រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បង្ហាញសមិទ្ធផលសំខាន់ ២ជុំវិញវិស័យឌីជីថលនៅកម្ពុជា​



នាព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសនៃសន្និសីទនិងពិព័រណ៍ឌីជីថលកម្ពុជា២០១៩ ដែលជាកម្មវិធីថ្នាក់ជាតិលើកទីមួយនៅកម្ពុជា ឯកឧត្តម ត្រាំអុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហាញនូវសមិទ្ធផលសំខាន់ចំនួន២ ទាក់ទងនឹងវិស័យឌីជីថលនៅកម្ពុជា។

សមិទ្ធផលសំខាន់ទី១ ឯកឧត្តមបានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្ពុជា ឯកឧត្តមមានប្រសាសន៍ថាបណ្ដាញ និងសេវាគ្របដណ្ដប់នៃខ្សែកាបឧបទិក នឹងត្រូវបាន ពង្រីកវិសាលភាពជាង៥០ ០០០ គីឡូម៉ែត្រ ដោយបានភ្ជាប់ទីក្រុងភ្នំពេញទៅនឹងបណ្ដាស្រុកទាំងអស់ក្នុងប្រទេស ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២០។

ឯកឧត្តមបន្តថាកាលពីឆ្នាំ២០១៧ កម្ពុជាបានសម្រេចហេដ្ឋារចនាសម្ព័ន្ធខ្សែកាបបាតសមុទ្យចំនួន២គឺ MCT (Malaysia, Cambodia, Thailand) នឹង AAE-1 (Asia Africa-Europe-1) ជាខ្សែកាបអន្តរទ្វីបដំបូងគេនិងជាប្រវត្ដិសាស្ត្រសំរាប់កម្ពុជា។

សមទ្ធិផលទី២ ឌីជីថលមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា សេដ្ឋកិច្ចពិភពលោកកំពុងតែប្រែប្រួលទៅជាសេដ្ឋកិច្ចឌីជីថល ដូច្នេះតម្រូវឱ្យយើងមានចំណេះដឹងនិងជំនាញថ្មីៗដើម្បីត្រៀមក្នុងការប្រកួតប្រជែង។

ឯកឧត្តមបន្តទៀតថា ការត្រៀមខ្លួនផ្នែកបច្ចេកវិទ្យារបស់កម្ពុជានៅមានកម្រិតទាបនៅឡើយ ដូច្នេះគោលនយោបាយទូរគមនាគមន៍ ICT ២០២០ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០២៥ បានរួមគ្នាប្រមូលផ្តុំរាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការអន្តរជាតិនានា ជំរុញឱ្យកម្ពុជាចូលទៅក្នុងចំណេះដឹងសេដ្ឋកិច្ច៕

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន

X
5s