ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស
វត្តមានរបស់ជនជាតិចិនចេញទៅក្រៅប្រទេសដើម្បីវិនិយោគ ប្រកបរបរ ឬធ្វើការមិនមែនជារឿងថ្មីៗនោះទេ ព្រោះជនជាតិចិនមានប្រវត្តិត្រាច់ចរចេញទៅតាំងលំនៅបណ្តោះអាសន្ន ឬអចិន្ត្រសយ៍នៅប្រទេសដទៃតាំងពីបុរាណមកម្ល៉េះ។
ទោះជាយ៉ាងណាក៏ដោយកំណើនរបស់ជនជាតិចិនចំណាកស្រុកទៅក្រៅប្រទេសមួយរយៈពេលចុងក្រោយនេះត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើង ពោលគឺមិនថាក្នុងទ្វីបអាស៊ី ឧបទ្វីបអាស៊ីអាគ្នេយ៍ ទ្វីបអាហ្វ្រិច ឬទ្វីបអឺរ៉ុបនោះទេ សុទ្ធតែមានឃើញវត្តមានរបស់ជនជាតិចិនទាំងក្រុមៗរស់នៅ។
ស្របជាមួយនឹងកំណើនរបស់ជនជាតិចិននៅក្រៅប្រទេសនេះ ការមកដល់របស់ពួកគេក៏បាននាំមកនូវតម្រូវការកាន់តែខ្លាំងនូវអចលនទ្រព្យជាច្រើនរួមមានផ្ទះ និងដីផ្សេងៗ ដែលចលនានេះបានធ្វើឱ្យតម្លៃអចលនទ្រព្យនៅតាមប្រទេសនីមួយៗសុទ្ធតែត្រូវប៉ាន់បានថ្លៃខ្ពស់ណាស់។ ប៉ុន្តែតើអ្វីទៅជាហេតុផលដែលធ្វើឱ្យជនជាតិចិនយ៉ាងច្រើនកុះករទិញអចលនទ្រព្យនៅក្រៅប្រទេសយ៉ាងដូច្នេះ?
បើតាមការលើកឡើងរបស់លោក Charles Pittar អគ្គនាយកប្រតិបត្តិនៃគេហទំព័រ Juwai.com ហេតុផលធំៗទាំង៤យ៉ាងដែលញុំាងឱ្យប្រជាជនចិនទិញអចនលទ្រព្យច្រើនបែបនេះ មានដូចជា៖
១. ដើម្បីវិនិយោគ
ជាសមិទ្ធផលដ៏ធំនៃការបើកចំហសេដ្ឋកិច្ចក្នុ្ងងស្រុកការរៀបចំគោលនយោបាយទាក់ទាញវិនិយោគិន និងយុទ្ធសាស្ត្រផ្សេងៗទៅលើវិស័យឧស្សាហកម្ម ប្រជាជនចិននាសតវត្សរ៍ទី២១នេះកាន់តែមានជីវភាពល្អទៅៗដោយក្នុងនោះផងដែរ ប្រជាជនរបស់ខ្លួនជាច្រើនចាប់ផ្តើមមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការវិនិយោគនៅក្រៅប្រទេស។
ក្នុងនោះផងដែរ ការវិនិយោគនៅលើវិស័យអចលនទ្រព្យត្រូវបានជនជាតិចិនយល់ថាជាការវិនិយោគដ៏សុវត្ថិភាពបំផុត បើប្រៀបធៀបនឹងការបណ្តាក់ទុនទៅលើវិស័យដទៃៗផ្សេងទៀត ព្រោះថាកាលណាកំណើនមនុស្សនៅតែបន្តកើនឡើង តម្រូវការអចលនទ្រព្យនៅតែមាន។
លើសពីនេះទៅទៀតប្រជាជនចិននិយមវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះតម្លៃអចលនទ្រព្យនៅប្រទេសទាំងនេះកំពុងស្ថិតនៅក្នុងតម្លៃទាបដែលក្នុងពេលអនាគតដ៏ល្បីនឹងអាចឡើងថ្លៃខ្ពស់បាន។ ដូច្នេះហើយការវិនិយោគក្នុងវិស័យនេះអាចនាំឱ្យពួកគេចំនេញជាច្រើន។
២. ដើម្បីការបង្ហាញពីស្តង់ដារជីវភាព
ក្រៅពីការវិនិយោគ ការទិញផ្ទះក៏អាចធ្វើឡើងដើម្បីបង្ហាញទៅអ្នកដទៃផងដែរ ពោលគឺសម្រាប់ជនជាតិចិនមួយចំនួន កម្មសិទ្ធិជាម្ចាស់អចលនទ្រព្យនៅក្រៅប្រទេសគឺជាមោទនភាព និងជាសូចនាករបង្ហាញពីភាពជោគជ័យរបស់ពួកគេ។ ប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិច កាណាដា អូស្ត្រាលី ណូវេលហ្សេឡង់ និងចក្រភពអង់គ្លេសជាដើម សុទ្ធតែជាឋានសួគ៌នៃលំនៅដ្ឋានរបស់ជនជាតិចិន។
បើទោះបីជនជាតិចិនមួយចំនួនដែលទិញផ្ទះ ឬអចលនទ្រព្យនៅឯក្រៅប្រទេសពុំមានបំនងក្នុងការទៅស្នាក់នៅទីនោះដោយអចិន្ត្រសយ៍ក៏ពិតមែន ប៉ុន្តែងារជាម្ចាស់អចលនទ្រព្យនៅក្នុងប្រទេសជឿនលឿនទាំងនេះ បានបង្ហាញថាពួកគេមានសមត្ថភាព និងភាពខ្ពង់ខ្ពស់គួរឱ្យស្ងើចសរសើរ។
៣. ចំនាកស្រុក
ហេតុផលផ្សេងទៀតដែលធ្វើឱ្យជនជាតិចិនទិញអចលនទ្រព្យនៅក្រៅប្រទេស គឺដោយសារតែពួកគេមានគម្រោងធ្វើចំណាកស្រុក ដូច្នេះហើយពួកគេទិញអចលនទ្រព្យទុកជាមុនឱ្យហើយ ដើម្បីជៀសវាងចំនាយប្រាក់ទៅលើថ្លៃជួល។
ថ្វីត្បិតតែនៅក្នុងប្រទេសចិន រដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតី ស៊ឺ ជីងពីង បានរិះរកគ្រប់មធ្យោបាយដើម្បីបង្កើនការងារដល់ប្រជាជននៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែទីផ្សារក្នុងស្រុកនៅតែមានភាពតូចចង្អៀត និងមានការប្រកួតប្រជែងខ្ពស់ ដោយសារតែប្រជាជននៅក្នុងប្រទេសនេះមានចំនួនច្រើនពេក។
ដូច្នេះដើម្បីទទួលបានឱកាសការងារច្រើនជាងមុន មានជនជាតចិនជាច្រើនដែលសម្រេចចិត្តចេញទៅប្រកបអាជីវកម្ម ឬធ្វើការងារនៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសដែលត្រូវការកម្លាំងពលករសកម្មជាដើម។
៤. បន្តការសិក្សា
តាមរយៈទិន្នន័យពីគេហទំព័រក្រសួងអប់រំរបស់សាធារណរដ្ឋប្រជាមានិតចិន មកទល់ឆ្នាំ២០១៨ ខែមេសា មាននិស្សិតចិនប្រមាណ ១,៤៥៤,១០០នាក់ ដែលបានសិក្សា និងបន្តការសិក្សានៅឯក្រៅប្រទេស។
ក្នុងនោះ ក្រៅពីនិស្សិតដែលទៅសិក្សាដោយអាហារូបករណ៍ និស្សិតដែលទៅបន្តការសិក្សាដោយខ្លួនឯង (ជាពិសេសនៅប្រទេសលោកខាងលិច) តែងត្រូវបានឳពុកម្តាយរបស់ពួកគេទិញផ្ទះ ឬអាផាតមិនសម្រាប់ឱ្យពួកគេស្នាក់នៅតែម្តង។ ក្នុងនោះ សហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសសុទ្ធតែជាប្រជាជនដែលឳពុកម្តាយជនជាតិចិនដែលមានជីវភាពធូរធារនិយមបញ្ជូនកូនទៅបន្តការសិក្សា។
តាមការបង្ហាញពីលោក ទៅកាន់សារពត៌មាន ក៏បានឱ្យដឹងបន្ថែមទៀតថា និន្នាការដែលជនជាតិចិនទិញអចលនទ្រព្យនៅក្រៅប្រទេសគ្រាន់តែជាចំនុចចាប់ផ្តើមប៉ុណ្ណោះ ពោលគឺបើប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលជនជាតិចិនបានចំនាយប្រាក់ទិញអចលនទ្រព្យសរុបប្រមាណ ៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ ចំនួននេះនឹងកើនឡើងរហូតទៅដល់ ២០០ ពាន់លានដុល្លារសហរដ្ឋអាមេរិចនៅរយៈពេល១០ឆ្នាំខាងមុខ។
គូសបញ្ជាក់ផងដែរថាមិនខុសពីប្រទេសដទៃនៅលើពិភពលោកនោះទេ ប្រទេសកម្ពុជាសព្វថ្ងៃក៏កំពុងស្វាគមន៍វិនិយោគិនជនជាតិចិនដែលចូលមកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យក្នុងចំនួនមួយគួរឱ្យគត់សម្គាល់ផងដែរ ដោយក្នុងនោះយើងឃើញថា មូលហេតុចម្បងដែលទាក់ទាញពួកគេឱ្យចូលមកក្នុងប្រទេសកម្ពុជានេះគឺដើម្បីការវិនិយោគតែម្តង៕
ដៃគូសហការ៖ www.realestate.com.kh