រទេសលោកខាងលិចមួយចំនួនកំពុងបារម្ភពីមហាគម្រោងរបស់មហាយក្សចិនក្នុងតំបន់អ៊ឺរ៉ុប​



ទោះបីជាមានការរិះគន់ជាហូរហែរបន្តបន្ទាប់គ្នាអំពីគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (One belt on road)របស់ខ្លួនយ៉ាងណាក៍ដោយ ក៍ចិនមិនឈឺក្បាលវិលមុខជាមួយនឹងរឿងមួយនេះដែរ ហើយនៅតែបន្តស្វះស្វែងរកដៃគូសហការក្នុងគម្រោងនេះនៅទ្វីបអាហ្វ្រិក អ៊ឺរ៉ុបនិងតំបន់ផ្សេងៗទៀតជុំវិញពិភពលោក។  

ហើយថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានធ្វើកិច្ចព្រមព្រៀងក្នុងការយល់ព្រមគាំទ្រគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ទីក្រុងប៉េកាំងក្នុងពេលដែលនាយករដ្ឋមន្ត្រីចិន ស៊ី ជីងពិង បានធ្វើទស្សនកិច្ចនៅទីក្រុងរ៉ូមរបស់ប្រទេសអ៊ីតាលីកន្លងទៅ។

ការសហការរបស់ប្រទេសអ៊ីតាលីនឹងអាចឲ្យប្រទេសចិនវាយលុកនិងប្រលូកក្នុងសេដ្ឋកិច្ចនៅអ៊ឺរ៉ុបខាងលិចដែលនេះជាសញ្ញាប្រាប់ទៅសហរដ្ឋអាមេរិកពីសក្ដានុពលរបស់សេដ្ឋកិច្ចប្រទេសចិនដែលមានការរីកលូតលាស់យ៉ាងខ្លាំង។

ជាពិសេសនោះប្រទេសអ៊ីតាលីបានក្លាយជាប្រទេសទី១ ក្នុងចំណោមប្រទេសទាំង ៧ ក្នុងក្រុម G-7 ដែលមានប្រទេសអ៊ឺរ៉ុបមួយចំនួនរួមទាំងសហរដ្ឋអាមេរិកផងដែរ ដែលបានចូលរួមសហការក្នុងគម្រោងចិនមួយនេះបន្ទាប់ពីប្រទេសប៊ុយតាកាល បានចូលរួមគម្រងនេះក្នុងខែកក្កដា កាលពីឆ្នាំមុន។ ហើយការវិនិយោគរបស់ប្រទេសចិនលើកំពង់ផែបុរាណរបស់ប្រទេសអ៊ីតាលីកំពុងតែបង្ហាញថាប្រទេសចិនកំពុងតែព្យាយាមស្នងតំណែងចាស់របស់ខ្លួនក្នុងការផ្សាភ្ជាប់ផ្លូវពាណិជ្ជកម្មបុរាណពីតំបន់ខាងកើតទៅតំបន់ខាងលិច។

ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ដូណាលត្រាំដែលបច្ចុប្បន្នភាពកំពុងមានការរិះគន់យ៉ាងខ្លាំងលើគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ និងជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិន គឺត្រូវបានប្រទេសចិនបំបាក់មុខយ៉ាងអាម៉ាស់ដោយសារតែប្រទេសចិនអាចធ្វើអោយប្រទេសអ៊ីតាលីបែកចិត្តទៅរកប្រទេសចិនបានក្នុងការសហការក្នុងគម្រោងពាណិជ្ជកម្មមួយនេះ។

មកទល់បច្ចុប្បន្ននេះមានប្រទេសជាង ១៥០ ប្រទេសជាងដែលបានចុះកិច្ចព្រមព្រៀងក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់មហាយក្សអាស៊ីមួយនេះ។ ហើយខែក្រោយនេះនឹងមានកិច្ចប្រជុំធ្វើឡើងនៅទីក្រុងប៉េកាំងស្ដីអំពីយុទ្ធសាស្ត្រនិងផែនការក្នុងការបន្តពង្រីកគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ ទីក្រុងប៉េកាំងព្យាយាមស្វែងរកទីតាំងដែលគេអាចជួយជំរុញការរីកចម្រើនដល់សេដ្ឋកិច្ចខ្លួនព្រមទាំងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួនទៅរកការរីកលូតលាស់ដោយផ្សាភ្ជាប់ជាមួយនឹងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះ។

ទោះជាយ៉ាងណាក៏ដោយ មានរដ្ឋាភិបាលរបស់ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌាមានការព្រួយបារម្ភដោយយល់ឃើញថាប្រទេសចិនកំពុងតែព្យាយាមទាញប្រទេសកំពុងអភិវឌ្ឍន៍ឲ្យចុះចូលក្នុងគម្រោងសេដ្ឋកិច្ចរបស់ខ្លួនដែលក្រោយមកប្រទេសទាំងនោះក៍ត្រូវជាប់បំណុលហិរញ្ញវត្ថុរដ្ឋាភិបាលចិនជាច្រើនដែលអាចអោយប្រទេសចិនគ្រប់គ្រងទឹកដីនិងសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នោះបានយ៉ាងងាយស្រួល។

ប្រទេសចិនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមានដូចជា ផ្លូវរថភ្លើង កំពង់ផែ និងវារីអគ្គិសនីនៅក្នុងតំបន់អ៊ឺរ៉ុបខាងកើត។ ហើយនេះអាចជាបញ្ហាធំក្នុងតំបន់នេះរវាងសមាជិកសម្ព័ន្ធអ៊ឺរ៉ុបទាំង ២៨ ប្រទេស (European Union) នោះជាពិសេសនោះគឺរវាងសមាជិកប្រទេសអភិវឌ្ឍន៍ខ្លាំងនិងអភិវឌ្ឍន៍មធ្យម។ បញ្ហាចំបងគឺសមាជិកប្រទេសអភិវឌ្ឍន៍មធ្យមអាចយល់ឃើញថាការវិនិយោគជាមួយនឹងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិនអាចនាំមកនូវវឌ្ឍនភាពដល់សេដ្ឋកិច្ចរបស់ខ្លួនអោយប្រសើរជាងមុន។

ចំណែកឯប្រទេសចិន ទោះបីជាមានការរិះគន់ពីបណ្ដាប្រទេសមួយចំនួនជុំវិញពិភពលោកក៍ដោយ ប្រទេសនេះបានធ្វើការបដិសេធថាគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ខ្លួនគ្មានបំណងចង់ពង្រីកឥទ្ធិពលនយោបាយទៅបណ្ដាប្រទេសផ្សេងៗទេ ហើយគម្រោងនេះគ្រាន់តែចង់ជំរុញដល់ការរីកលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសខ្លួននិងប្រទេសផ្សេងៗផងដែរ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s