សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ប្រចាំ​សប្ដាហ៍​



Bizkhmer សូម​ផ្ដល់​ជូន​លោក​អ្នក​នូវ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​៥ ពី​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ចំនួន​៤​គឺ កាសែត​កោះសន្តិភាព រស្មីកម្ពុជា ភ្នំពេញប៉ុស្តិ៍ និង​សាព័ត៌មាន​​Kley Kley News ដើម្បី​ផ្ដល់​ជា​ជំនួយ​ដល់​លោក​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត​អាជីវកម្ម ក៏​ដូច​ជា​ស្វែង​យល់​អំពី​ព្រឹត្តិការណ៍​សំខាន់​ដែល​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

យោង​តាម​កាសែត​កោះ​សន្តិភាព​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩ ស្ដី​អំពី​ កំពង់​ផែ​ទេសចរ​អន្តរជាតិ​ខេត្តកំពត​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ៖ កំពង់​ផែ​ទេសចរ​អន្តរជាតិ​ខេត្តកំពត ដែល​មក​ដល់​បច្ចុប្បន្ន​នេះ​សម្រេចការ​សាងសង់​ប្រមាណ​ជាង ២៥ ភាគរយ​នោះ​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​មួយ ក្នុង​ការ​ធានា​រ៉ាប់រង​និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គម្រោង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុង​ឱកាស​ដឹកនាំ​ក្រុមការងារ និង​មន្ត្រីរាជការ​នៃ​ក្រសួងទេសចរណ៍ ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​កំពង់​ផែ​កាលពី​ថ្ងៃ ទី​១២ ខែមីនា ឆ្នាំ​២០១៩​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​ប្រភព​ខាង​លើ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ដដែល​នោះ បាន​ចេញ​ផ្សាយ​ស្ដី​អំពី កម្ពុជា​នឹង​ស្នើ​កូរ៉េ​ខាងត្បូង​ពង្រីក​ទីផ្សារ​បន្ថែម​សម្រាប់​ផលិតផល​ពី​កម្ពុជា៖ ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ជំនួប​ជជែក​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក មូ​ន ចេ​អិន (Moon Jae-in) នៅ​ថ្ងៃនេះ (​ថ្ងៃ​ទី ១៤ ខែមីនា​) កម្ពុជា​គ្រោង​ស្នើ​ទៅ​កូរ៉េ​ខាងត្បូង ឲ្យ​ជួយ​ទិញ​ផលិតផល​របស់​កម្ពុជា​បន្ថែម​ទៀត​។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ ក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ បាន​អញ្ជើញ​ជា​អធិបតីភាព​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ចាស់​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សំរាប់​កាសែត រស្មី​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី កូរ៉េខាងត្បូង​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា ៧០០ លាន​ ដុល្លារ​សម្រាប់​ឆ្នាំ ២០១៩-២០២៣៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ ​សាធារណរដ្ឋ​កូរ៉េ​បានផ្ដល់ ឥណទាន​ស​ម្បទាន​នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​( ២០១៩-២០២៣)​សរុប​ចំនួន ៧០០ លាន​ដុល្លារ​អាម៉េរិក ដោយបាន​ផ្ដោតលើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​,វិស័យ​ធនធានទឹក,​ សុខុមាលភាព​សាធារណៈ​, វិស័យ​អប់រំ ,​បណ្ដុះបណ្ដាល​ធនធានមនុស្ស និងវិស័យ​អភិវឌ្ឍន៍ជនបទ​មាន​ជាអាទិ៍​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អាកាសចរណ៍​ស៊ីវិល, គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ​២,​ និងផ្លូវជាតិ​លេខ២២ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា កូរ៉េ លើក​ទី​៤ នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ១៥ ខែ​មីនា​នេះ វេទិកា​នេះ​ក៏មាន​ការចូលរួម​ពី​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូ​រ៉​ផងដែរ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ពី​ សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា បារម្ភ​ពី​ការ​ស្នើ​ដក​ប្រព័ន្ធ GSP៖ សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​​ចំពោះ​ការ​ស្នើ​ «ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ ឆ្នាំ ​២០១៩» ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដោយ​បាន​លើក​ឡើង​​ថា វិធានការ​នេះ​នឹង​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ​រាប់​សែន​នាក់ និង​ជីវភាព​រស់នៅ​របស់​គ្រួសារ​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​​អាមេរិក​ទៀត​​ផង​​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​ផ្ញើ​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

សម្រាប់​ព័ត៌មាន​ចុង​ក្រោយ​គឺ សារព័ត៌មាន​Kley Kley News កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី អាកាសយានដ្ឋាន​​ភ្នំពេញ​ថ្មី គ្រោងនឹង​ចាប់ផ្តើម​សាងសង់​នៅដើម​ឆ្នាំ​២០២៤៖ បើ​មិន​មានការ​ប្រែប្រួល​ទេ ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ដែល​មាន​ភូមិ​សាស្ត្រ​នៅ​​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង និង​ខេត្ត​តាកែវ​​ គ្រោង​ចាប់​​​ផ្ដើម​ នៅ​ដើម​​ឆ្នាំ​ ២០២៤​ខាង​មុខ។ នេះ​បើ​តាម​ប្រសាសន៍​​ ​ លោក​ឧកញ៉ា ពុង ឃាវសែ។ អគ្គនាយក​ក្រុមហ៊ុន OCIC បាន​ថ្លែងប្រាប់​អ្នក​ព័ត៌មាន​ក្នុង​ឱកាស​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំណង់​រវាង​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ភ្នាក់ងារ​លើ​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​កូរ៉េ (Kotra) កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៤ មីនា ឆ្នាំ​២០១៩​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

អត្ថបទ​ដោយ៖ ជួប ស្រី​រ័ត្ន

X
5s