ចិនកំពុងបារម្ភពីលទ្ធផលការចរចាជាមួយលោក ដូណាលត្រាំ ក្នុងពេលខាងមុខស្ដីពីសង្គ្រាមពាណិជ្ជកម្ម
បច្ចុប្បន្នប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ចិននិងសហរដ្ឋអាមេរិកកំពុងតែឈរលើសមរភូមិសង្គ្រាមពាណិជ្ជកម្មដែលមិនទាន់មានដំណោះស្រាយជាផ្លូវការរវាងភាគីទាំងសងខាងនៅឡើយ។ ហើយមិនយូរមិនឆាប់នៅពេលខាងមុខមេដឹកនាំរបស់ប្រទេសទាំងពីរនឹងធ្វើការណាត់ជួបគ្នាដើម្បីធ្វើការចរចារកដំណោះស្រាយដែលមានប្រសិទ្ធភាពក្នុងការបញ្ឈប់សង្គ្រាមពាណិជ្ជកម្មនេះ។ ប៉ុន្តែលោក ស៊ីជីងពិង ដែលជាមេដឹកនាំរបស់ប្រទេសចិនកំពុងតែដេកមិនលក់បក់មិនល្ហើយដោយមានការបារម្ភជាខ្លាំងលើលទ្ធផលនៃកិច្ចចរចាខាងមុខជាមួយនឹងមេដឹកនាំរបស់សហរដ្ឋអាមេរិក ដូណាលត្រាំព្រោះថាលោក ស៊ីជីងពិង ខ្លាចថាលទ្ធផលនៃការសំណេះសំណាលនោះមិនដូចអ្វីដែលរដ្ឋាភិបាលកុម្មុនីសបានរំពឹងទុក។ ដូចធ្លាប់បានដឹងមកហើយកាលពីថ្មីៗ នេះដែលលោក ដូណាលត្រាំ បានធ្វើដំណើរទៅប្រទេសវៀតណាមទៅធ្វើកិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន គឺលទ្ធផលនៃកិច្ចប្រជុំខុសពីអ្វីដែលមនុស្សជាច្រើនរូបបានរំពឹងទុក។ ចុងបញ្ចប់នៃកិច្ចប្រជុំនោះមិនមានកិច្ចព្រមព្រៀងណាមួយដែលបានធ្វើឡើងរវាងប្រទេសទាំងពីរទេដោយសារលោក ដូណាលត្រាំ មិនពេញចិត្តនឹងសំណើររបស់ប្រទេសកូរ៉េខាងជើងក្នុងកិច្ចចរចានោះ។ ហើយទង្វើរបស់លោក ដូណាលត្រាំ ក្នុងកិច្ចចរចានោះបានធ្វើឲ្យលោក ស៊ី ចាប់អារម្មណ៍ជាខ្លាំង។ ដោយសារតែលោក ដូណាលត្រាំ អាចផ្លាស់ប្ដូរចិត្តគ្រប់ពេលដែលលោកមិនពេញចិត្តចំណុចណាមួយ ទើបធ្វើឲ្យលោក ស៊ី មានកូនចិត្តដេកព្រួយពីអនាគតលទ្ធផលក្នុងកិច្ចចរចាក្នុងការដោះស្រាយសង្គ្រាមពាណិជ្ជកម្មនាពេលខាងមុខ។ លោក ស៊ីជីងពិង និងថ្នាក់ដឹកនាំជាច្រើនរូបទៀតបារម្ភខ្លាចថាលោកដូណាលត្រាំមានការផ្លាស់ប្ដូរចិត្ត ប្រសិនជាមានការទើសទាល់លើចំណុចណាមួយក្នុងការចរចានោះ។ បើសិនជាកិច្ចចរចានេះមិនបានដោះស្រាយជោគជ័យដូចប្រទេសចិនបានរំពឹងទុកគឺសេដ្ឋកិច្ចចិននឹងនៅតែបន្តរងទុក្ខទៀតដោយសារតែកម្រិតពន្ធខ្ពស់ដែលអាមេរិកដាក់លើទំនិញនាំចូលរបស់ប្រទេសចិន។ ហើយបើសិនជាលទ្ធផលនេះកើតមានឡើងដូចខាងលើមែននោះគឺប្រទេសចិនដែលជាប្រទេសមួយក្នុងចំណោមប្រទេសមហាអំណាចដែលនោះ គឺនឹងរងភាពអាម៉ាស់ជាខ្លាំងព្រោះដោយសារតែទង្វើរបស់លោកដូណាលត្រាំ។ ដូចនេះហើយបានជាថ្នាក់ដឹកនាំរបស់ប្រទេសចិនបានគិតទុកមុនពីលទ្ធផលនៃកិច្ចចរចានេះដោយចង់ទាមទារយល់ដឹងពីលទ្ធផលជាឯកច្ឆន្ទជាមុនក្នុងកិច្ចប្រជុំនេះ។ គោលបំណងក្នុងការទាមទារបែបនេះគឺព្រោះថាប្រទេសចិនមិនចង់ខកចិត្តចំពោះលទ្ធផលដែលខុសពីការរំពឹងទុករបស់ខ្លួន។ ម្យ៉ាងទៀតគឺប្រទេសចិនមិនចង់ខាតពេលក្នុងកិច្ចចរចាលើសង្គ្រាមពាណិជ្ជកម្មនេះដោយសារប្រទេសចិនមិនចង់មានកិច្ចប្រជុំជាលើកទីពីរក្នុងពេលមុខលើបញ្ហាដដែលនេះ។ ដូចនេះហើយបានជាប្រទេសចិនមានការព្រួយបារម្ភបែបនេះលើកិច្ចចរចាជាមួយលោកដូណាលត្រាំក្នុងពេលខាងមុខឆាប់ៗនេះ៕ ដោយ៖ នឿន វណ្ណៈ