វីរសិល្បៈ​ការិនី​លោក​ស្រី ឌី សាវ៉េត៖ ការ​តស៊ូ​របស់​សិល្បៈ​ករ​ចាស់​ព្រឹទ្ធាចារ្យ​គឺ​ជា​គំរូ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​



លោក​ស្រី ឌី សាវ៉េត គឺ​ជា​សិល្បៈការិនី​រៀមច្បង​មួយ​រូប​ដែល​បាន​ឆ្លង​កាត់​ជីវិត​ក្នុង​វិស័យ​សិល្បៈជា​តារា​ភាព​យន្ត​តាំង​ពី​ទសវត្សរ៍ឆ្នាំ​១៩៦០ លុះ​ដល់ ​​ឆ្នាំ​១៩៧៥ ​ជា​សម័យ​នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ធ្វើ​ឲ្យ​លោក​ស្រី​និង​សិល្បៈករ​ផ្សេង​ទៀត​ត្រូវ​បាន​ផ្អាក​ការ​សម្ដែង។ ក្រោយ​ពី​សង្រ្គាម​បាន​បញ្ចប់ វីរសិល្បៈការិនី​ឆ្នើម​រូប​នេះ​បាន​បន្ត​ចាប់​អាជីព​ជា​តារាភាព​យន្ត​ក្នុង​ឆ្នាំ​១៩៩៣​និង​ទទួល​បាន​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

តួអង្គ​ឆ្នើម​ក្នុង​រឿង "ទឹកចិត្ត​ម្ដាយ" រូប​នេះ​បាន​បង្ហាញ​នូវ​អាម្មណ៍​រំភើប​និង​រីក​រាយ​ ចំពោះ​វត្តមាន​នៃ​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ជា​ពិសេស​ពី​សំណាក់​យុវជន​ក្នុង​កម្មវិធី​ "មាគ៌ាបញ្ញាវន្ត" កាលថ្ងៃអាទិត្យម្សិលមិញមជ្ឈមណ្ឌលប្រតិបត្តិការណ៍កម្ពុជាជប៉ុន CJCC ដែល​នេះ​ជា​ការ​បង្ហាញ​នូវ​ការ​ឲ្យ​តម្លៃ​ គោរព​ស្រលាញ់​ និង​ការ​ចងចាំ​ចំពោះ​វីរសិល្បៈករ​ចាស់​ព្រឹទ្ធាចារ្យ​។ ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ស្រី​ក៏​បាន​បង្ហើប​នូវ​សារ​ផ្ដាំ​ផ្ញើរ​មួយ​ឃ្លា​ដល់​ក្មេង​ជំនាន់​ក្រោយ​ថា "ការ​តស៊ូ​របស់​សិល្បៈករ​ចាស់ព្រឹទ្ធាចារ្យ​គឺ​ជា​គំរូ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ"​។

ក្នុង​ន័យ​នៃ​ការ​ផ្ដាំ​ផ្ញើរ​នេះ​លោក​ស្រី​ចង់​បង្ហាញ​ថា សិល្បៈករ​ជំនាន់​មុន​ពួក​បាន​ហែល​ឆ្លង​នូវ​រឿង​រ៉ាវ​លំបាក​ខ្លាំង​ណាស់​ទម្រាំ​និង​មាន​ថ្ងៃ​នេះ ពី​ព្រោះ​ថា​សិល្បះៈមិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ តាំង​ពី​ការ​ច្រៀង​ ការ​សម្ដែង ការ​រាំ សិល្បៈ​ភ្លេង និង​ចាប៉ី គឺ​សុទ្ធ​តែ​មិន​ស្រួល​នោះទេ​ គឺ​ពួកគាត់​ត្រូវ​តស៊ូ​តាំង​ពី​ក្មេង​រហូត​ដល់​ចំណាស់​នេះ បើ​សិន​ជា​ពួកគាត់​មិន​តស៊ូ​ទេ​សិល្បៈ​ទាំង​នេះ​ប្រហែល​ជា​បាត់​បង់​តាំង​ពី​ពាក់​កណ្ដាល​ទី​មក​ម្លេះ។

សិល្បៈការិនី​ជើង​ចាស់​រូប​នេះ​បាន​បន្ត​ថា សិល្បៈករ​ចាស់ៗ​ពួកគាត់​មិន​ដែល​ត្អូញ​ត្អែរ​ទេ ហើយ​ក៏​មិន​ដែល​ធ្វើ​ឫក​ធ្វើពា​អួត​អាង​ថា​ខ្លួន​ជា​អ្នក​ល្បី​នោះ​ដែរ ដូច្នេះ​ការ​តស៊ូ​របស់​ពួគ​យើង​គឺ​ចង់​ធ្វើ​ជា​គំរូ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​បាន​យល់​ដឹង​និង​យក​គំរូតាម​ ជៀស​វាង​ការ​ទិតៀន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន៕

អត្ថបទ​ដោយ៖ ជួប ស្រីរ័ត្ន

X
5s