ជប៉ុន វិនិយោគផ្សារទំនើប AEON ៣០ កន្លែងនៅវៀតណាម ខណៈកម្ពុជាទើបតែមានគម្រោងទី០៣
ទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិកត្រូវបានបោះទុនវិនិយោគសម្រាប់សាងសង់ផ្សារទំនើប AEON ៣០ សាខានៅទូទាំងប្រទេសវៀតណាមដោយក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន និងបង្កើតការងារជាង៥ម៉ឺនកន្លែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាមកាលពីពេលថ្មីៗនេះ។
ក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ AEON ដែលជាក្រុមហ៊ុនមេរបស់ផ្សារ ទំនើប AEON បានប្រាប់ពីគោលបំណងចំពោះប្រទេសវៀតណាមថា ប្រទេសនេះជាគោលដៅវិនិយោគដ៏មានសក្តានុពលទាំងក្នុងវិស័យហិរញ្ញវត្ថុ និងការសាងសង់ផ្សារទំនើប។
បើតាមការបន្ថែមរបស់ប្រធានក្រុមហ៊ុនមេរបស់ផ្សារ ទំនើប AEON បានឱ្យដឹងថាការលក់ទំនិញ និងសេវាកម្មសរុបនៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំ២០១៨ មានការកើនឡើង ប្រមាណ ១២% ធៀបនឹងឆ្នាំមុន ហើយគំរូអាជីវកម្មនៃផ្សារទំនើប AEON ក៏ត្រូវបានទទួលស្គាល់ដោយប្រជាជនវៀតណាមទៀតផង ។
វាគឺជារឿងមួយដ៏ល្អសម្រាប់ការលក់របស់ប្រទេសវៀតណាម ព្រោះគម្រោងពង្រីកអាជីវកម្មរបស់ផ្សារទំនើប AEON នេះអាចអភិវឌ្ឍន៍វិស័យលក់រាយក្នុងស្រុករបស់ខ្លួន និងអាចនាំចេញផលិតផលវៀតណាមទៅកាន់បណ្តាញផ្សារ AEON ទូទាំងសកលលោកថែមទៀតផង ។
សូមរំលឹកផងដែរថាផ្សារទំនើបអ៊ីអ៊នទី២របស់កម្ពុជាដែលស្ថិតនៅតំបន់សែនសុខបានធ្វើឲ្យតំបន់មួយនេះមានសន្ទុះតម្លៃដីឡើងយ៉ាងខ្លាំង ហើយក៏បានស្រូបទាញការវិនិយោគថ្មីជាច្រើនមកកាន់ទីនេះផងដែរ។ កាលពីពេលថ្មីៗនេះគម្រោងផ្សារទំនើបអ៊ីអ៊នម៉លទី៣ក៏នឹងលេចចេញរូបរាងឆាប់ៗនេះផងដែរ៕
ដៃគូសហការ៖ www.realestate.com.kh