ក្រុមហ៊ុន Volvo នឹងបង្កើតបច្ចេកវិទ្យាសុវត្តិភាពដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍​



ក្រុមហ៊ុនផលិតរថយន្ត Volvo  មានគម្រោងបង្កើតបច្ចេកវិទ្យាដើម្បីបង្កើនសុវត្តិភាពក្នុងការបើកបរដូចជា ផ្នែកល្បឿន ការបើកបរដោយភាពស្រវឹង និងការបាត់បង់ស្មារតីក្នុងការបើកបរដោយកក្តាផ្សេងៗជាដើម ។

កាលពី ១២ឆ្នាំមុន លោក Jan Ivarsson  អ្នកប្រឹក្សាបច្ចេកវិទ្យាជាន់ខ្ពស់ផ្នែកសុវត្តិភាពរបស់ក្រុមហ៊ុន Volvo  បានប្រកាសក្នុងព្រឹត្តិការណ៍ចក្ខុវិស័យឆ្នាំ២០២០ (Vision 2020)  ពីផែនការនៃក្ដីស្រមៃនាឆ្នាំ ២០២០ ថា នឹងមិនមាននរណាម្នាក់ត្រូវស្លាប់ ឬរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ឡានដែលផលិតដោយក្រុមហ៊ុន Volvo  នោះទេ ។

លោក Hakan Samuelsson  នាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Volvo  បាននិយាយថា កត្តាដែលបានកំណត់អោយមានឡើងបែបនេះ គឺដើម្បីដោះស្រាយពីបញ្ហានៃឥរិយាបទអាក្រក់របស់អ្នកបើកបរ ហើយគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃគឺបណ្ដាលមកពី ការបើកបរលឿនលឿន ការបើកបរដោយស្រវឹង និងបាត់បងស្មារតីក្នុងការបើកបរ និងដើម្បីដោះស្រាយពីបញ្ហានេះគឺចាំបាច់ត្រូវបង្កើនការអភិវឌ្ឍផ្នែកសុវត្តិភាពបន្ថែម ។

ហេតុដូចនេះក្រុមហ៊ុន Volvo  មានគំរោងផលិតឡានដែលអាចបន្ថយល្បឿនដោយស្វ័យប្រវត្តិដូចជានៅតាមតំបន់សាលារៀន និងនៅក្នុងទីក្រុងដោយបំពាក់នូវកាមេរ៉ាដែលអាចត្រួតពិនិត្យមើលបានដោយស្វ័យប្រវត្តិប្រសិនបើអ្នកបើកបរមានភាពស្រវឹង វានឹងបន្ថយល្បឿនដោយស្វ័យប្រវត្តិ ។

អ្នកតំណាងរបស់ក្រុមហ៊ុនឡាន Volvo  បានបដិសេធនូវគំនិតដែលថាក្រុមហ៊ុន Volvo  នឹងអាចបំពាក់ឧបករណ៍វាស់ជាតិអាកុល តែផ្ទុយទៅវិញបានបញ្ចាក់ថា ប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិដែលបំពាក់លើម៉ូឌែលឡានថ្មីៗនាពេលអនាគតនេះ គឺអាចចាប់សំគាល់អាការរបស់អ្នកបើកបរបានដូចជា មានភាពស្រវឹង មានសារធាតុញៀន ការបើកបរស្របច្បាប់ឬមិនស្របច្បាប់ ព្រមទាំងអាចពិនិត្យមើលភ្នែករបស់អ្នកបើកបរដើម្បីឲ្យពួកគេយកចិត្តទុកដាក់ក្នុងការបើកបរបានទៀតផង ។

មានអ្នកបើកបរកាន់តែច្រើនឡើងៗដែលមានអារម្មណ៍មិននឹងនរក្នុងការបើកបរ ដូចនេះទើបក្រុមហ៊ុនឡាន Volvo  យល់ឃើញថា ការកាត់បន្ថយអារម្មណ៍មិននឹងនររបស់អ្នកបើកបរគឺជារឿងដ៏សំខាន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

គួរបញ្ចាក់ផងដែរថា​ Volvo គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែត ដែលជាក្រុមហ៊ុនផលិតរថយន្តស្ទើ់គ្រប់ប្រភេទ៕

ដោយ៖ វឌ្ឍនា

X
5s