នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសថា សុខចិត្តឈរនៅខាងចិនប្រសើរជាងឈរនៅខាងអាមេរិកក្នុងបញ្ហាសង្គ្រាមពាណិជ្ជកម្ម​



ថ្មីៗនេះនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីលោក Mahathir Mohamad បានប្រកាសប្រាប់កាសែត South China Morning Post ថាបើសិនជាប្រទេសម៉ាឡេស៊ីត្រូវបង្ខំចិត្តជ្រើសរើសម្ខាងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺលោកសុខចិត្តឈរនៅខាងប្រទេសចិនប្រសើរជាងឈរនៅខាងអាមេរិក។ ទោះបីជាកន្លងមកនាយកមន្ត្រីមួយរូបនេះបានធ្វើការរិះគន់ពីឥទ្ធិពលរបស់ប្រទេសចិនពាក់ព័ន្ធនឹងការធ្វើវិនិយោគនៅក្នុងប្រទេសខ្លួនក៍ដោយ ប៉ុន្តែលោកយល់ឃើញថាប្រទេសចិនគឺជាប្រទេសមហាសេដ្ឋកិច្ចដែលអាចផ្ដល់ឱកាសធំៗជាច្រើនដល់វឌ្ឍនភាពរបស់សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី។ ម្យ៉ាងទៀតប្រទេសចិនគឺមានចំណងមិត្តភាពស្និទ្ធជាមួយប្រទេសម៉ាឡេស៊ីដែលអាចឲ្យប្រទេសនេះមានឱកាសច្រើនក្នុងការសម្របខ្លួនទៅតាមការរីកលូតលាស់របស់សេដ្ឋកិច្ចប្រទេសចិនផងដែរ។ លោកបានបន្តទៀតថាប្រទេសអាស៊ានគ្រប់ប្រទេសសុទ្ធតែមានសិទ្ធរៀងៗ ខ្លួនក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសចិន។ ប៉ុន្តែការសម្រេចចិត្តរបស់ប្រទេសទាំងនេះគឺស្ថិតទៅលើអ្វីដែលពួកគេបានយល់ឃើញពីអត្តចរឹតនិងសកម្មភាពរបស់ប្រទេសចិននិងប្រទេសអាមេរិកនាកន្លងមកនេះ។ តួយ៉ាងសហរដ្ឋអាមេរិកមួយរយៈនេះបានបង្ហាញពីអត្តចរឹតនិងសកម្មភាពដែលមិនគួរឲ្យទុកចិត្តបានព្រោះប្រទេសមួយនេះអាចមានការផ្លាស់ប្ដូរចិត្តបានគ្រប់ពេលដែលខុសពីអ្វីដែលបានរំពឹងទុក។ ចំណែកឯប្រទេសចិនសព្វថ្ងៃវិញកំពុងតែព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនជុំវិញពិភពលោក ប៉ុន្តែមិនមែនព្យាយាមបង្កើតអាណាចក្រឬចង់គ្រប់គ្រងប្រទេសណាទេ។ អ្វីដែលប្រទេសចិនកំពុងអនុវត្តគឺព្យាយាមប្រើសន្ទុះនៃការលូតលាស់សេដ្ឋកិច្ចរបស់ខ្លួនដើម្បីបន្តទទួលបានវឌ្ឍនភាពសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងថែមទៀត។ ហើយថ្មីៗនេះ នេះមានរឿងក្ដីដែលប្រទេសអាមេរិកធ្វើការចោទក្រុមហ៊ុនអេឡិចត្រូនិចដ៍ធំ Huawei របស់ប្រទេសចិនថារដ្ឋាភិបាលចិនបានប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុននេះក្នុងការលួចសើបការណ៍ផ្ទៃក្នុងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ហើយក្រុមហ៊ុនយក្យនេះបានធ្វើការបដិសេធលើការចោទប្រកាន់នេះ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Mahathir Mohamad បានប្រាប់ថា ប្រទេសម៉ាឡេស៊ីមិនមានសង្កេតឃើញបញ្ហានេះដូចអាមេរិកលើកឡើងឡើយ។ ដូចនេះគឺគ្មានផលប៉ះពាល់អ្វីដល់សុវត្ថិភាពរឿងផ្ទៃក្នុងរបស់ប្រទេសម៉ាឡេស៊ីទេ។ តែអ្វីដែលលោកទទួលស្គាល់នោះគឺបច្ចេកវិទ្យារបស់ប្រទេសចិនសព្វថ្ងៃមានការរីកចម្រើនស៊ីដាច់ប៉ែកលោកខាងលិច។ ហេតុនេះហើយបានជាលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមានការទុកចិត្តលើប្រទេសចិនច្រើនជាងសហរដ្ឋអាមេរិកដោយសារតែសន្ទុះលូតលាស់យ៉ាងខ្លាំងនៃសេដ្ឋកិច្ចប្រទេសចិនដែលអាចនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសម៉ាឡេស៊ី។ ហើយលោកមិនព្រមឈរកាន់ជើងសហរដ្ឋអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្មនេះដោយសារលោកមើលឃើញចំណុចអវិជ្ជមានមួយចំនួនរបស់ប្រទេសនេះ៕ ដោយ៖ នឿន វណ្ណៈ
X
5s