មហាសេដ្ឋី Tony Robbins និងមហាសេដ្ឋី Warren Buffett យល់ស្របថា រឿងមួយនេះគឺជាការវិនិយោគល្អបំផុតនៅក្នុងជីវិតរបស់អ្នក
លោក Tony Robbins ធ្លាប់បានប្រើឆាកជីវិតដោយបានប្រែក្លាយពីអ្នកបោសសំអាតទៅជាសេដ្ឋីពូកែលក់ដែលមានលុយរាប់លានដុល្លារ។ ចំណែកលោក Warren Buffett វិញ គឺជាវិនិយោគិនដ៏ជោគជ័យបំផុតរហូតមកដល់បច្ចុប្បន្ននេះដែលមានទ្រព្យសម្បត្តិដ៏ច្រើនមហាសាល។
បុគ្គលល្បីល្បាញទាំងពីររូបនេះបានមានប្រសាសន៍ថា ការវិនិយោគដ៏ល្អបំផុតដែលអ្នកត្រូវតែមាននៅក្នុងឆាកជីវិតរបស់អ្នកវាមិនមែនជាការវិនិយោគទៅលើទីផ្សារភាគហ៊ុន ឬបើកជំនួញនៅ ក្នុងវិស័យហិរញ្ញវត្ថុអីនោះទេ។ ក៏ប៉ុន្តែជាការវិនិយោគលើចំណេះដឹង។ កាលពីនៅអាយុ ១៧ ឆ្នាំ ពោលគឺនៅពេលដែលលោក Robbins រកប្រាក់បានត្រឹមតែ ៤០ ដុល្លារក្នុងមួយសប្តាហ៍ លោកបានចំណាយប្រាក់ ៣៥ ដុល្លារក្នុងសិក្ខាសាលារយៈពេល ៣ម៉ោងមួយដើម្បីអភិវឌ្ឍសមត្ថភាពរបស់លោកដែលមានលោក Jim Rohn ជាគ្រូបង្គោល។
នៅក្នុងសិក្ខាសាលានេះលោកត្រូវបានបង្រៀនថា ការងារសំខាន់បំផុតដែលលោកត្រូវធ្វើនៅក្នុងជីវិតរបស់លោកគឺខ្លួនលោកផ្ទាល់។ លោកបានថ្លែងដូច្នេះថា៖« លោក Jim Rohn បានប្រាប់ខ្ញុំឲ្យឈប់ផ្តោតលើអ្វីដែលខ្ញុំមិនអាចគ្រប់គ្រងបាន ហើយឲ្យខ្ញុំងាកមកផ្តោតលើអ្វីដែលខ្ញុំអាចគ្រប់គ្រងបានវិញ។ បន្ទាប់មកខ្ញុំបានព្យាយាមរកច្រកផ្លូវអភិវឌ្ឍខ្លួនខ្ញុំ ជាវិធីបម្រើឲ្យអ្នកដទៃ វិធីធ្វើឲ្យកាន់តែច្រើនជាងមុន កាន់តែល្អជាងមុន និងមានតម្លៃច្រើនជាងមុន»។ ងាកមកមើលលោក Buffett លោកបានរៀនមេរៀនប្រហាក់ប្រហែលនេះដែរ។
មហាសេដ្ឋីរូបនេះបានសារភាពថា លោកមិនសូវប្រសព្វនិយាយនៅលើវេទិកាសាធារណៈនោះទេកាលពីលោកនៅក្មេង។ លោកបន្តថា លោកបានបង្ខំខ្លួនឯងឲ្យយកឈ្នះភាពភ័យខ្លាចមួយនេះនៅពេលលោកមានអាយុ ២០ឆ្នាំ ដោយបានចុះឈ្មោះចូលរៀនរបៀបនិយាយវាសាធារណៈនៅវិទ្យាស្ថាន Dale Carnegie Institute ។ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សានេះ លោក Buffett លោកបានទៅសាកលវិទ្យាល័យOmaha ហើយត្រូវបានគេស្នើសុំឲ្យជួយបង្រៀនមុខវិជ្ជាមួយស្តីពីការយកឈ្នះ លើភាពភ័យខ្លាចជាមួយលោក Tim Ferriss ជាមួយសៀវភៅមួយក្បាលរបស់លោកដែលមានចំណងជើងថា "Tools of Titans”។
ក្រោយមកលោក Robbins បានប្រាប់ទៅលោក Tim Ferriss ថា លោកបានឮលោក Buffett និយាយថា ការវិនិយោគលើខ្លួនឯងគឺជាការវិនិយោគដ៏ល្អបំផុតនៅក្នុងជីវិតរបស់អ្នក។ ការលើកឡើងរបស់មហាសេដ្ឋី Buffett បែបនេះបានធ្វើឲ្យលោក Robbins យល់ស្របទាំងស្រុង។ លោក Robbins បានថ្លែងដូច្នេះថា៖« វិនិយោគលើវិស័យហិរញ្ញវត្ថុ មិនមែនជារឿងល្អបំផុតនោះទេ ពីព្រោះបើអ្នកកាន់តែអភិវឌ្ឍសមត្ថភាព កាន់តែអភិវឌ្ឍជំនាញ កាន់តែអភិវឌ្ឍក្នុងខ្លួនអ្នកឲ្យកាន់តែខ្លាំង វានឹងធ្វើឲ្យអ្នកកាន់តែមានសេរីភាពខាងសេដ្ឋកិច្ច... ជំនាញទាំងនេះពិតជាការវិនិយោគល្អបំផុត»៕
ប្រភព៖ CNBC