ប៉េកាំងត្រៀមខ្លួនវាយលុកសេដ្ឋកិច្ចក្នុងតំបន់អ៊ឺរ៉ុបដោយប្រើប្រាស់កំពង់ផែបុរាណ Trieste របស់អ៊ីតាលី​



រាប់សត្សវត្សមកហើយដែលកំពង់ផែ Trieste ដែលស្ថិតនៅភាគចុងខាងជើងនៃប្រទេសអ៊ីតាលី ត្រូវបានអាណាចក្របុរាណជាច្រើនយកមកធ្វើជាទីតាំងធ្វើជំនួញហើយកំពង់ផែនេះតែងតែមានភាពមមាញឹកជាមួយនឹងសកម្មភាពពាណិជ្ជកម្មគ្មានពេលស្រាកស្រាន្ត។ ក្រោយមកកេរិ៍្តឈ្មោះដ៍ល្បីល្បាញរបស់កំពង់ផែនេះត្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ហើយសកម្មភាពពាណិជ្ជកម្មនៅកំពង់ផែនេះក៍រលាយសាបសូន្យ។ ប៉ុន្តែថ្មីៗ នេះលេចឮថាព្រះអាទិត្យថ្មីទើបនឹងរះគឺប្រទេសចិនដែលកំពុងតែមានសន្ទុះកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងហើយកំពុងតែវាយលុកតំបន់សេដ្ឋកិច្ចជាច្រើនកន្លែងជុំវិញពិភពលោក កំពុងតែមានគម្រោងផ្លាស់ប្តូរវាសនានៃកំពង់ផែបុរាណមួយនេះសារជាថ្មីម្ដងទៀត។ ព័ត៌មានក្ដៅៗក្នុងអាទិត្យនេះបានឲ្យដឹងថាមេដឹកនាំរបស់ប្រទេសចិន លោកស៊ីជីងពិង បានធ្វើដំណើរទៅទីក្រុង Rome របស់ប្រទេសអ៊ីតាលីដែលគេជឿជាក់ថាប្រទេសអ៊ីតាលីនឹងចូលរួមសហការក្នុងគម្រងសេដ្ឋកិច្ចខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ប្រទេសចិនក្នុងពេលខាងមុខនេះ។ ហើយហេតុការណ៍នេះបានធ្វើអោយមេដឹកនាំសហរដ្ឋអាមេរិក លោកដូណាលត្រាំ ភ្លឺភ្នែកយ៉ាងច្បាស់ថាប្រទេសចិនពិតជាមានឥទ្ធិពលខ្លាំងពិតមែនដែលអាចបញ្ចុះបញ្ចូលដៃគូពាណិជ្ជកម្មរបស់ខ្លួនឲ្យចូលរួមក្នុងគម្រងពាណិជ្ជកម្មរបស់គេបាន។ ម្យ៉ាងទៀតទង្វើរបស់ប្រទេសចិនបានបញ្ជាក់ឲ្យឃើញថាសហរដ្ឋអាមេរិកកំពុងតែបាត់បង់ឥទ្ធិពលរបស់ខ្លួនជុំវិញពិភពលោកព្រមទាំងមិនអាចទប់ស្កាត់ការរីករាលដាលនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំងទៅកន្លែងផ្សេងៗ ជុំវិញពិភពលោក។ ចំណែកឯប្រទេសអ៊ីតាលីវិញគឺនឹងទទួលបានផលប្រយោជន៍មួយចំនួនធំក្នុងឱកាសចូលរួមចាប់ដៃគូជាមួយប្រទេសចិននេះព្រោះប្រទេសនេះអាចនឹងមានកំណើនសេដ្ឋកិច្ចជាក់ជាមិនខាន។ ជាមួយនឹងការបោះទន់និងការវិនិយោគរបស់ប្រទេសចិនក្នុងប្រទេសអ៊ីតាលីអាចនាំមកនូវវឌ្ឍនភាពយ៉ាងធំមហាសាលដល់់ប្រទេសមួយនេះ។ រីឯប្រទេសចិនវិញនឹងអាចវាយលុកសេដ្ឋកិច្ចក្នុងតំបន់សហព័ន្ធអ៊ឺរ៉ុបបានយ៉ាងងាយស្រួលព្រោះដោយសារតែកំពង់ផែបុរាណ Trieste មួយនេះអាចឲ្យប្រទេសចិនយកធ្វើជាផ្លូវកាត់ក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនតាមផ្លូវទឹករួចក៍បន្តបញ្ជូនទៅតាមផ្លូវដែកចូលទៅក្នុងតំបន់អ៊ឺរ៉ុប។ ម្យ៉ាងទៀតកំពង់ផែនេះជាតំបន់ដែលភ្ជាប់បណ្ដាញពាណិជ្ជកម្មយ៉ាងធំពីប្រទេសជាច្រើនក្នុងតំបន់អ៊ឺរ៉ុប។ ដូចនេះប្រទេសចិនអាចទាញផលវិជ្ជមានជាច្រើនពីកំពង់ផែនេះ។ ហើយបច្ចុប្បន្ននេះគេសង្កេតឃើញថាមានសកម្មភាពពាណិជ្ជកម្មរបស់ជនជាតិចិនមួយចំនួនក្នុងតំបន់នេះដែលកំពុងតែដំណើរការដូចជាមានហាងចិនមួយចំនួនត្រូវបានគេសាងសងនៅទីនេះហើយមាននាវាយក្យសម្រាប់ដឹកភ្ញៀវទេសចរជនជាតិចិនដែលចតនៅទីនោះ។ ជាពិសេសនោះ គេសង្កេតឃើញថាមានកម្មករនិងជនជាតិចិនជាច្រើននាក់រស់នៅក្បែរកំពង់ផែនោះ។ នេះបញ្ជាក់ថាមិនយូរមិនឆាប់ កំពង់ផែបុរាណមួយនេះនឹងឃើញមានសកម្មភាពពាណិជ្ជកម្មយ៉ាងមមាញឹករបស់ជនជាតិចិនជាមិនខាន៕ ដោយ៖ នឿន វណ្ណៈ
X
5s