ជប៉ុនផ្ដល់ថវិកាជាង២៦ម៉ឺនដុល្លារ ដល់កម្ពុជាលើគម្រោងអភិវឌ្ឍន៍ចំនួន៣
ថវិកាចំនួន ២៦២ ៧៥០ ដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលជប៉ុនឯកភាពផ្ដល់ជូនមកកម្ពុជា លើគម្រោងអភិវឌ្ឍន៍ចំនួន៣ ក្រោមគ្រោងការណ៍នៃជំនួយឧបត្ថមភ្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិជំនួយគូសាណូណិ។
កិច្ចសន្យាផ្ដល់ជំនួយនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា។ ក្នុងនោះថវិកាចំនួន ៨៩១១២ដុល្លារអាមេរិក សម្រាប់គម្រោងស្ដារឡើងវិញប្រព័ន្ធធារាសាស្រ្តអូរស្នូកខេត្តបន្ទាយមានជ័យ ទឹកប្រាក់ ៨៨៩៣៥ដុល្លារអាមេរិក សម្រាប់គម្រោងស្ដារឡើងវិញប្រព័ន្ធធារាសាស្រ្តបឹងខ្ញុំ ខេត្តបាត់ដំបង និងថវិកាចំនួន ៨៨៧០៣ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកបន្ថែមបរិក្ខាសាលារៀន និងដំឡើងសម្ភារបណ្ដុះបណ្ដាលក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ ខេត្តបាត់ដំបង។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានឲ្យដឹងថា គម្រោងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តបឹងខ្ញុំ និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៅក្នុងតំបន់នោះជាង២៣០គ្រួសារ មានទឹកធ្វើស្រែ និងបង្កើនទិន្នផលធ្វើកសិកម្ម។ ចំណែកលោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានលើកឡើងថា ប្រជាជនក្នុងតំបន់ជាង១ ៣០០នាក់ និងទទួលបានអត្ថប្រយោជន៍ពីគម្រោងស្ដារឡើងវិញប្រព័ន្ធធារាសាស្រ្តអូរស្នូក៕
ប្រភព៖ AKP ដោយ៖ ជួប ស្រីរ័ត្ន