ដែន ឡក់៖ រឿង ៧ យ៉ាងដែលអ្នកមានតែងធ្វើជារឿយៗ​



ការដែល​មនុស្ស​ម្នាក់​អាច​ក្លាយ​ជា​អ្នក​មាន​ មិន​មែន​សុទ្ធ​តែមកពី​ព្រេង​វាសនា ឬសំណាងដែលជាអ្នកកំណត់ ឬ​តម្រូវ​​ឲ្យ​ម្នាក់នោះក្លាយ​ជា​អ្នកមានដោយ​ងាយៗស្រួល​ឡើយ។ ជាក់​ស្តែង​វា​កើត​មក​ពីការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​អ្វី ដែល​ជា​ការ​រំពឹង​របស់​ពួកគេ។ ដែន​ ឡក់ អ្នក​ប្រឹក្សា​ធុរកិច្ច​រយ​លាន​​ បាន​បង្ហាញពី​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​មាន​តែង​ធ្វើជារឿយៗ៖

១) អាន​សៀវភៅ៖ អ្ន​កមាន​ អ្នកដែល​ជាសហគ្រិន​ល្បី​ៗធំៗ តែង​មាន​ទម្លាប់​អាន​សៀវ​ភៅ​ជានិច្ច ខណៈដែល​អ្នកក្រ ឬ​អ្នក​ដទៃចូល​ចិត្ត​ធ្វើរឿង​អ្វី​ផ្សេងៗ ដូចជា​ការ​មើល​ទូរទស្សន៍ ចេញ​ទៅ​មើល​កុន​ ជួប​ជុំ​គ្នា​ស៊ី​ផឹក។ អ្នក​មាន​អាន​សៀវភៅ​ស្ទើរគ្រប់​ប្រភេទ​ដើម្បី យកវា​មក​អនុវត្ត​ក្នុ​ងការ​ប្រកប​របរ ឬ​ទុក​វា​ជា​ទិន្នន័យ​ដើម្បីបទពិសោធន៍​ជីវិត​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ​ជាង​មុន។

២) ​​​អ្វី​​ដែល​​គេទទួល​គឺបាន​មកពី​អ្វី​ដែល​គេ​បាន​សាង​​៖ គ្រប់​គ្នា​តែង​គិត​ថាត្រូវ​តែខិត​ខំ​រៀន​សូត្រឲ្យ​បាន​ខ្ពស់ រក​ការ​ងារ​ធ្វើ​ដែល​អាចទទួល​បាន​ប្រាក់​ខែ​ច្រើនដើម្បីក្លាយ​ជាអ្នក​មាន​​។ តែអ្នក​មាន​តែង​គិត​ថា​ការ​រៀន​សូត្រគឺ​សំខាន់ តែ​អ្វី​ដែលសំខាន់ជាង​នោះគឺរៀន​ពី​អ្វីដែលនៅ​ជុំ​វិញ​ខ្លួន​ឲ្យ​បាន​ច្រើន​​ ហើយ​ព្យាយាម​ផ្លាស់​ប្តូរ​ខ្លួនពី​ការ​រក​កម្រៃ​ត្រឹម​តែ​ប្រាក់​ខែ​ មក​ជា​ការ​បន្ថែម​ចំណូល​តាម​ការ​វិនិយោគ​លើអាជីវកម្ម​ផ្ទាល់​ខ្លួន។ ព្យាយាម​ស្វែង​រក​អ្វី​ដែលជា​តម្រូ​វការ​របស់​មនុស្ស​ជុំ​វិញ​ខ្លួន​ ក៏​ដូចជា​អតិថិជន​ហើយ​កែប្រែ​ការ​បំពេញ​ចិត្តរបស់​អតិថិជន​​នោះ​ទៅ​ជា​លុយ​​​​របស់​ខ្លួន។

៣) ​ភាព​ទទួល​ខុស​ត្រូវ​៖ អ្នក​មាន​តែង​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ ខណៈដែល​អ្នក​ដទៃ​តែង​ធ្វើការ​ដាក់​បន្ទុក​នូវ​ភាព​បរាជ័យ​របស់​ខ្លួន​ទៅ​លើ​ពិភពលោក​ទាំង​មូល ឬ​បន្ទោស​ឪពុក​ម្តាយ​ បង​ប្អូន អ្នក​ជុំ​វិញ​ខ្លួន​ថា​មក​ពី​គេ​ទើប​ខ្លួន​បរាជ័យ។ ការ​ដែល​អ្នក​មាន​ទទួល​ស្គាល់​នូវ​អ្វីដែលជាកំហុស​ខ្លួន​ព្រោះ គេ​នឹង​យក​កំហុស​នោះ​ធ្វើ​ជា​បទពិសោធន៍ ជា​មេរៀន​ទៅ​ថ្ងៃ​ខាង​មុខ។​

៤) វិនិយោគ​៖ អ្នក​មាន​តែង​ប្រើ​ប្រាស់​លុយ​កាក់ ទ្រព្យ​សម្បត្តិ​ដែលពួកគេ​មាន​ទៅ​វិនិយោគ​ ធ្វើ​ឲ្យ​លុយ​បង្កើត​លុយ​ជាជាង​ឱបក្រសោប​លុយ​កាក់ដោយ​មិន​ធ្វើអ្វីសោះ។ ពួកគេមិនចំណាយប្រាក់ដែលគេមានទៅ​លើ​ការ​ផឹក​កាហ្វេដូចជា Starbuck គ្រប់​ពេល ឬទិញតែ​របស់​របរ​ brand រហូត​នោះ​ដែរ គេ​តែង​គិត​គូរ​ណាស់​ពី​ការ​ចំណាយ ការសន្សំ ការ​បណ្តាក់​ទុន​វិនិយោគ​គ្រប់​ពេល​វេលា។

៥) រៀន​បន្ថែម៖ មនុស្សធម្ម​តាតាំង​ខ្លួន​ជា​កែវ​ដែលមាន​ទឹក​ពេញ ចេះ​ដឹង​គ្រប់​រឿងគ្រប់​រ៉ាវ​ ពូកែ​សព្វ​មុខ នឹង​ដឹង​រឿង​ក្នុង​លោក​នេះ​គ្មាន​ចន្លោះ​កន្លែង​ណាទេ មិន​ត្រូវ​ការ​ការ​អភិ​វឌ្ឍ​ខ្លួន​បន្ថែម​អ្វីទៀត​ឡើយ។​ ដោយ​ឡែក​អ្នក​មាន​ពិត​ប្រាកដតែង​តាំង​ខ្លួន​ជា​មនុសុ្ស​ទឹក​កន្លះកែវគេ​ត្រូវកា​រការ​ចាក់​បំពេញ​បន្ថែម​នូវចំណេះ​ដឹង​​​​​ ពួក​គេ​មាន​ជំនាញ​ណាស់​ក្នុ​ង​ការ​សួរ​ និងស្តាប់​រឿង​ល្អៗ ហើយ​យក​រឿង​ល្អ​ៗទាំង​នោះ​មក​អភិ​វឌ្ឍ​ខ្លួន​បន្ថែម។

៦) ពួក​គេ​គិតកើត​មក​ជា​អ្នក​ក្រ​វា​មិន​ខុស​ទេ តែ​បើ​អ្នក​ស្លាប់​ទៅវិញ​នៅតែក្រ​ទើបជារឿង​ខុស៖ មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​គិត​ថា​អ្នក​មាន​ កើត​មក​គឺ​មាន​ស្រាប់ មិនឲ្យ​គេ​មាន​យ៉ាង​ម៉េច​បើ​ឪពុក​ម្តាយ​ ជីដូន​ជីតា​គេ​ជាអ្នកមាន។ តែពួ​កគេ​ភ្លេច​គិត​ថា​ ការ​ដែល​បានក្លាយជាអ្នក​មានពិត​ប្រាកដ​ព្រោះតែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​គំ​និត​វិនិយោគ​របស់​អ្នក​មាន​ទៅ​វិញ។ អ្នក​ក្រគិត​ថាទោះ​ខំ​យ៉ាង​ណា​ក៏​មួ​យ​ជាតិ​នេះ​មិនអាច​ក្លាយ​ជាអ្នក​មាន​បានដូច​គេ​ដែរ ព្រោះ​ខ្លួន​មិនស្គាល់​អ្នកនេះមិនស្គាល់​អ្នក​នោះ​ ហើយ​ដេក​ចាំ​ព្រេង​សំណាងដោយ​គ្មាន​ខិត​ខំប្រឹង​ប្រែង​អ្វីសោះ។ កុំ​ភ្លេច​ថា​មនុស្ស​ម្នាក់​ៗ​មិនអាច​រើស​កំណើត​បាន​ឡើយ តែ​បើ​កើត​មក​ហើយ​ដឹង​ក្តី​ហើយ​គេអាចរើស​ផ្លូវ​ដើរ​ដើម្បី​ទៅ​ដល់​ជីវិត​ប្រសើរ​មួយបាន។

៧) អ្នក​មានគិត​ថាជីវិតគឺជារបស់​គេ៖ ពេល​ខ្លះ​អ្នក​អាចឃើញ​អ្នកមាន​មួយ​ចំនួន​ទិញឆ្នោត ឬចូល​​លេងក្នុ​ងកាស៊ី​ណូ​នានាដោយ​ចំណាយលុយ​អស់ច្រើន​ តែ​ពួក​គេ​គិត​ថា​វា​ជា​ក្តី​សុខ​មួយ​ផ្នែក​ដែល​គេ​ត្រូវ​ចំណាយ​សម្រាប់​ខ្លួន​ឯង​ខ្លះ​។ ពួក​គេ​ទិញ​ផ្ទះ​ ទិញ​ឡាន ធ្វើ​ដំណើរ​កំសាន្ត​នានាក្នុ​ងប្រទេស ក្រៅ​ប្រទេស ធ្ចើ​អ្វី​ផ្សេងៗទៀត​ដែលពួក​គេចង់​បាន​ ហើយ​គេ​ក៏​មិន​ចុះ​ចាញ់​នូវ​ទុក្ខ​លំបាក​នានា​ដែរ ដោយ​សារ​នេះគឺជាជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ៕

ដោយ៖ យ៉ាយ៉ា
ប្រភព៖ YouTube Blue O’clock

X
5s