ភស្តុតាងពីប្រអប់ខ្មៅយន្តហោះដែលបានធ្លាក់របស់ Ethiopian Airlines និង Lion Air ស្រដៀងគ្នា​



យោងតាមរបាយការណ៍ពីរដ្ឋមន្ត្រីផ្នែកដឹកជញ្ចូនរបស់ប្រទេសអេត្យូពី (Ethiopian) គឺអ្នកនាង Dagmawit Moge បានឲ្យដឹងថា ទិន្នន័យដែលបានស្រង់ចេញពីប្រអប់ខ្មៅនៃយន្តហោះដែលបានធ្លាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines និង Lion Air Boeing 737 Max គឺមានមូលហេតុស្រដៀងគ្នា ។ នាងបាននិយាយថា “ មានមូលហេតុស្រដៀងគ្នាជាច្រើនត្រូវបានគេគត់សំគាល់រវាងយន្តហោះ Ethiopian Air Flight 302 និងយន្តហោះ Indonesian Lion Air Flight 610 ដែលជាប្រធានបទត្រូវសិក្សាបន្ថែមក្នុងកំឡុងពេលនៃការសើបអង្កេត ហើយរបាយការណ៍ផ្លូវការពិតប្រកដដែលនឹងត្រូវបានបញ្ចាក់ដោយសហរដ្ឋអាមេរិច និងក្រុមមន្ត្រីរបស់ប្រទេសអ៊ីត្យូពី (Ethiopian) នឹងត្រូវបានបង្ហាញនៅខែក្រោយនេះ ។ ឧបទ្ទវហេតុធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian កាលពីថ្ងៃទី ១០ ខែមិនា កន្លងទៅ បានសម្លាប់មនុស្សនៅលើយន្តហោះអស់ចំនួន ១៥៧ នាក់ ដោយការធ្លាក់នេះបន្ទាប់ពីការធ្លាក់យន្តហោះមួយគ្រឿងនា ខែតុលារបស់ក្រុមហ៊ុនអាកាសចរណ៏ Lion Air ដែលជាប្រភេទយន្តហោះម៉ាក Boeing ដូចគ្នា ។ ឧបទ្ទវហេតុធ្លាក់យន្តហោះជាបន្តបន្ទាប់នេះ បានធ្វើឲ្យមានការសើបអង្កេតជាលក្ខណៈអន្តរជាតិ និងឈានដល់ការបញ្ឈប់ជើងហោះហើរនៃប្រភេទយន្តហោះ Boeing 737 Max ក្នុងសហរដ្ឋអាមេរិក ចិន អ៊ីនដូណេស៊ី សិង្ហបុរី អូស្ត្រាលី និងបណ្ដាប្រទេសផ្សេងៗទៀត ។ សារព័តមាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមអ្នកសើបអង្កេតបានប្រទះឃើញបំណែកមួយចំនួនរបស់គ្រឿងម៉ាស៊ីនយន្តហោះនៅកន្លែងកើតហេតុធ្លាក់យន្តហោះ ។ យោងទៅតាមប្រភពពីរដែលត្រូវបានយកការណ៍ដោយភ្នាក់ងារសារព័តមាន The New York Times ភស្តុតាងនៃការធ្លាក់យន្តហោះបានបង្ហាញថា ឧបករណ៍រក្សាលំនឹងរបស់យន្តហោះត្រូវបានគេដំឡើងទៅលើដែលជាហេតុធ្វើឲ្យយន្តហោះដាំក្បាលចុះទៅក្រោម ។ យោងតាមប្រភពពីសារព័តមាន Reuters បានឲ្យដឹងថា ភស្តុតាងនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian នេះ គឺស្រដៀងគ្នានឹងឧបទ្ទវហេតុធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែរ។ ក្រុមអ្នកសើបអង្កេតកំពុងធ្វើការស្រាវជ្រាវទៅលើ ថាតើការធ្លាក់របស់យន្តហោះខាងនេះគឺបណ្ដាលមកពីឧបករណ៍ប្រព័ន្ធរក្សាលំនឹងរបស់យន្តហោះពិតប្រកដដែរឬទេ៕ ដោយ៖ វឌ្ឍនា ប្រភព៖ businessinsider
X
5s