របស់​ ៥ យ៉ាង​ ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​វិនិយោគ​ឲ្យ​បាន​ច្រើន​បំផុត​នៅ​អាយុ​ខ្ទង់ ៣០​



ជីវិត​របស់​​មនុស្ស​ម្នាក់ៗ​​ខ្លី​ណាស់​ ហើយ​ពេលវេលា​របស់​​ក៏​មាន​កម្រិត​ដែរ​។ ប្រសិន​បើ​អ្នក​មិន​បាន​ចំណាយ​ពេល​វេលា​របស់​​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ នេះ​មានន័យថា​​អ្នក​កំពុង​ខ្ជះខ្ជាយ​ជីវិត​របស់​អ្នក​ហើយ​។ ហេតុដូច្នេះ​ហើយ​ដើម្បី​ធានា​ថា វិថី​ជីវិត​របស់​អ្នក​​មាន​អនាគត​មួយ​ដ៏​ល្អ ​អ្នក​គួរ​វិនិយោគ​ពេលវេលា​របស់​អ្នក​មក​ធ្វើ​រឿង​សំខាន់ៗ​ចំនួន ៥ ខាងក្រោម​នេះ៖

១.វិនិយោគ​លើ​សុខភាព មិន​ថា​អ្នក​ធ្វើ​អ្វី​ក៏ដោយ​ នៅ​ក្នុង​​មួយ​ឆាក​ជីវិត​របស់​អ្នក ​អ្នក​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​សុខភាព​​ខ្លួន​ឯង អ្នកដទៃ​មិន​អាច​​មក​ដេក​ឈឺ​​លើ​កន្ទេល​ជំនួស​អ្នក​បាន​ឡើយ មានតែ​អ្នក​ប៉ុណ្ណោះ​។ ដូច្នេះ​​រាល់​សកម្មភាព​​ដែល​ជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​ អ្នក​ត្រូវ​​យកចិត្ត​ទុកដាក់​លើ​សុខភាព​ជា​រឿង​សំខាន់។ ឈប់​​បរិភោគ ឬ​ទទួល​ទាន​​អាហារ​​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សុខភាព ហើយ​ងាក​មក​ហាត់ប្រាណ​លេង​កីឡា​​ឲ្យ​បាន​ច្រើន វា​នឹង​ហុច​ផល​អ្នក​នៅ​ពេល​អ្នក​ចាស់​ទៅ។

២.វិនិយោគ​លើ​​​​គំនិត និង​ចំណេះដឹង ការ​វិនិយោគ​សំខាន់​បំផុត​មួយ​ទៀត គឺ​ចំណេះដឹង​ និង​ការ​គិត​របស់​អ្នក។ អ្នក​ត្រូវ​មាន​គំនិត​​ល្អ គំនិត​ខ្លាំង គំនិត​ទូលំទូលាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ទើប​អាច​សម្រប​ខ្លួន​ទៅ​នឹង​​ចរន្ត​សកលភាវូបនីយកម្ម​របស់​ពិភពលោក។ ដើម្បី​អាច​ទទួល​បាន​​ចំណេះដឹង អ្នក​ត្រូវ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ក្នុង​ការ​​អភិវឌ្ឍ​ជំនាញ​ទន់ និង​ជំនាញ​រឹង​ឲ្យ​កាន់តែ​ខ្លាំង​តាមរយៈ​ការ​សិក្សា​ស្រាវជ្រាវ អាន វិភាគ សរសេរ ចូលរួម​សិក្ខាសាលា ​ការ​បណ្តុះបណ្តាល និង​រៀន​ធ្វើ​អ្វីៗ​ដែល​ថ្មី​ជា​ដើម​ឲ្យ​បាន​កាន់តែ​ច្រើន។

៣.វិនិយោគ​លើ​មនុស្ស​ជា​ទី​ស្រលាញ់​ មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក គ្រួសារ ​មិត្តភក្ដិ​ ឬ​​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​គឺ​មាន​ឥទ្ធិពល​ដល់​ភាព​ជោគជ័យ​របស់​អ្នក។ ពួកគេ​អាច​ជា​អ្នក​លើកទឹកចិត្ត ផ្តល់​ដំបូន្មាន ឬ​ណែនាំ​​អ្នក​ឲ្យ​កាន់តែ​ជោគជ័យ​ក្នុង​ជីវិត។ ដូច្នេះ​នៅ​ក្នុង​ជីវិត​​គ្រួសារ សូម​​ចំណាយ​​ពេល​ជ្រើសរើស​ដៃគូ​​ជីវិត​ដែល​​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ។ ចំណាយ​ពេល​នៅ​ជាមួយ​ពួកគេ​ យកចិត្ត​ទុកដាក់​ចំពោះ​ពួកគេ ចែករំលែក​ និង​ផ្តល់​ក្តី​ស្រលាញ់​​ទៅ​ឲ្យ​ពួកគេ​ឲ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​បាន។

៤.វិនិយោគ​លើ​ចំណេះដឹង​ហិរញ្ញវត្ថុ ប្រធាន​បទ​​ដែល​និយាយ​ពី​ "លុយ” មាន​នៅ​ក្នុង​ខ្លួន​មនុស្ស​គ្រប់គ្នា។ ប៉ុន្តែ​ភាព​មាន​បាន មិនមែន​សុទ្ធតែ​កើត​មាន​ឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា​ឡើយ ហើយ​បើ​អ្នក​មិន​វិនិយោគ​លើ​ចំណេះដឹង​ហិរញ្ញវត្ថុ ថ្ងៃ​ណា​មួយ​អ្នក​នឹង​អាច​ធ្លាក់​​ខ្លួន ឬ​ពិបាក​ងើប​ផុត​ពី​ភាព​ក្រីក្រ​​ផង​ដែរ។ នេះ​ជា​មូលហេតុ​សំខាន់​ដែល​អ្នក​ត្រូវ​មាន​ចំណេះដឹង​​ហិរញ្ញវត្ថុ។ អ្នក​គួរ​រៀន​វិនិយោគ​​លុយ​ឲ្យ​បង្កើត​លុយ រៀន​រកស៊ី​បង្កើត​ប្រភព​ចំណូល​ឲ្យ​កាន់តែ ច្រើន​ដូច​ជា វិនិយោគ​លើ​ភាគហ៊ុន អចលនទ្រព្យ បើក​ជំនួញ និង​បង្កើត​មុខ​របរ​ផ្សេងៗ​ទៀត​​​ដោយ​មិន​ពឹង​លើ​ប្រាក់ខែ​មួយមុខ។

៥.វិនិយោគ​លើ​ការ​​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​​ អ្នក​ត្រូវ​បង្កើត​វប្បធម៌​ជោគជ័យ​មួយ​ឲ្យ​​ខ្លួន​ឯង​ដើម្បី​​​ធ្វើ​ជា​មនុស្ស​ដែល​ពូកែ​ខាង​បង្កើត​បណ្ដាញ​​ទំនាក់ទំនង ជាមួយ​អ្នកដទៃ។ អ្នក​ត្រូវ​រៀន​សួរ​សំណួរ រៀនស្តាប់ និង​រៀន​យក​ចិត្ត​ទុក​ដាក់​​លើ​អ្នកដទៃ​ដោយ​ស្មោះត្រង់។ ​ នៅពេល​អ្នក​បង្កើត​ទំនាក់ទំនង​វិជ្ជមាន​បែបនេះ​ហើយ​ជីវិត​អ្នក​នឹង​មើល​ឃើញ​វិសាលភាព ​និង​ជោគជ័យ​កាន់តែ​ធំ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ការ​រាប់អាន​មនុស្ស​ល្អ​ នឹង​នាំ​អ្នក​ទៅ​រក​ភាពរីកចម្រើន តែ​បើ​រាប់​អាន​មនុស្ស​អាក្រក់ អ្នក​ទៅណា​មិន​បាន​ឆ្ងាយ​ក្រៅ​ពី​បរាជ័យ​ឡើយ​៕

ប្រភព៖ Lifehack

X
5s