Instagram កំពុងសាកល្បងឲ្យអ្នកប្រើប្រាស់អាចទិញផលិតផល ដោយផ្ទាល់លើបណ្ដាញសង្គមរបស់ខ្លួន
ការទិញគ្រឿងសំអាង ស្បែកជើង ខោអាវ និងរបស់របរផ្សេងៗទៀតដែលអ្នកឃើញក្នុង Instagram គឺកាន់តែមានភាពងាយស្រួល ។ កម្មវិធី Instagram ដែលជាកម្មវិធីរបស់ក្រុមហ៊ុន Facebook បានឲ្យដឹងកាលពីថ្ងៃអង្គារកន្លងទៅថា ខ្លួនកំពុងធ្វើការសាកល្បងនូវលក្ខណៈពិសេសមួយរបស់កម្មវិធីនេះដែលហៅថា “ Checkout Feature “ ដែលអាចឲ្យអ្នកប្រើប្រាស់ទិញផលិតផលផ្សេងៗដោយមិនចាំបាច់ចុចចេញ មានន័យថាអ្នកប្រើប្រាស់នូវកម្មវិធី Instagram មិនចាំបាច់ត្រូវចូលទៅកាន់វេបសាយរបស់ផលិតផល ហើយត្រូវបញ្ចូលព័ត៌មានដើម្បីទូរទាត់ទិញផលិតផលនោះទៀតទេ។
Instagram កំពុងធ្វើការសាកល្បងលក្ខណៈពិសេសខាងលើនេះនៅក្នុងសហរដ្ឋអាមេរិក ហើយអ្នកប្រើប្រាស់អាចទិញផលិតផលផ្សេងៗបានជាង ២០ ម៉ាក មានដូចជាក្រុមហ៊ុន Adidas, H&M, Zara, Warby Parker, Revolve, Uniqlo និងម៉ាក Mac Cosmetics ជាដើម។
អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងលើនិន្នាការខាងលើនេះគឺថា តើ Instagram កំពុងព្យាយាមប្រែក្លាយពីកម្មវិធីដែលមានអ្នកប្រើប្រាស់ជាងមួយពាន់លាននាក់ (1 billion user) កំពុងប្រើប្រាស់ដើម្បីបង្ហោះរូបភាពស្អាតៗនេះបានដោយរបៀបណា ?
Instagram បានបង្ហោះសារមួយថា “ Checkout “ គឺគ្រាន់តែជាផ្នែកមួយនៃការវិនិយោគរយៈពេលយួរដើម្បីងាយស្រួលទិញអីវ៉ាន់ផ្សេងៗតែប៉ុននោះ ហើយពួកគេនឹងព្យាយាមបង្កើតនូវវិធីសាស្ត្រផ្សេងៗបន្ថែមទៀត ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការទិញផលិតផលនាៗ ។
ដើម្បីទិញផលិតផលផ្សេងៗនៅលើ Instagram អ្នកប្រើប្រាស់ត្រូវចុចលើស្លាករបស់រូបផលិតផលនោះ ហើយវានឹងលោតទៅផ្ទាំង “ Checkout “ បន្ទាប់មកអ្នកប្រើប្រាស់ត្រូវបំពេញព័ត៌មានទំនាក់ទំនង អាសយដ្ធាន និងការទូរទាត់ដើម្បីទិញផលិតផល ។
លក្ខណៈពិសេសថ្មីនេះក៏ផ្ដល់ផលប្រយោជន៍ផងដែលដល់ Instagram ក្នុងការរកប្រាក់ចំណូលតាមរយៈការផ្សាយពាណិជ្ជកម្ម ។ ក្នុងកំឡុងពេលសាកល្បងចំនុចពិសេស (Checkout) នេះ ក្រុមហ៊ុន Instagram ក៏បាននឹងកំពុងគិតថ្លៃលើតំលៃលក់ផលិតផលរបស់ក្រុមហ៊ុនលក់នូវផលិតផលទាំងនោះផងដែរ ។ ក្រុមហ៊ុន Instagram ក៏ប្រើប្រាស់ផងដែលនូវព័ត៌មានរបស់អ្នកប្រើប្រាស់ដើម្បីផ្សាយពាណិជ្ជកម្ម ។
ការធ្វើការសាកល្បងនូវចំនុចពិសេសនេះឡើង គឺដើម្បីប្រកួតប្រជែងជាមួយដៃគូរប្រកួតប្រជែងនាៗ ជាពិសេសក្រុមហ៊ុន Pinterest ដែលអាចឲ្យអ្នកប្រើប្រាស់ទិញផលិតផលផ្សេងៗពីរូបភាពដែលពួកគេបានឃើញនៅលើកម្មវិធីនេះ ។
Instagram បានចាប់ដៃគូជាមួយ Paypal ដើម្បីដំណើរការក្នុងការទូរទាត់ ហើយព័ត៌មានអ្នកប្រើប្រាស់នឹងត្រូវបានរក្សាទុកនៅកន្លែងដែលមានសុវត្តិភាពខ្ពស់។ យោងទៅតាមរបាយការណ៍របស់ក្រុមហ៊ុន Instagram បានបង្ហាញថា ជារាងរាល់ខែមានអ្នកប្រើប្រាស់ជាង ១៣០ លាននាក់ នៅលើកម្មវិធី Instagram បានចុចចូលទៅលើរូបផលិតផលដើម្បីដឹងពីតំលៃរបស់ផលិតផលដែលពួកគេចង់ទិញនោះ៕
ដោយ៖ វឌ្ឍនា