អស់ពីរថភ្លើងក្រោមដីនៅហូជីមីញ កូរ៉េខាងត្បូងដាក់ស្នើគម្រោងផ្លូវដែក៣ពាន់លានដុល្លារ ទៀតនៅដាណាង
វៀតណាមមួយរយៈពេលចុងក្រោយនេះហាក់បីដូចជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ជាច្រើន ពោលគឺពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យដោយសារតែឃើញមានវត្តមាន និងសកម្មភាពជាច្រើនទាក់ទាញនឹងការអភិវឌ្ឍមិនថានៅក្នុងទីក្រុងក៏ដូចជាតាមបណ្តាខេត្ត។
រូបតំណាង
យោងតាមសារពត៌មានវៀតណាម VN Express International បានបង្ហាញឱ្យដឹងថាក្រុមហ៊ុន South Korea’s Seoul Metro Corporation ទើបតែដាក់គម្រោងផ្លូវដែកដាណាងជូនទៅកាន់រដ្ឋាភិបាលវៀតណាមដោយគម្រោងនេះនឹងមានផ្លូវរថភ្លើងក្រោមដី (Metro) ចំនួន ២ខ្សែ និងរថភ្លើងខ្សែកាប (Tramway) ចំនួន៨ខ្សែ។ ផ្លូវដែកក្នុងខេត្តដាណាងនេះនឹងគ្របបណ្តប់ទៅលើតំបន់កណ្តាលនៃទីប្រជុំជន ពោលគឺផ្លូវនេះនឹងភ្ជាប់ឆ្នេរសមុទ្រ អាកាសយានដ្ឋាន និងផ្លូវសំខាន់ៗទាំងអស់ក្នុងគោលបំនងបម្រើឱ្យគ្រប់តម្រូវការរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាអ្នកទេសចរណ៍ដែលមកកំសាន្តនៅទីនោះ (នេះបើតាមការបង្ហាញពីគណៈកម្មការប្រជាជនដាណាង ឬ (Da Nang People's Committee)។ តាមការប៉ាន់ស្មានគម្រោងដែលដាក់ស្នើដោយក្រុមហ៊ុនកូរ៉េខាងត្បូងនោះបានឱ្យដឹងថាគម្រោងផ្លូវដែកនេះនឹងអាចចំណាយអស់ទឹកប្រាក់ប្រមាណ ៣.១៤ពាន់លានដុល្លារអាមេរិក (ប៊ីលាន) ដោយគម្រោងនេះគឺមានតម្លៃថ្លៃជាងគម្រោងរថភ្លើងក្រោមដីនៅឯទីក្រុងហូជីមីញទៅទៀត។ ក្នុងនេះ ទឹកប្រាក់ប្រមាណ$២.៣៦៤ពាន់លានដុល្លារអាមេរិក (ប៊ីលាន) នឹងត្រូវចំណាយទៅលើផ្លូវក្រោមដីពីទិសខាងកើតទៅខាងលិច ដែលភ្ជាប់ទីប្រជុំជនទៅនឹងសួនឧស្សាហកម្មដែលស្ថិតនៅភាគខាងជើងឆៀងខាងលិចនៃទីក្រុងដោយសារតែតម្រូវការចរាចរណ៍តាមខ្សែមួយនេះមានច្រើនបំផុត។ ខ្សែនេះមានប្រវែងសរុប១៧.២គីឡូម៉ែត្រ។ ចំណែកឯផ្លូវខ្សែកាបវិញទាំង២ខ្សែវិញនឹងមានប្រវែង១៣.៤គីឡូម៉ែត្រ លាតសន្ធឹងពីតំបន់កំសាន្តឆ្នេរសមុទ្រមីខេ (My Khe) ទៅកាន់ទីប្រជុំជនដាណាងដែលនឹងចំណាយប្រាក់អស់ $២៤៥លានដុល្លារអាមេរិក។ រីឯ ខ្សែទី២ដែលភ្ជាប់ពីឆ្នេរសមុទ្រ ទៅកាន់អាកាសយានដ្ឋាននឹងមានប្រវែងសរុប ៨.១២៤គីឡូម៉ែត្រ និងចំណាយអស់ទឹកប្រាក់$២០៩លានដុល្លារ។ ថ្វីបើគម្រោងផ្លូវរថភ្លើងក្រោមដីនិងរថភ្លើងខ្សែកាបនេះត្រូវបានស្នើរដាក់ឱ្យមានការសម្រេចក៏ពិតមែន ប៉ុន្តែគម្រោងរថភ្លើងខ្សែកាបនឹងត្រូវផ្តល់អទិភាពឱ្យសាងសង់មុនគេបង្អស់ ដោយសារតែវត្តមានរបស់គម្រោងមួយនេះនឹងអាចកាត់បន្ថយបញ្ហាចរាចរណ៍បានយ៉ាងច្រើន ខណៈដែលផលប៉ះពាល់ និងថវិការចំណាយមិនសូវខ្ពស់ដូចជាផ្លូវរថភ្លើងក្រោមដីនោះទេ។ ក្រៅពីគម្រោងអភិវឌ្ឍន៍ដ៏សម្បើមនេះទៀតនោះ អគ្គនាយករងនៃគណៈកម្មការប្រជាជនដាណាងក៏បានមានប្រសាសន័បន្ថែមលើនេះផងដែរថា៖ ”ក្រុមការងាររបស់លោកបានកំពុងតែសហការគ្នាយ៉ាងជិតស្និតជាមួយនឹងដៃគូរពាក់ព័ន្ធទាំងរដ្ឋ និងឯកជនយ៉ាងច្រើនទៀតដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបានគោលការណ៍អភិវឌ្ឍន៍ដាណាងពីពេលនេះរហូតដល់ឆ្នាំ ២០៤៥។” ដូច្នេះមិនយូរនោះទេ ប្រទេសវៀតណាមនឹងក្លាយមុខមាត់ពីប្រទេសដែលក្របំផុតនៅក្នុងពិភពលោកមួយ ទៅជាប្រទេសអភិវឌ្ឍន៍ដែលពោរពេញទៅដោយអគារ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងទំនើបជាមិនខាន៕ ដៃគូសហការ៖ www.realestate.com.kh