ឯកឧត្តម ស៊ុន ចាន់ថុល ស្នើវិនិយោគិនចិន សិក្សាពីលទ្ធភាពវិនិយោគព្រលានមានស្រាប់ខេត្តកំពង់ឆ្នាំង
មន្ត្រីជាន់ខ្ពស់កម្ពុជា ស្នើឲ្យវិនិយោគិនចិន សិក្សាពីលទ្ធភាពវិនិយោគលើព្រលានយន្តហោះមានស្រាប់ក្នុងខេត្តកំពង់ឆ្នាំងឡើងវិញ ដើម្បីសម្រួលដល់ការចរាចរណ៍ទំនិញ និងការធ្វើដំណើរ។
លើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានិងកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងUNDP និងក្រុមហ៊ុនShenzhen 4PX Express ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រទេសកម្ពុជារួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនៅព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ការជំរុញឱ្យក្រុមហ៊ុនចិនពិចារណាលើការវិនិយោគព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំងឡើងវិញនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងមានគោលនយោបាលធ្វើយ៉ាងណាសម្រួលដល់មធ្យោបាយដឹកជញ្ជូន(ឡូជីស្ទីក)ដល់អ្នកវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។
រូបតំណាង
ឯកឧត្តមបន្តថា ខេត្តកំពង់ឆ្នាំមានព្រលានយន្តហោះស្រាប់ ប៉ុន្តែបច្ចុប្បន្ននេះមិនប្រើប្រាស់សោះ បែជាទុកចោល ហើយក្លាយជាកន្លែងហាលកសិផលទៅវិញ។ «ព្រលានយន្តហោះសព្វថ្ងៃនេះ ទៅជាកន្លែងហាលដំឡូងមី អញ្ចឹងយើងគួរពិនិត្យប្រើប្រាស់ឱ្យអស់សក្តានុពលដែលមាននៅខេត្តកំពង់ឆ្នាំង»។ ជាមួយគ្នានឹងការកៀរគអ្នកវិនិយោគព្រលានយន្តហោះនេះ ឯកឧត្តម រដ្ឋមន្ត្រី បានឱ្យដឹងថា បើមានការវិនិយោគព្រលានយន្តហោះចាស់នេះឡើងវិញនោះ ក្រសួងនឹងតភ្ជាប់ផ្លូវដែក ដែលមានស្រាប់់ចូលទៅដល់ព្រលានយន្តហោះតែម្តងដើម្បីឱ្យរថភ្លើងអាចចេញចូលដឹកទំនិញនៅព្រលានយន្តហោះបាន បន្ថែមលើការដឹកជញ្ជូនតាមរថយន្តនិងតាមនាវា។ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការនិងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយចំនួនកំពុងសិក្សាពីការវិនិយោគព្រលានយន្តហោះចាស់ៗដែលយើងទុកចោលនៅតាមខេត្តដូចជា នៅកោះកុង ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី និងប៉ោយប៉ែត។ ឯកឧត្តមបានឱ្យដឹងទៀតថា នៅពេលការសិក្សាចប់សព្វគ្រប់ពីលទ្ធភាពនៃការបើកដំណើរការហើយនោះ ព្រលានយន្តហោះមួយឬពីរនឹងបើកដំណើរការឡើងវិញក្នុងពេលខាងមុខនេះ។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈកម្មការរៀបចំគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដោយបានបើកកិច្ចប្រជុំជាលើកដំបូង ដើម្បីបញ្ជាក់ ទីតាំងព្រលានយន្តហោះថ្មី ថាស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្តាលនិងខេត្តតាកែវ លើផ្ទៃដីទំហំ ២៦០០ហិកតា ជាមួយនឹងទុនវិនិយោគ ១ ៥០០លានដុល្លារអាមេរិក ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន OCIC៕ ដោយ៖ ស្រីពេជ្រ