សហស្ថាបនិកក្រុមមាគ៌ាឆ្ពោះទៅអនាគតកញ្ញា ចាន់ ស្រីហ៊ុច៖ ពួកយើងមិនចង់ឲ្យយុវជនបានត្រឹមតែLike និងShareនៅពេលបាត់បង់វីរសិល្បៈករជើងចាស់នោះទេ
កញ្ញា ចាន់ ស្រីហ៊ុច សហស្ថាបនិកនៃក្រុមមាគ៌ាឆ្នោះទៅអនាគតឬហៅកាត់ថាA2F បានលើកឡើងថា យុវជនខ្មែរមួយចំនួនក្នុងពេលបច្ចុប្បន្ននេះមិនបានយល់ដឹងទេអំពីការលះបង់របស់សិល្បៈករចាស់ព្រឹទ្ធាចារ្យ ជាក់ស្ដែងលោកតា ប្រាជ្ញ ឈួន នៅពេលដែលលោកតានៅមានជីវិត មិនសូវមានយុវជនណាចូលរួមស្ដាប់ចាប៉ីលោកតាទេ ប៉ុន្តែនៅពេលដែលលោកតាអនិច្ចកម្មទើបឃើញមានយុវជនជាច្រើននាំគ្នា Like និង Share នៅតាមបណ្ដាញសង្គម ដូច្នេះក្រុមមាគ៌ាឆ្ពោះទៅអនាគតមិនចង់ឃើញយុវជននៅតែបន្តបង្ហាញទម្លាប់បែបនេះឡើយ។
សហស្ថាបនិករូបនេះបានលើកឡើងបន្តថា ដោយសារតែមិនចង់ឃើញយុវជននៅតែបន្តសកម្មភាពបែបនេះម្ដងហើយម្ដងទៀត ទើបក្រុមមាគ៌ាឆ្ពោះទៅអនាគតបានរួមគ្នាបង្កើតកម្មវិធី «មាគ៌ាបញ្ញាវន្ត» ឡើងដើម្បីលើកកម្ពស់វីរសិល្បៈករចាស់ព្រឹទ្ធាចារ្យ។ បន្ថែមពីលើមូលហេតុសំខាន់មួយនេះ កញ្ញាក៏បានលើកឡើងនៅមូលហេតុចម្បងពីរបន្ថែមទៀតនៃកម្មវិធីសិក្ខាសាលានេះគឺទីមួយ ការចែករំលែកនូវបំណិនជីវិតផ្សារភ្ជាប់និងជំនាញ។
កញ្ញា ចាន់ ស្រីហុ៊ច ក៏បានបន្តទៀតថា ចំណុចនេះគឺជាការបង្ហាញនិងបើកបេះដូងសម្រាប់យុវជនជំនាន់ក្រោយឲ្យបានយល់អំពីដំណើរនៃជីវិតរបស់គាត់ ក៏ដូចជាតម្លៃនៃការងាររបស់ពួកគាត់។ ចំណុចមួយទៀតគឺយុវជននិងទទួលបាននូវបទពិសោធន៍ជីវិតល្អៗពីវាគ្មិនសម្រាប់ជាជំនួយដល់ការពិចារណារបស់ពួកគាត់ និងជាផ្លូវសម្រាប់ពួកគាត់អាចយកមកប្រើនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ដើម្បីស្វែងរកគោលដៅពិតប្រាកដនៃជីវិតរបស់ខ្លួន។
ក្នុងទឹកមុខញញឹមសហស្ថាបនិកវ័យក្មេងរូបនេះបានប្រាប់ថា ការរំពឹងទុកសម្រាប់អ្នកចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលាគឺពួកយើងសង្ឃឹមថានិងមានការអញ្ជើញចូលរួមច្រើនកុះករ ប៉ុន្តែជាក់ស្ដែងអ្វីដែលយើងទទួលបានគឺមិនត្រឹមតែមានអ្នកចូលរួមច្រើនកុះករទេ ប៉ុន្តែថែមទាំងអត់មានកៅអីអង្គុយថែមទៀត ដែលនេះគឺហួសពីអ្វីដែលពួកយើងរំពឹងទុកទៅទៀត ព្រោះថាអ្នកចូលរួមបើទោះជាគ្មានកៅអីក៏គាត់នៅតែបន្តទិញសំបុត្រចូលរួមដែរ៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន