ក្រុមហ៊ុនបញ្ជាទិញផលិតផលសម្លៀកបំពាក់និងស្បែកជើងដ៏ធំពីកម្ពុជាកំពុងស្វែងរកឱកាសពង្រីកទីផ្សារបន្ថែម
លោក គ្រីស ហ៊ែលហ្សឺ (Chris Helzer) តំណាងនិងជាអនុប្រធានក្រុមហ៊ុន NIKEទទួលបន្ទុកពាណិជ្ជកម្មសាកល និងកិច្ចការរដ្ឋាភិបាលបានបង្ហាញពីមោទនភាព ដែលក្រុមហ៊ុនអាចបង្កើតការងារជូនប្រជាជនកម្ពុជាបានចំនួន ៤៥,០០០នាក់ តាមរយៈការបញ្ជាទិញសម្លៀកបំពាក់និងស្បែកជើងពីរោងចក្រជាដៃគូចំនួន៧។ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពង់ស្វែងរកឱកាសពង្រីកនៅកម្ពុជាបន្ថែមទៀត ដើម្បីនាំភាពជោគជ័យជូនប្រជាជនកម្ពុជា។ នៅក្នុងជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឆ្លើយតបនិងសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណក្រុមហ៊ុន NIKE ដែលបានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បានជម្រាបលោក គ្រីស ហ៊ែលហ្សឺ អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល, ការចរចាធ្វើពិធីកម្មទីផ្សារ, ការចូលរួមបង្កើតប្លុកពាណិជ្ជកម្មសេរី និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសដៃគូអាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបតំណាងក្រុមហ៊ុន NIKE អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការកាត់បន្ថយការិយាធិបតេយ្យ, ការជំរុញតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល, ការកាត់បន្ថយតម្លៃអគ្គិសនី និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបគម្រោងវិនិយោគធំៗ ជាដើម៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម ដោយ៖ ជួប ស្រីរ័ត្ន